ពិធីបុណ្យ​សព លោក Stephen Hawking រៀបចំ​ឡើងនៅ​ថ្ងៃសៅរ៍​នេះ ដោយ​រំពឹងមនុស្ស​រាប់ពាន់​នាក់ចូលរួម…

0

 

(ឡុងដ៍)៖ មនុស្សរាប់ពាន់នាក់​អាចនឹងបង្ហាញខ្លួន​ទីក្រុង Cambridge ដើម្បីចូលរួមពិធីបុណ្យសព​របស់​​ លោក ស្ទីវិន ហាក​ឃីង (Stephen Hawking) ក៏ដូចជាសម្តែង​​ក្តី​គោរព​ស្រឡាញ់​​ជា​ចុងក្រោយ​ ចំពោះ​អ្នកវិទ្យាសាស្រ្ត​ផ្នែករូបវិទ្យា​​ដ៏ល្បីល្បាញ​បំផុត នៅលើពិភពលោក​រូបនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី៣១ ខែមីនា ឆ្នាំ២០១៨។

សាកលវិទ្យាល័យ Cambridge កំពុងសហការជា​មួយប៉ូលិស​ប្រចាំតំបន់ ដើម្បីរៀបចំ និងត្រួតពិនិត្យតាមទីតាំង​ជុំវិញ ព្រះវិហារ Great Saint Mary ដែលជាកន្លែង​​ប្រារព្ធ​ពិធីបុណ្យសព លោក Hawking ដែលនឹងប្រព្រឹត្ត​ទៅនាថ្ងៃសៅរ៍​សប្តាហ៍នេះ (ពេលវេលា​នៅអង់គ្លេស)។ យ៉ាង​​ណាមិញ ព្រះវិហារនឹងពុំ​ត្រូវបើកឲ្យមហាជន​ចូលរួមនោះឡើយ ដោយសារតែ​បុណ្យសពនេះ ត្រូវបាន​កំណត់ជា ពិធីឯកជន​សម្រាប់​ក្រុម​គ្រួសារ មិត្តភក្តិ និងមិត្តរួម​ការងាររបស់ លោក Hawking តែប៉ុណ្ណោះ។

គួរជម្រាបថា លោក Stephen Hawking បានទទួលមរណភាព​ដោយស្ងប់សុខ​ នៅឯគេហដ្ឋាន​របស់លោក ដែលស្ថិតក្នុង​សាកលវិទ្យាល័យ​ Cambridge នៃចក្រភព​អង់គ្លេស កាលពីថ្ងៃទី១៤ ខែមីនាកន្លងទៅ ក្នុងវ័យ ៧៦ឆ្នាំ ខណៈដែលកាលពី​នៅខ្ទង់ ២០ឆ្នាំ ត្រូវបាន​គ្រូពេទ្យប្រាប់​ប្រាប់ថា រូបលោក នឹងលាចាកលោកតាំងតែពីប្រមាណជា ៥០ឆ្នាំមុនមកម្ល៉េះ បន្ទាប់ពីត្រូវគេ​ធ្វើរោគវិនិច្ឆ័យ​រកឃើញថា លោកមានជំងឺ​​ដ៏កាច​​សាហាវ​ម៉្យាងទាក់ទិន​នឹងប្រព័ន្ធប្រសាទ​សាច់ដុំ​របស់លោក។

រំលឹកព័ត៌មាន៖ អដ្ឋិធាតុនៃ​បិតាវិទ្យាសាស្ត្រ-រូបវិទ្យា លោក Stephen Hawking ដែលទើបបាន​​ទទួលមរណៈភាព កាលពីពេលថ្មីៗនេះ ត្រូវបានអាជ្ញាធរ​អង់គ្លេស​បញ្ជាក់ថា នឹងត្រូវ​បញ្ចុះនៅទីវាល​វីរៈបុរស ដែលស្ថិតនៅ​ជាប់ផ្នូររបស់ លោក Sir Isaac Newton អ្នកវិទ្យាសាស្ត្រ​សម័យមុន និងប្រកបដោយកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​បំផុត ខណៈដែល​បុណ្យសពជាលក្ខណៈឯកជន ត្រូវបានក្រុម​គ្រួសារ​លោក Hawking ត្រៀមរៀបចំ​នៅថ្ងៃទី៣១ ខែមីនា នេះ។

អដ្ឋិធាតុលោក Newton ដែលល្បីល្បាញ​​ខាងរកឃើញ កម្លាំងទំនាញ​សកលនោះ ហើយលោកបាន​ទទួលមរណៈភាព​ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ១៧២៧ នាសង្កាត់ Kensington ទីក្រុងឡុងដ៍​ ចក្រភពអង់គ្លេស។ មិនត្រឹមតែ​ស្ថិត​នៅជិតផ្នូរលោក Newton ប៉ុណ្ណោះទេ ផ្នូររបស់​​លោក Hawking ក៏នឹងស្ថិតនៅក្បែរផ្នូររបស់រូបវិទូ​ដ៏ល្បីល្បាញ លោក Charles Darwin ដែលបានទទួលមរណៈភាព​ កាលពីឆ្នាំ១៨៨២ ផងដែរ នៅឯទីលាន​នៃសារៈមន្ទីរ Westinster Abbey ទីក្រុងឡុងដ៍ ដែលមាន​អាយុកាល តាំងតែពី​សតវត្សរ៍ទី ១១។

លោកគឺជាបុគ្គល​ម្នាក់ មាន​ការតស៊ូពុះពារ​យ៉ាងខ្លាំងក្លា​ ដោយបានបញ្ចប់សៀវភៅ​​​មួយក្បាលមាន​ចំណង​ជើងថា​ «A Brief History of Time» ដែលលក់ដាច់​បានជាង ១០លានក្បាល ទោះបីជាវា​ត្រូវ​គេ​​ដាក់​រហស្សនាម​ថា ជា «សៀវភៅដ៏ល្បី​បំផុត​​លើកលោក ដែលពុំមាន​នរណាអាន» ក៏ដោយ។ ក្នុងការចូលរួម​ចំណែករបស់​លោក ទៅក្នុងចំណេះ​ដឹងផ្នែក​​វិទ្យាសាស្រ្ត លោក Hawking បានរកឃើញ​បាតុភូតមួយ​ ដែលត្រូវគេ​ស្គាល់ថា «Hawking Radiation» ក្នុងទ្រឹស្រ្តីនេះ​គឺប្រហោងខ្មៅ (Black Hole) ជាទូទៅបញ្ចេញ​ថាមពលរបស់​វាបន្តិចម្តងៗ ហើយ​ក៏រលាយ​​បាត់បង់​ទៅ។

លោក Hawking មានឈ្មោះ​ល្បីល្បាញ និងគោរព​យ៉ាងខ្លាំង ដោយសារ​សមត្ថភាពដ៏អស្ចារ្យ​របស់លោក ក្នុងការ​បង្កើត​ដំណោះស្រាយ​​បែប​វិទ្យាសាស្រ្ត ដោយពុំចាំបាច់ធ្វើការ​គណនា ឬការពិសោធន៍​អ្វីឡើយ។ ចំណែកឯ ស្នាដៃចុង​ក្រោយបំផុត ឬជាដំបូន្មានចុងក្រោយ ដែលត្រូវបានផ្សព្វផ្សាយ​​ពាសពេញ​ពិភពលោកនោះ គឺលោក Hawking បានប្រាប់ដល់ក្រុមអ្នក​វិទ្យាសាស្ត្រ និងមនុស្សលើ​​ភពផែនដី ឲ្យឈប់បន្តសកម្មភាពស្វែងរកជីវិត​អេលៀន ឬមនុស្សភព​ផ្សេងនោះ​​​ទៀតទៅព្រោះវា នឹងបង្ក​ការគំរាមកំហែង​ដល់ភពផែនដី​ ប្រសិនបើ​អេលៀនទាំងនោះ មកកាន់តែផែនដី​ដោយចេតនាចង់ទន្ទ្រាន​គ្រប់គ្រង៕

ចែករំលែក