ម៉ិចស៊ីកូ «ប្រើប្រាស់វិធីសាស្ត្រថ្មី កាត់បន្ថយ​ផ្សែងពុលក្នុងទីក្រុង» ដែល​កំពុង​ផ្ទុកមនុស្ស ២២លាន​នាក់នេះ!

0

 

(ម៉ិចស៊ីកូស៊ីធី)៖ ទីក្រុងម៉ិចស៊ីកូ​ស៊ីធី ដែលជាទីក្រុងមាន​ការបំពុលដ៏ខ្លាំងមួយ នៅក្នុង​ពិភពលោកនោះ បានបង្ហាញនូវរថយន្តតាក់ស៊ីប្រភេទ Hybrid ដែលនឹងធ្វើចរាចរណ៍​ជាផ្លូវការ​នៅលើដងវិថីនាពេលឆាប់ៗ និងបញ្ចេញផ្សែង​ពុល តិចជាងរថយន្តតាក់ស៊ី​ធម្មតាៗ​ដល់ទៅ ៥០ភាគរយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១៨។

 

ក្នុងអំឡុងនៃការ​តាំងបង្ហាញ​ខាងលើ អភិបាលក្រុង​ម៉ិចស៊ីកូស៊ីធី លោក មីហ្គែល អានជែល ម៉ានសេរ៉ា (Miguel Angel Mancera) បានឲ្យដឹងថា រថយន្តតាក់ស៊ី​ម៉ូដែលថ្មី​ទាំង​នេះ​ចំនួន ៥០គ្រឿង នឹងត្រូវដាក់​ឲ្យប្រើប្រាស់ក្នុងដំណាក់​កាលដំបូង នៅខែមេសា​ខាងមុខនេះ។ រដ្ឋបាលទីក្រុង​ម៉ិចស៊ីកូ កំពុងរៀបចំ​គម្រោង​ធ្វើយ៉ាងផ្លាស់ប្តូរ​រថយន្តតាក់ស៊ី ម៉ូដែល​ចាស់ៗ​ចោលឲ្យអស់ ដោយជំនួស​មកវិញនូវជម្រើស​រថយន្ត​ប្រភេទថ្មី ដែលពុំសូវបង្កផល​ប៉ះពាល់​ដល់​បរិស្ថាន និងជួយសន្សំសំចៃ​សាំងបានរហូត​ដល់ ៦០ភាគរយ។

គួរជម្រាបថា ជាមួយគ្នានេះ​ស្ថានីយបញ្ចូល​អគ្គិសនី ក៏នឹងត្រូវដំឡើង​នៅតាមតំបន់ប្រជុំជន​ជាច្រើនកន្លែង ស្របពេល​ដែលកម្មវិធីនេះ​បន្ត​ប្រព្រឹត្តទៅជាបណ្តើរៗនៅទូទាំង​ទីក្រុងដ៏ធំនេះ។ ទីក្រុងម៉ិចស៊ីកូ​ស៊ីធី ដែលមានមនុស្ស​រស់នៅជិត ២២លាននាក់ បានប្រឈមមុខ​នឹងការ​ប្រកាសអាសន្ន​ផ្នែកបរិស្ថានជាខ្លាំង នៅក្នុងរយៈពេល ០២ឆ្នាំ កន្លងទៅនេះ៕

ចែករំលែក