ក្រុមអ្នក​វិទ្យាសាស្ត្រ NASA បញ្ចប់​បេសកកម្មនៅទ្វីបអង់តាក់ទិច លើផ្ទៃ​ទឹកកក​ប្រវែង ៧៦០គីឡូម៉ែត្រ…

0

 

(អាមេរិក)៖ អ្នកវិទ្យាសាស្រ្តពីរ​រូបរបស់ ទីភ្នាក់ងារ​អវកាសអាមេរិក NASA ទើបតែបាន​វិលត្រឡប់មក​ពីដំណើរបំពេញ​បេសកកម្ម​ រយៈពេលពីរ​សប្តាហ៍​មួយ​របស់ខ្លួន នៅលើផ្ទៃដីទឹកកក​ប្រវែងប្រមាណ ៧៦០គីឡូម៉ែត្រ នៃទ្វីប​អង់តាក់ទិច។ នេះបើតាម​​ការដកស្រង់​​ការផ្សាយ​ចេញពី វែបសាយ​ Space.com នៅរសៀល​ថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨។

ក្រុមអ្នកវិទ្យាសាស្រ្តជំនាញ​ខាងផ្ទៃទឹកកក​លើភពផែនដី លោកស្រី Kelly Brunt និងអនុប្រធាន​គម្រោងវិទ្យាសាស្រ្ត​របស់ផ្កាយរណប ICESat-2 លោក Tom Neumann កាលពីអំឡុង​ដំណើរបេសកកម្ម​របស់ខ្លួន បានធ្វើការកំណត់​ផែនដី​តំបន់មួយ នៅប៉ូលខាងត្បូង ដើម្បីរៀប​ចំ​សម្រាប់​បេសកកម្ម ICESat-3 ដែលត្រូវបាន​គេគ្រោងនឹងប្រព្រឹត្ត​ទៅនាខែកញ្ញា​ខាងមុខ។

គួរជម្រាបថា ផ្កាយរណប ICESat-3 នឹងប្រើប្រាស់​បច្ចេកវិទ្យាឡាស៊ែរ ដើម្បីតាមដាន​ការប្រែប្រួល​ នៃផ្ទាំងទឹកកតូចធំ​ដែលស្ថិតក្នុង​តំបន់ Cryosphere របស់ភពផែនដី ហើយក្រុមអ្នកវិទ្យាសាស្រ្ត នឹងប្រើប្រាស់ទិន្នន័យដែលប្រមូលបាននោះ ទៅស្រាវជ្រាវ​លើឥទ្ធិពល​ នៃបញ្ហា​បម្រែបម្រួល​អាកាសធាតុ ចំពោះកម្រិតកម្ពស់​នីវ៉ូទឹកសមុទ្រ។

ដើម្បីអាចឲ្យ​ផ្កាយរណប ICESat-2 ធ្វើការវាស់វែង​ក៏ដូចជាស្ទាបស្ទង់​បាន​ត្រឹមត្រូវ​ច្បាស់លាស់ ពីគន្លងភព​របស់យើង អ្នកវិទ្យាសាស្រ្ត​ត្រូវធ្វើការប្រមូល​ទិន្នន័យមួយចំនួន​ នៅលើផ្ទៃដីផ្ទាល់ ដើម្បីរៀបចំឧបករណ៍​​នានារបស់​ផ្កាយរណប ដើម្បីធ្វើការសិក្សាស្រាវជ្រាវបន្ត នៅតំបន់អង់តាក់ទិច ខណៈដែលសេចក្តីរាយការណ៍កន្លងមកបានបញ្ជាក់ថា ទ្វីបទឹកកក​នេះ​កំពុងតែ​រលំរលាយ ដោយសារតែ​ការកើនឡើង​កម្តៅសកល៕

ចែករំលែក