ទម្លាយ​គំរោងយក្ស​របស់​អង់គ្លេស «ដែលចង់​​កសាង​នាវាចម្បាំងទឹកកក​» កាលពីសម័យសង្គ្រាម​លោក​ តែត្រូវបរាជ័យ…

0

 

(អាមេរិក)៖ កាលពីសម័យ​សង្រ្គាម​លោកលើក​ទីពីរ ចក្រភព​អង់គ្លេស បានរៀបចំ​គម្រោងសម្ងាត់ ដើម្បីបង្កើត​សព្វាវុធលើផ្ទៃទឹក​​ដ៏ចម្លែក​មួយ ដើម្បីទប់ទល់​នឹងប្រទេស​អាល្លឺម៉ង់។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី​ វែបសាយ​នៃស្ថានីយទូរទស្សន៍ CNN នៅល្ងាចថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨។

ក្នុងកិច្ចប្រឹងប្រែង​រិះរកវិធីសាស្រ្ត​ ដើម្បីយកឈ្នះ​លើ​​នាវា U-Boat ដ៏សាហាវ​របស់អាល្លឺម៉ង់ ចក្រភព​អង់គ្លេស បានរកឃើញ​គំនិតយ៉ាង​ចម្លែក​មួយ គឺការបង្កើត​​នាវាដឹកយន្តហោះចេញ​ពីផ្ទាំងទឹកកក ដោយសារតែ​ពួកវាធំ​អាចផ្តល់ធនធាន​បានគ្រប់គ្រាន់ និង​ឥតគិតថ្លៃ ហើយ​ត្រូវ​គេជឿជាក់ថា មិនអាចពន្លិច​បានថែម​ទៀតផង។ ទោះបីជាគំនិត​នេះស្តាប់មើលទៅគួរ​ឲ្យអស់សំណើច​យ៉ាងណាក្តី គម្រោង​សម្ងាត់នេះ បាន​ទទួលការ​អនុញ្ញាតដោយ​ផ្ទាល់ពី​ លោក Winston Churchill ដែលជា​នាយករដ្ឋមន្រ្តី​អង់គ្លេស​នាសម័យនោះ។

គួរជម្រាបថា នាវាគំរូមួយ​ត្រូវបានគេបង្កើតឡើង​ និងធ្វើតេស្ត​នៅឯបឹង Patricia ក្នុងប្រទេស​កាណាដា សម្រាប់រយៈពេល​០៤ខែ ប៉ុន្តែខណៈ​​ពេល​វេលាបានបន្តទៅមុខ ការចំណាយ​ក្នុងគម្រោងនេះ​បានកើនឡើង​កាន់តែខ្ពស់ ហើយបញ្ហាផ្សេងៗ​ក៏បានលេចឡើង​ជាបន្តបន្ទាប់ រហូត​​​ទាល់តែ​ចុងក្រោយគម្រោង​អភិវឌ្ឍន៍នាវា​ទឹកកកនេះ ត្រូវបានគេ​សម្រេចបោះ​បង់ចោល។

នាវាចម្បាំង​ទឹកកកខាងលើ ត្រូវបានគេស្នើឡើងថា នឹងមានបណ្តោយ​ប្រវែង ៦១០ម៉ែត្រ និងទទឹងប្រវែង ៦០​ម៉ែត្រ ជាមួយ​ទម្ងន់ជាង ​០២លាន​តោន និងទីធ្លាគ្រប់គ្រាន់​សម្រាប់ផ្ទុកយន្តហោះ​ចម្បាំងចំនួន ៣០០គ្រឿង ហើយធ្វើដំណើរ​ក្នុងល្បឿន​ ១៣គីឡូម៉ែត្រ​ក្នុងមួយម៉ោង ព្រមទាំង​អាចទប់ទល់​ជាមួយរលកកម្ពស់​រហូតដល់ ១៥ម៉ែត្របាន។

គម្រោងនាវា​ចម្បាំង Habbakuk គឺជាគំនិតផ្តួចផ្តើម​របស់អ្នកវិទ្យាសាស្រ្ត​ម្នាក់ឈ្មោះ Geoffrey Pyke របស់ចក្រភព​អង់គ្លេស ដែលព្យាយាម​​រកមធ្យោបាយ​ដើម្បីការពារនាវា​របស់ក្រុម​សម្ព័ន្ធមិត្ត Allied នៅឯតំបន់​នៅពាក់កណ្តាល​មហាសមុទ្រ​អាត្លង់ទិក​ទឹកកក​ ជាទីដែល​នាវាមុជ​​​ទឹក U-Boat របស់​ពួកណាហ្ស៊ី (Nazi) អាល្លឺម៉ង់ ឈរជើង​នៅផុតពីចម្ងាយ​វាយប្រហារ​ របស់យន្តហោះ​ចម្បាំង​របស់ Allied៕

ចែករំលែក