មកស្គាល់ «​រណ្តៅអាចម៍​ផ្កាយធំៗ​​ទាំង ១០ នៅលើផែនដី​ និងគ្រាប់​​ពេជ្រ​ ដែល​អាចម៍ផ្កាយមួយ​បាននាំមក…»

0

 

(អង់គ្លេស)៖ ការវាយប្រហារ​ដោយអាចម៍ផ្កាយ មកលើភព​ផែនដី ពិតជាប្រវត្តិ​ដ៏គួរឲ្យឈឺ​ចាប់ និងខ្លោចផ្សារ​ខ្លាំងណាស់ ជាពិសេសកាលពី​ជំនាន់ដាយណូស័រ ដែលធ្វើ​ឲ្យ​សម័យកាល​នោះ​រលំរលាយ ប៉ុន្តែក៏ដោយសារ​តែហេតុនោះហើយ ទើបក្រោយមក​មនុស្សអាច​វត្តមានបាន។ តែទោះបីជាបែប​នេះក្តី វត្តមានមនុស្ស​ជាង ១លានឆ្នាំ នៅលើ​ភព​ផែនដី​នេះ មិនប្រាកដថានឹងសុខសាន្ត​រហូតនោះ​ឡើយ។

ខាងក្រោម​នេះ គឺជាប្រវត្តិអាចម៍ផ្កាយធំៗ​ទាំង ១០ដុំ ដែលធ្លាប់ធ្លាក់មកលើ​ផែនដី គិតចាប់តាំង​ពីរាប់ពាន់លាន​ឆ្នាំមុន មកទល់នឹង​សតវត្សរ៍ទី ២១ នេះតែម្តង៖

១. រណ្តៅ​អាចម៍ផ្កាយ Vredefort Crater៖ វាជារណ្តៅដែលកើត​ឡើងដោយអាចម៍​ផ្កាយ Vredefort ធ្លាក់មកលើ​ផែនដី កាលពី ២ពាន់លានឆ្នាំមុន នៅត្រង់​តំបន់ Free State នៃប្រទេស​អាហ្វ្រិកខាងត្បូង។ រណ្តៅនេះបានក្លាយ​ជាសម្បត្តិបេតិកភណ្ឌ​ពិភពលោក របស់អង្គការ​យូនីស្កូ កាលពីឆ្នាំ២០១៥ ហើយវា​មានកាំ ១៩០គីឡូម៉ែត្រ ជារណ្តៅ​អាចម៍ផ្កាយធំបំផុត​លេខ ១ លើលោក។

២. រណ្តៅ​អាចម៍ផ្កាយ Sudbury Basin៖ ជារណ្តៅដែល​មានអាយុកាល ១.៨ពាន់លាន​ឆ្នាំមកហើយ ដោយស្ថិត​នៅតំបន់ Ontario ប្រទេស​កាណាដា ដោយវាមាន​មុខកាត់​ទំហំ ១៣០គីឡូម៉ែត្រ ជារណ្តៅ​អាចម៍ផ្កាយ Sudbury ជាប់លេខ ២ លើលោក។

៣.​ រណ្តៅ​អាចម៍ផ្កាយ Acraman Crater៖ ជារណ្តៅដែល​មានអាយុកាល ៥៨០លាន​ឆ្នាំមកហើយ ដោយវាស្ថិតនៅ​ភាគខាងត្បូង នៃប្រទេស​អូស្ត្រាលី ដែលបច្ចុប្បន្ន ជាតំបន់ដែល​គេឲ្យឈ្មោះថា Lake Acraman ជាមួយនឹងមុខកាត់​​រហូតដល់ទៅ ៩០គីឡូម៉ែត្រ​ឯណោះ។

៤.​ រណ្តៅ​អាចម៍ផ្កាយ Woodleigh Crater៖ ជារណ្តៅដែល​មានអាយុកាល ៣៦៤លានឆ្នាំ​មកហើយ ដោយវាស្ថិតនៅភាគ​ខាងលិចប្រទេស​អូស្ត្រាលី ជាមួយនឹងមុខ​កាត់ពី ៤០ ទៅ ១២០គីឡូម៉ែត្រ ដោយសារ​តែ​រូបរាងរបស់វា គឺមានការ​ខុសប្លែក​​ពីរណ្តៅ​ដទៃៗ​ទៀត។

៥. រណ្តៅអាចម៍​ផ្កាយ Manicouagan Crater៖ ជារណ្តៅដែល​មាន​អាយុកាល ២១៥​លានឆ្នាំ​មកហើយ ស្ថិតនៅ​ទីក្រុង Quebec ប្រទេស​កាណាដា ជាមួយនឹង​​មុខកាត់​ប្រវែង ១០០គីឡូម៉ែត្រ។ វាបានក្លាយ​ជាបឹងមួយដែល​មានឈ្មោះថា Lake Manicouagan។

៦. រណ្តៅ​អាចម៍ផ្កាយ Morokweng Crater៖ ជារណ្តៅស្ថិតនៅក្នុងតំបន់​ភាគពាយ័ព្យ នៃប្រទេសអាហ្វ្រិក​ខាងត្បូង ដោយមានអាយុកាលប្រមាណ ១៤៥លានឆ្នាំ​មកហើយ ជាមួយនឹង​មុខកាត់ ៧០គីឡូម៉ែត្រ។ រណ្តៅនេះពិត​ជាអស្ចារ្យ ព្រោះសំណល់​អាចម៍​ផ្កាយដែល​បង្កើតវានេះ មានក្នុង​រណ្តៅនៅឡើយ។

៧. រណ្តៅអាចម៍ផ្កាយ Kara Crater៖ ជារណ្តៅដែល​កើតឡើងកាលពី ៧០.៣លាន​ឆ្នាំ​មុន ដោយស្ថិត​នៅតំបន់ Nenetsia នៃប្រទេសរុស្ស៊ី ជាមួយនឹងមុខកាត់ជាង ៦៥គីឡូម៉ែត្រ។

៨. រណ្តៅ​អាចម៍ផ្កាយ Chicxulub Crater៖ ជារណ្តៅដែល​បានកើតឡើង កាលពី ៦៥លានឆ្នាំមុន ស្ថិតនៅតំបន់ឈូង​សមុទ្រឧបទ្វីប Yucatan នៃប្រទេស​ម៉ិចស៊ីកូ។ មុខកាត់របស់​វាសន្ធឹងពី ១៧០ ទៅ ៣០០គីឡូម៉ែត្រ។ វាក៏អាច​ត្រូវបានហៅថា ជារណ្តៅធំ​បំផុតផងដែរ ដោយអ្នកវិទ្យាសាស្ត្រ​អះអាងថា ជំនាន់​ដាយណូស័រ គឺត្រូវបាន​រលំរលាយ​ដោយសារ Chixulub មួយនេះ។

៩. រណ្តៅអាចម៍ផ្កាយ Popigai Crater៖ ស្ថិតនៅ​តំបន់ Siberia នៃប្រទេស​រុស្ស៊ី ដែលវាជារណ្តៅ​បង្កឡើងដោយអាចម៍​ផ្កាយធ្លាក់ចំ កាលពី ៣៥.៧លានឆ្នាំមុន ហើយវាជា​ប្រភពនៃ​រ៉ែពេជ្រ ច្រើនបំផុតនៅ​លើសកលលោក ដែលគេបាន​ដាក់ឈ្មោះ​ថា ដុំពេជ្រ​បុកទង្គិច​ផែនដី។

១០. រណ្តៅ​អាចម៍ផ្កាយ Chesapeake Bay Crater៖ ស្ថិត​នៅរដ្ឋ Virginia សហរដ្ឋអាមេរិក ដែលត្រូវបានរកឃើញ​នៅអំឡុង​ទសវត្សរ៍ ១៩៨០ ដែលចម្ងាយ ២០១គីឡូម៉ែត្រ ពីរដ្ឋធានី​វ៉ាស៊ីនតោន។ វាជារណ្តៅ​មានមុខ​កាត់ ៨៥គីឡូម៉ែត្រ ជារណ្តៅចុង​ក្រោយធំផុត ដែលបង្កឡើង​ដោយអាចម៍ផ្កាយ​ខ្នាតធំ (មានមុខកាត់​ខ្ទង់​រាប់គីឡូម៉ែត្រ​ឡើងទៅ) ធ្លាក់មក​លើផែនដី៕ ប្រភព៖ National Geographic

 

ចែករំលែក