Oops! រកឃើញ​សត្វមូសយក្ស​ នៅភាគពាយ័ព្យ​ប្រទេស​ចិន តែសំណាង​វាមិនចេះ​បឺត​ឈាម…

0

 

(ប៉េកាំង)៖ អ្នកវិទ្យាសាស្ត្រ​ខាងសត្វល្អិត​ចិនមួយរូប បានរកឃើញ​ប្រភេទមូសយក្ស​មួយក្បាល ដែលមានស្លាប​ទាំងគូ​ប្រវែង​ដល់ទៅ ១១.១៥សង់ទីម៉ែត្រ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន​ ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨។

យោងតាមលោក ចាវ លី (Zhao Li) មកពីវិទ្យាសា្ថនសត្វល្អិត​ភាគខាងលិច​ប្រទេសចិន មូសយក្ស​ខាងលើ ដែលជាប្រភេទសត្វ​មូសធំជាងគេ នៅក្នុងពិភព​លោក ហូគូរូសៀ មីកាដូ (Holorusia mikado) ត្រូវបានគេប្រទះ​ឃើញកាលពី​ខែសីហា ឆ្នាំ២០១៧ នៅអំឡុង​ការធ្វើដំណើរ​ស្រាវជ្រាវ​មួយ ទៅកាន់​តំបន់ភ្នំ គីងចេង (Qingcheng) ស្ថិតនៅ​ក្នុងទីក្រុង ចេងឌូ (Chengdu) នៃខេត្ត​ស៊ីឈ័ន (Sichuan) ភាគនិរតីប្រទេសចិន។

ចំណែកឯ​មូស​ប្រភេទ Holorusia mikado ត្រូវបានគេរកឃើញ​ជាលើកដំបូងនៅក្នុង​ប្រទេសជប៉ុន និងត្រូវបានដាក់ឈ្មោះ​ដោយអ្នកវិទ្យាសាស្ត្រ​សត្វល្អិតអង់គ្លេស ចន អូបាឌា វែងត៍វូដ (John Obadiah Westwood) កាលពី​ឆ្នាំ១៨៧៦។ ម្យ៉ាងវិញ​ទៀត​ជាធម្មតាមូសយក្សនេះ​មានស្លាប​ទាំងសងខាង​ប្រវែង ០៨សង់​ទីម៉ែត្រ។

គួរបញ្ជាក់ថា បើតាម​លោក ចាវ លី (Zhao Li) មូស Holorusia mikado មើលទៅគួរឱ្យខា្លច ប៉ុន្តែវាមិនមែន​ជជក់ឈាមដើម្បីចិញ្ចឹមជីវិត​នោះទេ ហើយមូសជំទង់អាចរស់​នៅក្នុងរយៈពេល​ដ៏ខ្លី និងចិញ្ចឹមខ្លួនដោយ​លំអងផ្កា​ជាដើម៕

ចែករំលែក