រឿងពិត​ជុំវិញ​បាតុភូត «ប្រេះទ្វីប​អាហ្វ្រិក​ជាពីរផ្នែក» ដែលគ្រប់គ្នា​កំពុង​ចាប់​អារម្មណ៍ខ្លាំង…

0

 

(អាហ្រ្វិក)៖ ស្នាមប្រេះបែកក្រហែង​ដ៏ធំសម្បើមមួយ ដែលលាត​សន្ធឹងដល់​ទៅប៉ុន្មានគីឡូម៉ែត្រ​ឯណោះ បានបង្ហាញខ្លួនកាល​ពីជាង ០២សប្តាហ៍​មុន នៅ​តំបន់ភាគនិរតី​ នៃប្រទេស​កេនយ៉ា (Kenya) ដែលវាបាន​បង្កភាពភ្ញាក់ផ្អើល​ជាខ្លាំង ដោយអ្នកខ្លះ​បានលើក​ឡើងថា ស្នាមប្រេះ​នេះ​​បង្ក​​ឡើង​ដោយ​ការប្រែប្រួល​នៃចំណែករឹង​របស់ស្រទាប់ផ្ទៃ​ផែនដី ដែលគេ​ហៅថា «ស្រទាប់តិចតូនិច» ដែលជា​​សញ្ញា​បង្ហាញ​​អំពី​ការ​ចាប់​ផ្តើម​ នៃ​ការកកើត​ទ្វីបថ្មីមួយ ចេញពីទ្វីប​អាហ្រ្វិក​ និងមួយចំនួន​ទៀតថា វាគ្រាន់តែកើត​​ឡើងដោយសារការ​ធ្លាក់ភ្លៀងខ្លាំងប៉ុណ្ណោះ​។ នេះ​បើ​តាម​​ការ​ដក​ស្រង់​​ការ​ផ្សាយ​​ចេញ​ពី វែបសាយ​របស់ស្ថានីយ​ទូរទស្សន៍ CNN នៅ​រសៀល​​ថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨។

បើតាមការចុះផ្សាយ​របស់សារព័ត៌មាន​កេនយ៉ា ស្នាមប្រេះ​ដែលហែកផ្ទៃដីចេញពី​គ្នាខាងលើ មានជម្រៅ ១៥ម៉ែត្រ និងទទឹងដល់ទៅ ​២០ម៉ែត្រ។ វាបានលេចឡើងនៅជ្រលង​ Rift Valley នៅភាគខាងកើត​ទ្វីបអាហ្រ្វិក ដែលរត់តាំង​ពីពយ Horn of Africa ដែលរួម​មាន​​ប្រទេសដូចជា សូម៉ាលី អេត្រូពី កេនយ៉ាង និងតង់ហ្សានី រហូតដល់ប្រទេសម៉ូហ្សាំប៊ិក។

នៅតាមជ្រលង Rift Valley ដែលស្ថិតនៅភាគកើត​ទ្វីបអាហ្រិ្វក​​ មានចំណុចទន់​ខ្សោយជាច្រើន ហើយចំណុចទន់​ខ្សោយទាំងនេះ ​ដែល​ភាគច្រើន​​បង្ក​ឡើង​ដោយចលនា ស្ថិតនៅយ៉ាងជ្រៅ​​ក្នុង​ផ្ទៃស្រទាប់ខាងក្រៅ​របស់ផែនដី បង្កជាស្នាម​ប្រេះក្រហែង នៅលើ​ផែនដី។ បើតាម​​សារព័ត៌មាន​ខាងលើ ស្នាមប្រេះខាងលើ ត្រូវបានបិទបាំង​ដោយកម្អែលផេះ​មកពីភ្នំភ្លើង Longonot ប៉ុន្តែការធ្លាក់​ភ្លៀងយ៉ាងជោគជាំ នៅ​ក្នុង​តំបន់ ក៏បានធ្វើឲ្យស្នាមប្រេះ​ដ៏ធំសម្បើមនោះ​លេចឡើង។

ជុំវិញរឿងនេះ ស្ថានីយ​ទូរទស្សន៍ National Geographic បានគូស​បញ្ជាក់ថា ស្នាមប្រេះក្រហែង​នានានៅក្នុងតំបន់ East African Rift Valley កំពុងតែរីកធំទៅៗ ដោយសារតែ​ស្រទាប់តិចតូនិច​ចំនួនពីរ គឺស្រទាប់ Somali និង Nubian កំពុងធ្វើចលនា​ឃ្លាតចេញពីគ្នា ដោយពួកវា​អាច​នឹងដាច់ចេញពីទាំងស្រុង​តែម្តង នៅក្នុងរយៈពេល ៥០លានឆ្នាំទៀត ខណៈកាលពី ១៣៨លានឆ្នាំមុន ការឃ្លាតចេញពីគ្នា​នៃទ្វីបអាមេរិក​ខាង​ត្បូង និងទ្វីបអាហ្រ្វិក ក៏ត្រូវបានបង្កើត​ឡើង​ដោយស្នាមប្រេះ​ លើផ្ទៃផែនដី​ដូចគ្នានេះផងដែរ។

យ៉ាងណាមិញ ពុំមានគ្រប់គ្នាសុទ្ធ​តែជឿជាក់ថា ស្នាមប្រេះខាងលើ គឺជាសញ្ញា​នៃការចាប់ផ្តើម​​ហែកទ្វីបអាហ្រ្វិក​​នោះឡើយ។ ទស្សនាវដ្តី Forbes បានគូស​បញ្ជាក់ថា នាអំឡុងពេល​ដែលស្នាមប្រេះ​នេះលេចឡើង គេពុំបានសង្កេត​ឃើញថា មានសេចក្តីរាយការណ៍​អំពី​គ្រោះ​រញ្ជួយដី​កម្រិតធ្ងន់​ណាមួយ​នៅក្នុងតំបន់ឡើយ ហើយវាក៏អាច​ទៅរួចផងដែរថា ស្នាមប្រេះនោះ គ្រាន់តែជាផ្ទាំងហ្វូស៊ីល​អាក់សកម្ម​មួយ ដែលគ្រប់ដណ្តប់​ដោយកាក​សំណល់ មុនពេលទឹក​ភៀងហូតច្រោះយកទៅប៉ុណ្ណោះ។

ជាមួយគ្នានេះ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តកេនយ៉ា នា​ពេលនេះ ជឿជាក់ថា ស្នាមប្រេះនោះ ត្រូវបានបង្កឡើងដោយ​លំហូរនៃទឹកនៅក្រោមដី ដែលមកពី​ការធ្លាក់​ភ្លៀងខ្លាំងប៉ុណ្ណោះ ដោយព័ត៌មាននេះអាចគ្រាន់តែជាការបំបាត់ ការសន្និដ្ឋាន​តាមបែប​វិទ្យាសាស្ត្រមួយចំនួនថា ទ្វីបអាហ្វ្រិកហ្នឹងប្រេះជាពីរប៉ុណ្ណោះ ប៉ុន្តែសូមមើល​ចំណុចខាងលើ​ឡើងវិញ ព្រោះអាចនឹង​កើតមាននៅពេល ៥០លានឆ្នាំ​ទៀត។

គួរជម្រាបថា ទោះបីជាវាបង្កើត​ឡើងដោយទឹកភ្លៀង និងស្រទាប់​តិចតូនិចក៏ដោយ ស្នាមប្រេះដ៏ធំប្រវែង​រាប់គីឡូម៉ែត្រ​នេះ នៅតែកំពុងជា​បញ្ហា​ដល់ប្រជាជន​កេនយ៉ា ដែលរស់​នៅក្នុងតំបន់ ដោយវាបាន​បណ្តាលឲ្យផ្នែកនៃ​ផ្លូវហៃវ៉េ​មួយខ្សែ រងការបំផ្លិចបំផ្លាញ ហើយប្រជាជន​​ដែលរស់នៅ​ក្បែរនោះ បង្ខំចិត្តភៀស​ខ្លួនចេញ ដោយបារម្ភពីសុវត្ថិភាព​របស់ពួកគេ៕

ចែករំលែក