ស្ថាបនិក Facebook ទម្លាយ៖ «តាមពិតទិន្នន័យ​អ្នកប្រើប្រាស់​ ដែលបានបែកធ្លាយ មាន​រហូត​ដល់ ៨៧លាន​នាក់…»

0

 

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook បានលាតត្រដាង​ឲ្យដឹងថា ភាគីទីបីទំនង​​ជា​បានកេងចំណេញ​លើឧបករណ៍​ស្វែងរក (Search Tool) នៅ​លើបណ្តាញ​ទំនាក់ទំនង​សង្គមរបស់វា ដែលប្រការនេះ​បានផ្តល់ឱកាស​ឲ្យពួកគេ ប្រមែប្រមូល​ទិន្នន័យផ្ទាល់​ឯកជន​ ស្ទើរតែទាំងអស់​នៃ​​អ្នក​​​ប្រើ​ប្រាស់ Facebook សរុប ០២ពាន់លាននាក់ នៅជុំវិញ​ពិភពលោក ដោយពុំមាន​ការអនុញ្ញាត​ពីអ្នកប្រើប្រាស់ផ្ទាល់​ឡើយ។ នេះបើ​តាម​ការ​ដកស្រង់​ការផ្សាយ​ចេញពី ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០១៨។

បើតាមសម្តី​របស់ លោក Mike Schroepfer ដែលជា​នាយកផ្នែក​បច្ចេកវិទ្យា (CTO) របស់ក្រុមហ៊ុន​បណ្តាញសង្គម​ដ៏ធំជាងគេនេះ ភាគច្រើន​​នៃអ្នកប្រើប្រាស់​ទាំង ០២ពាន់លាននាក់​របស់ Facebook ប្រហែលត្រូវបាន​ជនអនាមិក​ លួចប្រមូលទិន្នន័យផ្ទាល់ខ្លួន​របស់ពួកគេ ពីលើ​វែប​សាយ Facebook។

គួរជម្រាបថា ព័ត៌មាន​ខាងលើនេះ​បានលេចឡើង ខណៈដែល​ពេល Facebook កាន់តែមាន​ការទទួលស្គាល់​ចំពោះភាពលំបាក​របស់ខ្លួន នៅក្នុងការគ្រប់គ្រង​ទិន្នន័យដែល ខ្លួនប្រមូល​យកពីអ្នកប្រាស់​ប្រើប្រាស់ ដ៏ច្រើនសន្ធឹកសន្ធាប់។

នាសប្តាហ៍នេះ Facebook ក៏បានបញ្ជាក់​​ផងដែរថា ក្រុមហ៊ុន Cambridge Analytica ដែលត្រូវបាន​ជួលដោយក្រុមយុទ្ធនាការ​បោះឆ្នោត​​ របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នោះ បានធ្វើការប្រមូល​ទិន្នន័យដោយ​របៀបមិនត្រឹមត្រូវ ពីអ្នកប្រើប្រាស់ Facebook ប្រមាណ ៨៧លាននាក់ ដែលចំនួននេះ​គឺលើសពី​​ការប៉ាន់ស្មាន​របស់សារព័ត៌មាន ដែលធ្លាប់តែចុះផ្សាយថា​ជាង ៥០លាននាក់ នោះទៅទៀត។

ដោយឡែក ជុំវិញរឿងនេះ បិតាស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) របស់ Facebook លោក Mark Zuckerberg នឹងចូលផ្តល់សក្ខីកម្ម​នៅ​ចំពោះមុខ​សភាអាមេរិក នាថ្ងៃទី១១ ខែមេសា (រសៀល​ថ្ងៃទី១០ នៅអាមេរិក) នេះ​ហើយ៕

ចែករំលែក