ទីក្រុងនៃ​ប្រទេស​អាស៊ាន​ទាំង ១០ ដែល​មានមនុស្សរស់​នៅច្រើន​ជាង​គេ! តើភ្នំពេញ​ជាប់​លេខប៉ុន្មាន ហើយទីក្រុងណាជាប់លេខ ១…?

0

 

(ភ្នំពេញ)៖ គិតមកទល់​ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ គឺជាខួបទី ១៩ឆ្នាំគត់ ដែលកម្ពុជាបាន​ក្លាយខ្លួនជា​សមាជិកទី ១០ និងជាកូនពៅរបស់​សមាគមប្រជាជាតិអាស៊ី​អាគ្នេយ៍ហៅកាត់ថា អាស៊ាន (ASEAN) ហើយក្នុងនោះកម្ពុជា​បានកសាង​ទំនាក់ទំនង​ប្រជាមួយសមាជិកនានា និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនបាន​យ៉ាងល្អប្រសើរ មកទល់នឹង​ពេល​បច្ចុប្បន្ននេះ។

ជាក់ស្តែងទីក្រុងភ្នំពេញ​ដែលធ្លាប់រងគ្រោះ​ដោយសង្គ្រាមរាប់ទសវត្សរ៍ ប្រែជាកន្លែងរស់​នៅប្រកបដោយភាពស៊ីវីល័យ និងការអភិវឌ្ឍមិន​ចាញ់បណ្តាប្រទេសមួយ​ចំនួននៅ​អាស៊ាន​នោះឡើយ។ សម្រាប់ចំនួន​ប្រជាជននៅ​ទីក្រុងភ្នំពេញ និងទីក្រុងធំៗនានា​ក្នុងប្រទេស​ទាំង ៩ ទៀតរបស់អាស៊ាននោះ គឺមានការកើនឡើង​ពីមួយឆ្នាំទៅមួយឆ្នាំ​ ដោយសារតែចរន្ត​នៃការ​អភិវឌ្ឍសេដ្ឋកិច្ច និងធ្វើ​ចំណាកស្រុក។ ដូច្នេះ តើទីក្រុងណា​នៅអាស៊ានដែលមានប្រជាជន​រស់នៅច្រើនជាងគេ? តើរាជធានីភ្នំពេញ​របស់ព្រះរាជាណាចក្រយើង មានចំនួន​ប្រជាជន​ស្ថិតនៅក្នុង​លំដាប់ទីប៉ុន្មាន? សូមតាម​ចម្លើយជាបន្តបន្ទាប់ដូចខាងក្រោម៖

១០៖ ទីក្រុងបង់ដាសេរីបេហ្គាវ៉ាន់ នៃប្រទេស​ប្រ៊ុយណេ៖ រាជាណាចក្រ​ប្រ៊ុយណេមានផ្ទៃដី​តូច ហើយប្រជាជន​ក៏តិចផងដែរ គឺតែ ៤២៣,១៩៦នាក់ប៉ុណ្ណោះ (តួលេខឆ្នាំ២០១៦)។ សម្រាប់ប្រជាជន​​រស់នៅទីក្រុងនេះ​ គឺមានចំនួនតែជាង ១០០ពាន់នាក់ប៉ុណ្ណោះ។

០៩៖ ទីក្រុងវៀងច័ន្ទ នៃប្រទេសឡាវ៖ ជាប្រទេសមួយ​​​ដែលគ្មានព្រំដែន​ជាប់​សមុទ្រ​​នោះទេ ហើយប្រជាជាតិ​​​អាស៊ាន​មួយនេះ​ មានប្រជាជន​សរុប​ចំនួន ៦,៧៥៨,៣៥៣នាក់ (តួលេខឆ្នាំ២០១៦)។ សម្រាប់ចំនួន​ប្រជាជនក្នុង​ទីក្រុងវៀងច័ន្ទវិញ គឺស្ថិតនៅខ្ទង់ ២០០,០០០នាក់។

០៨៖ ទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា៖ បើគិតតាម​​តួលេខ​ឆ្នាំ២០១៨នេះ ប្រជាជន​កម្ពុជាសរុប​​មានចំនួន ១៦,២៤៥,៧២៩នាក់។ សម្រាប់ទីក្រុងភ្នំពេញវិញ គឺប្រជាជន​ដែលរស់នៅទីនេះជាអចិន្ត្រៃយ៍ មាន​ចំនួនរហូតដល់ទៅដល់ជាង ២លាននាក់។

០៧៖ ទីក្រុងសិង្ហបុរី នៃប្រទេស​សិង្ហបុរី៖ ពិតប្រាកដ​ណាស់ ប្រទេសមានសេដ្ឋកិច្ច​អភិវឌ្ឍន៍​ខ្លាំងក្លានេះ គឺមានឈ្មោះ​ប្រទេស និងទីក្រុងតែ​មួយ ដោយមានប្រជាជន​រស់នៅ​សរុបជាង ៥.៦លាននាក់ (តួលេខឆ្នាំ២០១៦)។

០៦៖ ទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី៖ នៅឆ្នាំ២០១៨នេះ ប្រទេសម៉ាឡេស៊ី​មានប្រជាជនកើន​ឡើងដល់ជិត ៣២លាននាក់ហើយ។ ទីក្រុងគូឡាឡាំពួ​ដ៏ល្អឆើតឆាយ និងល្បីល្បាញ​ខ្លាំងនៅអាស៊ាន មានប្រជាជន​រស់នៅសរុបជិត ៧.២៥លាននាក់ គិតទាំងតំបន់ដ៏​មានសក្តានុពល​ដែលព័ទ្ធជុំវិញ។

០៥៖ ទីក្រុងរ៉ង់ហ្គូន នៃប្រទេស​មីយ៉ាន់ម៉ា៖ គិតត្រឹមតួលេខ​ឆ្នាំ២០១៦ សហភាពមីយ៉ាន់ម៉ា​មានប្រជាជាន​សរុបជិត ៥៣លាននាក់។ ដោយឡែកអតីត​រដ្ឋធានីដែល​មានឈ្មោះថា រ៉ង់ហ្គូន ឬយាំងហ្គន់ គឺមានប្រជាជន​រស់នៅរហូតដល់​ទៅ​ជាង ៧.៧លាននាក់។

០៤៖ ទីក្រុងហាណូយ នៃប្រទេស​វៀតណាម៖ យើងតាម​ស្ថិតិ​ឆ្នាំ២០១៦ ប្រជាជនវៀតណាម​សរុបមានចំនួន​រហូតដល់ទៅ ៩៤.៥លាន​នាក់ឯណោះ។ សម្រាប់ទីក្រុង​ហាណូយវិញ ប្រជាជនដែលរស់​នៅទីនោះមាន​សរុបជិត ៨លាននាក់ហើយ។

០៣៖ ទីក្រុងម៉ានីល នៃប្រទេស​ហ្វីលីពីន៖ តួលេខ​នៅឆ្នាំ២០១៦ ប្រទេស​ហ្វីលីពីន​មាន​ប្រជាជាន​សរុបរហូត​ដល់ទៅ ១០៣.៣លាននាក់។ ដោយឡែកទីក្រុងម៉ានីលដ៏ធំធេង គឺមានប្រជាជនសរុបរហូត​ដល់ទៅជាង ១៣លាននាក់​ហើយ។

០២៖ ទីក្រុង​បាងកក នៃប្រទេសថៃ៖ តួលេខ​ឆ្នាំ២០១៦បង្ហាញថា ប្រជាជនថៃសរុប​មានចំនួន ៦៨.៨៦លាននាក់។ ដោយ​ឡែក​ប្រជាជន​ដែលរស់នៅតំបន់​សក្តានុពលជុំវិញ និងក្នុង​ទីក្រុង​បាងកក គឺមានសរុបរហូត​ដល់ទៅ ១៤លាននាក់​ឯណោះ។

០១៖ ទីក្រុងហ្សាការតា នៃប្រទេស​ឥណ្ឌូណេស៊ី៖ ប្រជាជាតិយក្ស​ប្រចាំតំបន់អាស៊ាន និងលេខ ៣ ប្រចាំតំបន់​អាស៊ីនេះ មានប្រជាជន​សរុប ២៦១.១លាននាក់ (តួលេខ​ឆ្នាំ២០១៦)។ ដោយឡែក​ទីក្រុងហ្សាការតា​វិញ គិតទាំងតំបន់​មានសក្តានុពលជុំវិញ និងក្នុងទីក្រុង​តែម្តង​ សរុបចូលគ្នាមានប្រជាជន​រហូតដល់ទៅជាង ៣០លាននាក់៕

 

ប្រភព៖ Wikipedia

ចែករំលែក