ស្ពានកញ្ចក់ប្លែកមួយបែបទៀតនេះ កំពុងស្រូបទាញអ្នក​ទេសចរខ្លាំងនៅ​ប្រទេសចិន!

0

 

(ប៉េកាំង)៖ ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ស្ពានកញ្ចក់បាន​និងកំពុងរីកដុះដាល ទូទាំង​ប្រទេសចិន ជាពិសេសបណ្តាខេត្ត​ដែលមានជ្រលង​ដងភ្នំ និងជ្រោះជ្រៅៗ គួរជាទី​ចាប់អារម្មណ៍ សម្រាប់បណ្តា​អ្នកទេសចរដែលស្រឡាញ់​ធម្មជាតិទៅហើយ​នោះ បើសិនជា​ថែមស្ពានកញ្ចក់​ដ៏គួរឲ្យព្រឺព្រួច​ទៀត ការធ្វើទេសចរណ៍កម្សាន្តពិត​ជា​កាន់តែរំភើប​រីករាយ។ នេះបើតាមការ​ដកស្រង់ពី ស៊ីនហួរ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨។

ស្ពានកញ្ចក់​ដែលកោងរំលងពី​លើជ្រោះ មានរាងដូចជា​កំណល់ជើងសេះ (ទ្រនាប់​ជើងសេះ) ខាងលើនេះ គឺស្ថិតនៅក្នុង​ឧទ្យានភូមិសាស្ត្រ Yunyang Longgang នៃខេត្ត Chongqing ភាគនិរតី​ប្រទេសចិន ដែលកំពុងទាក់​ទាញអ្នក​ទេសចរជាតិ និងអន្តរជាតិមកទស្សនា​យ៉ាងកកកុញ នៅរៀងរាល់ចុង​សប្តាហ៍ ជាពិសេស​ភ្ញៀវទេសចរជាតិ ដែលមកពីគ្រប់​ខេត្តក្រុងទូទាំង​ប្រទេសចិន។

សម្រាប់ស្ពានដែកយោង​ខាងលើនេះដែរ គឺត្រូវបានកសាង​នៅលើរយៈកម្ពស់ ១,០១០ម៉ែត្រ ជាមួយនឹងការ​ធ្វើឲ្យអារម្មណ៍​លោកអ្នក ប្រៀបបីដូចជា​ដើរនៅលើ​អាកាស​ពិតៗតែម្តង។ ទំហំទទឹង​របស់វាស្ពានទាំងមូល​គឺរហូតដល់ទៅ​ជាង ២១ម៉ែត្រឯណោះ ដែលអាចទទួល​អ្នកទេសចរ​ក្នុងទម្ងន់​រាប់សិបតោន និងច្រើននាក់​ក្នុងពេលតែមួយ​ទៀតផង។

គួរបញ្ជាក់ថា ដោយសារតែឧទ្យានក្នុងខេត្ត Chongqing ត្រូវបានដាក់បញ្ចូន​ទៅក្នុង​តំបន់ភូមិសាស្ត្រ ដែលត្រូវតែការពារនោះ ទើបសម្រស់ធម្មជាតិនៅទីនេះ គឺពិតជា​ស្រស់ស្អាត និងពោពេញដោយខ្យល់អាកាសបរិសុទ្ធជាងកន្លែងណាៗទាំងអស់​នៅទូទាំងប្រទេសចិន។ ដូច្នេះសម្រាប់អ្នកដែលចង់គេចចេញពីកន្លែង​ពុល​ក្នុងប្រទេសចិន អាចមកកាន់ខេត្តភាគនិរតីនេះបាន៕

ចែករំលែក