ពេលនេះ​អង្គការ NASA មានប្រធានថ្មី​ហើយ ដែលប្តេជ្ញា​ធ្វើតាមគោល​នយោបាយ លោក ដូណាល់ ត្រាំ…

0

 

(វ៉ាស៊ីនតោន)៖ ទីបំផុតលោក Jim Bridenstine ត្រូវបានព្រឹទ្ធសភាអាមេរិក​អនុម័ត​ឲ្យឡើង​កាន់តំណែង​ជាប្រធាន​អង្គការ NASA ថ្មីហើយ បន្ទាប់ពី​ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានណែនាំ​ឈ្មោះលោក​ទៅកាន់សភា អស់រយៈពេល​០៧ខែទៅ​ហើយនោះ។ នេះបើ​តាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃសុក្រ ទី២០ ខែមេសា

 

លោក Jim បានថ្លែង​ស្វាគមន៍ ចំពោះការទទួលស្គាល់​រូបលោក ពីសំណាក់ព្រឹទ្ធសភា​​យ៉ាង​ដូច្នេះថា «វាជាពិសេសជា​កិត្តិយសមួយ ដែលខ្ញុំត្រូវបានទទួលស្គាល់​ដោយព្រឹទ្ធសភា នៃសហរដ្ឋអាមេរិក ដើម្បីកាន់តំណែង​ជាអ្នកដឹកនាំ​អង្គការ NASA។ ខ្ញុំទន្ទឹងរង់ចាំ​ការ​បំពេញការងារជា​មួយក្រុមការងារ​ដ៏ជំនាញ របស់អង្គការ​អវកាសនេះ ដើម្បីសម្រេច​ឲ្យបាន​នូវទស្សនវិស័យ​របស់​លោក​ប្រធានាធិបតី (ត្រាំ) សម្រាប់ភាព​ជាអ្នកដឹកនាំរបស់​​សហរដ្ឋអាមេរិក នៅក្នុងវិស័យ​អវកាស»។

គួរបញ្ជាក់ថា លោក Jim គឺជាអាកាសយានិក​មួយរូប នៃកងទ័ពអាកាស​សហរដ្ឋអាមេរិក និងជាអតីត​នាយកសារៈមន្ទីរ​អាកាស និងអវកាស Tulsa Air និង Planetarium ផងដែរ។ លោកត្រូវ​បានជ្រើសតាំង​ឲ្យចូលទៅ​ក្នុងសភា កាលពី​ឆ្នាំ២០១២ ដើម្បីធ្វើជា​សមាជិក​សភា​តំណាង​ស្រុកមួយ នៃរដ្ឋ​អូក្លាហូម៉ា។ កាលពីពេល​ថ្មីៗនេះ លោក Jim ក៏ត្រូវបាន​តែងតាំង​ជាសមាជិក នៃគណកម្មាធិការ​បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងអវកាស នៃគណកម្មាធិការ​យោធា របស់សភា​សហរដ្ឋអាមេរិក​ ហើយឥឡូវនេះទើបក្លាយប្រធានអង្គការ NASA។

បើតាមការលើក​ឡើងរបស់ លោក ត្រាំ កាលពីចុងឆ្នាំ២០១៧ គឺប្រធានាធិបតីអាមេរិក​រូបនេះ​មាន​បំណងចង់ «ស្តារការដឹកនាំ​របស់អាមេរិក នៅទីអវកាស​ឡើងវិញ» តាមរយៈការ​បោះ​​ជំហានធំ ទៅស្រាវជ្រាវ​នៅលើឋានព្រះច័ន្ទ ប្រកបដោយសក្តានុពល​​ជាងមុន ដោយមិនមែន​គ្រាន់តែ​បញ្ជូន​មនុស្សទៅបន្សល់​​ទុកដានជើង ដោតទង់ជាតិលើ​ឋានព្រះច័ន្ទ ហើយនាំគ្នា​ត្រឡប់​មកផ្ទះវិញ​ដូចកាលពី​ប៉ុន្មាន​ទសវត្សរ៍មុន​នោះឡើយ។

សេចក្តីថ្លែងការណ៍​របស់ លោក Robert Lightfoot អតីតប្រធានរដ្ឋបាល នៃអង្គការ NASA បានឲ្យដឹងថា «អង្គការ NASA ទន្ទឹងរង់ចាំ ការគាំទ្រដោយផ្ទាល់​ប្រកបដោយ​ប្រយុទ្ធសាស្ត្រ​ភ្លឺស្វាង ពីសំណាក់​លោកប្រធានាធិបតី ដែលជួយឲ្យយើង​បំរើការងារ ក្នុងការបញ្ជូន​មនុស្សទៅកាន់ឋាន​ព្រះច័ន្ទ​ឡើងវិញ និងធ្វើដំណើរ​ទៅកាន់ភពអង្គារ ព្រមទាំងបើកចំហទ្វារ​ទៅរកទីអវកាសឆ្ងាយៗ​ផងដែរ»។

គួររំលឹកថា នយោបាយ​អវកាសថ្មីរបស់ លោក ដូណាល់ ត្រាំ ដែលត្រូវ​បានចុះហត្ថលេខា​​ទទួលស្គាល់កាលពីអំឡុងចុងឆ្នាំ២០១៧នោះ គឺផ្តោតសំខាន់​លើ​ចំណុចធំៗ​មួយចំនួន​ដូចជា ការធ្វើកិច្ច​សហការ​រវាង​ស្ថាប័នរដ្ឋ និងឯកជន​លើការអភិវឌ្ឍ​កម្មវិធីអវកាស, ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ជម្រុញការស្រាវជ្រាវ​ទីអវកាសឆ្ងាយៗ, ការអភិវឌ្ឍវិស័យ​អវកាស ដើម្បីឲ្យអាមេរិក​នៅតែបន្ត​នាំមុខគេ និងការពុះពារ​ទៅរកបេសកកម្ម​ថ្មីៗប្លែកៗ ព្រមទាំងការស្វែងរករបកគំហើញថ្មីៗ និងបច្ចេកវិទ្យា​ដែលអាចរុញច្រានអាមេរិក ទៅរកអនាគតភ្លឺស្វាងផងដែរ៕

ចែករំលែក