ក្តីសង្ឃឹម​​ជប៉ុនក្នុង​កំណើនសេដ្ឋកិច្ច! អ្នកជំនាញជប៉ុន «ត្រៀមបូមយករ៉ែ​កម្រ ក្រោមភក់បាតសមុទ្រ» ដែល​មាន​តម្លៃថ្លៃ!

0

 

(តូក្យូ)៖ ក្រុមអ្នកស្រាវជ្រាវ​​ជប៉ុន បានគូសវាសផែនទី​រួចរាល់ហើយ សម្រាប់​ការគ្រោង​ធ្វើ​សកម្មភាព​បូមយកធនធានរ៉ែកម្រ ដ៏ច្រើនសន្ធឹកសន្ធាប់​ពីក្រោមភក់​បាតសមុទ្រ នៃដែន​ទឹកសេដ្ឋកិច្ចផ្តាច់​មុខរបស់ខ្លួន ដើម្បីបំពេញទៅតាមតម្រូវ​ការជាចាំបាច់ នៃទីផ្សារសកលលោក។ នេះបើតាមការ​ចេញផ្សាយដោយ Channel News Asia ដកស្រង់​ពីបណ្តាញ AFP នារសៀល​ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។

បើតាមការ​អះអាងពីក្រុមអ្នកស្រាវជ្រាវ​ជប៉ុន បានឲ្យដឹង​ទៀតថា ធនធាន​ដែលគេរកឃើញ នៅក្រោមភក់​បាតសមុទ្រ ស្ថិតនៅក្នុងដែនទឹកសេដ្ឋកិច្ច​ផ្តាច់មុខរបស់ជប៉ុននេះ មានសរុប​ប្រមាណជា ១៦លានតោន ដែលជាវត្ថុធាតុ​ដើមដ៏ចាំបាច់ នៅក្នុងការ​ផលិតផលិផល​បច្ចេកវិទ្យា​​កំពូលៗ ដូចជាទូរស័ព្ទ​ដៃទំនើបៗ រហូតដល់ទៅ​ផលិតគ្រឿងយន្ត​ផងដែរ។

ក្រុមស្រាវជ្រាវ​​ខាងលើនេះ មានប្រភព​មកពី​សាកល​វិទ្យាល័យ ពាណិជ្ជករ និងស្ថាប័ន​រដ្ឋាភិបាល​​ជប៉ុន​មួយ​ចំនួនទៀត ដែលបានធ្វើការ​សិក្សាជាយូរមក​ហើយ ទៅលើ​តំបន់ដែនទឹក​មហាសមុទ្រ​ប៉ាស៊ីហ្វិក ស្ថិតនៅ​ក្បែរកោះ Minamitorishima នៃប្រទេស​ជប៉ុន។ ក្រុមជំនាញ​​បាន​​អះអាងថា រ៉ែអុកស៊ីដ​ដ៏កម្រ​ប្រមាណ ១.២លានតោន ក៏ត្រូវ​បានរកឃើញ​នៅទីនោះ​ផងដែរ ក្នុងតំបន់​ក្រោម​បាតសមុទ្រ ដែលគិតជាផ្ទៃ​សរុបវិញគឺ ២,៥០០គីឡូម៉ែត្រ​ក្រឡា ឯណោះ។

ទោះបីជាបាន​រកឃើញថា មានវត្ថុធាតុមាន​តម្លៃកំពុងរង់ចាំ​ការជីកយក​ក៏ដោយ ប៉ុន្តែក្រុមជំនាញ​នៅតែត្រូវការ​បច្ចេកទេស​បន្ថែម ដើម្បីធ្វើការបែងចែក​រ៉ែសំខាន់ៗ ដែលស្ថិត​នៅលាយឡំ​គ្នា​នោះ ចេញជាផ្នែកៗ ក្រោយពីការបូម​យកចេញពីក្នុងភក់​បាតសមុទ្រ ខណៈដែលបច្ចុប្បន្ន​ពិភពលោក​បាននិងកំពុងពឹង​ផ្អែកយ៉ាងធំធេង ទៅលើរ៉ែប្រភេទ​នេះពីទីផ្សារប្រទេសចិន ប៉ុន្តែចិន​ពិបាក​នៅក្នុង​ការ​នាំចេញផលិត​ទាំងនេះណាស់ ព្រោះតែបញ្ហានៃទំនាក់ទំនងការទូត ដែលរារាំង។

គួរបញ្ជាក់ថា នេះជាសក្តានុពល​ថ្មីមួយទៀតសម្រាប់​ជប៉ុន ក្នុងការឆក់​យកឱកាស ជម្រុញ​ផល​ចំណេញ​ផ្នែកសេដ្ឋកិច្ច អំពីធនធាន​ក៏កម្រនេះ ប៉ុន្តែគេនៅមិន​ទាន់ដឹង​ថា តើនៅថ្ងៃខែឆ្នាំណា ដែលធនធាន​ធម្មជាតិនោះ នឹងត្រូវយក​ចេញមកនោះ៕

ចែករំលែក