HOT NEWS: សហរដ្ឋអាមេរិក «ប្តូរ​យុទ្ធសាស្ត្រ​គ្រប់គ្រងទ័ព នៅប៉ូលខាងជើងផែនដី» នាំឲ្យមាន​ការ​សង្ស័យថា…

0

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​បានប្រកាសថា យុទ្ធសាស្រ្តថ្មី​របស់ខ្លួន ពាក់ព័ន្ធនឹងប្រតិបត្តិការ​នៅតំបន់សមុទ្រ​ទឹកកកអាក់ទិច (ប៉ូលខាងជើង​) នឹងត្រូវដាក់ចេញ​នៅររដូវក្តៅ​នាឆ្នាំ២០១៨ (ចន្លោះអំឡុងចុង​ខែមិថុនា និងខែសីហា) ដើម្បីឆ្លើយតប​ចំពោះការស្ថានភាព​កាន់តែយាប់យឺន​​ នៃ​ការរលាយ​ផ្ទៃទឹកកក​នៅទីនោះ ដែលជាកត្តា​ចម្បងមួយ មិនអាច​ទប់ស្កាត់បាន​ទៀតឡើយ។ នេះបើតាម​​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ​២០១៨។

មេបញ្ជាការទ័ពជើងទឹក​អាមេរិក លោក Richard Spencer បានប្រាប់ក្រុមអ្នក​សារព័ត៌មានថា កងទ័ព​ជើងទឹក ត្រូវការ​ធ្វើកំណែប្រែ​យុទ្ធ​សាស្រ្ត​តំបន់​អាក់​​ទិចរបស់ខ្លួន ដែលត្រូវបាន​ប្រើប្រាស់បន្តមក​ទល់ពេលនេះ ​តាំងតែពី​០៤ឆ្នាំមុន ពីព្រោះថា​បញ្ហាបម្រែបម្រួល​អាកាសធាតុ​លើ​សា​កលលោក​បាន និងកំពុងបង្កឲ្យ​ផ្ទាំងទឹកកនៅ​សមុទ្រដ៏ត្រជាក់នេះ រលាយក្នុងកម្រិត​គួរឲ្យបារម្ភ​ខ្លាំង។

ជាមួយគ្នា​នេះ លោក Spencer ក៏បានសង្កត់ធ្ងន់​ផងដែរថា ការកើនឡើង​នៃសកម្មភាព​របស់រុស្ស៊ី នៅក្នុងតំបន់​អាក់ទិច គួរតែត្រូវ​ផ្តោតការ​យកចិត្តទុក​ដាក់ឲ្យបាន​ហ្មត់ចត់បន្តិច។ បើតាម​លោក Spencer រុស្ស៊ីកំពុងត្រួសត្រាយ​បង្កើតផ្លូវធ្វើដំណើរមួយ​ខ្សែប្រវែង ៣.៦គីឡូម៉ែត្រ​នៅ​ទីនោះ ក្រោមហេតុផល​បង្កើនកិច្ចប្រឹងប្រែង​ ក្នុងសមត្ថភាពរុករក និងជួយសង្រ្គោះ។

គួរជម្រាបថា ខណៈក្រសួងការពារជាតិ​អាមេរិក បានដាក់ចេញយុទ្ធសាស្រ្ត​ការពារជាតិ ដែលមានភាពកោងកាច​ជាងមុននោះ គោលនយោ​បាយថ្មី​សម្រាប់តំបន់​មហាសមុទ្រ​ទឹកកកអាក់ទិច ត្រូវគេរំពឹងថា នឹងដើរតាម​ទំនោរដូចគ្នា។ ម៉្យាងវិញទៀត កងកម្លាំងការពារ​ដែនសមុទ្រ​​អា​មេរិក ក៏បានដាក់សំណើ​បំពាក់ប្រព័ន្ធមីស៊ីល​ប្រដេញ​ប្រឆាំងនាវា នៅលើនាវាបំបែក​ទឹកកករបស់ខ្លួន​ផងដែរ ខណៈដែលកងម៉ារីន​ចំនួន​ ៣០០នាក់ ត្រូវបានគេអះអាង​កំពុងធ្វើការហ្វឹកហាត់​នៅក្នុងប្រទេស​ន័រវែស ដើម្បីសិក្សាពី​ការប្រយុទ្ធក្រោម​អាកាស​ធាតុ​ត្រជាក់។

សម្រាប់ការផ្លាស់​ប្តូរយុទ្ធសាស្ត្រនេះ គឺមិនមែនដោយ​សារតែមូលហេតុនៃ​ការរលាយទឹកកកអ្វី​នោះ​ឡើយ ដោយអ្នក​តាមនានាបាន​ដឹងថា ប្រទេសរុស្ស៊ី​ដែលមានព្រំដែន​ស្ទើរមួយចំហៀង​តែ​ម្តង នៃមហាសមុទ្រ​ទឹកកកអាក់​ទិចនោះ បានបង្កើត​ប្រតិបត្តិការ​ទាញយកធនធាន និង​ដាក់មូល​ដ្ឋានយោធា-ស្រាវជ្រាវជាច្រើនរួច​ទៅហើយ។ ដោយឡែក​​ខាង​អាមេរិកឯណេះ​វិញ​ក៏មិនបាន​នៅស្ងៀមនោះដែរ បើនិយាយពីដៃគូអាមេរិក​នៅជុំវិញដែនសមុទ្រ​​ទឹកកក​នេះ គឺមានដូចជា កោះហ្គ្រីនលែន (កម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក), ប្រទេសន័រវែស, អាយឡេន, និងកាណាដា ជាដើម។

តំបន់ដែនសមុទ្រទឹកកកអាក់ទិច នៅប៉ូលខាងជើងផែនដី ត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថា ជាកន្លែងដែលពោពេញទៅដោយធនធានធម្មជាតិ ជាពិសេសប្រេង និងឧស្ម័ន ដែល​​បណ្តាប្រទេស​នៅជុំវិញតំបន់នោះ ពិតជាមានសិទ្ធិ និងធ្វើការរុករក ព្រមទាំងស្នើសុំ​ស្រាវជ្រាវ​បន្ថែមទៅតាមច្បាប់សមុទ្រ របស់អន្តរជាតិ។ ប៉ុន្តែសង្គ្រាមដណ្តើមទីតាំងយុទ្ធសាស្ត្រ​នៅតំបន់​ទាំងនោះ​ ត្រូវបានអ្នកវិភាគអះអាងថា ពិបាកនឹងគេចរួចណាស់៕

ចែករំលែក