រណ្តៅយក្ស​បង្ហាញ​ខ្លួនលើ​ «កោះ Rotoruna, នូវែលសេឡង់» នាំឲ្យ​មានការ​ភ្ញាក់​ផ្អើល…

0

 

(នូវែលសេឡង់)៖ អ្នកចិញ្ចឹម​គោយកទឹកដោះម្នាក់ បានភ្ញាក់ផ្អើល និងស្រឡាំងកាំង​ជាខ្លាំងនា​សប្តាហ៍នេះ ក្រោយពីបាន​ប្រទះឃើញ​រណ្តៅ​យក្សមួយ ដែលវែងប្រវែង​ប៉ុនតារាងបាល់​ពីរ​បញ្ជូលគ្នា ហើយ​មានជម្រៅ​ស្មើនឹងអគារ ០៦ជាន់ ដោយប្រហោង​មរណៈនោះ ត្រូវបានបង្កើតឡើង​នៅទីវាលកសិដ្ឋាន​មួយកន្លែង ក្នុងក្រុង Rotorua នៅលើកោះ​ភាគខាងជើង​​ប្រទេស​នូវែលសេឡង់។ នេះបើតាម​ការចេញផ្សាយ​ដោយ​​ សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។

កសិករ​នូវែលសេឡង់​ម្នាក់​ត្រូវគេរាយការណ៍​ថា បានរកឃើញ​រណ្តៅយក្ស​ខាងលើ នាវេលាព្រលឹមស្រាងៗ នៅពេលដែលខ្លួន​កំពុងធ្វើការកៀរគរហ្វូងសត្វគោ​ឲ្យទៅចូលរោង​ដើម្បីច្របាច់យកទឹកដោះ។ លោក Colin Tremain ដែលជាម្ចាស់​កសិដ្ឋានខាងលើ​បានឲ្យដឹងថា លោកពីដំបូង​ពុំបាន​ចាប់អារម្មណ៍​នោះឡើយថា រណ្តៅនោះវា​ធំមហិមា​ប៉ុណ្ណោះនោះ​ឡើយ រហូតទាល់តែ​លោកឃើញ​វានៅពេល​ថ្ងៃរះ។

ជុំវិញរឿងគួរឲ្យ​ភ្ញាក់ផ្អើលនេះ អ្នកស្រាវជ្រាវផ្នែក​ភ្នំភ្លើងលោក Brad Scott បាន​បញ្ជាក់ថា​ ប្រហោង​ក្រោមដីនេះ ប្រហែលជាបាន​ចំណាយ​ពេលរាប់​ទសវត្សរ៍មកហើយ ដើម្បីសំងំលាក់ខ្លួន​ រួចទើបបានបង្កើតចេញឡើង។ លោក Scott បានលើកឡើងថា រណ្តៅយក្ស​នេះ ​ច្បាស់ជាបាន​បង្ហាញ​ខ្លួនដោយសារតែការធ្លាក់​ភ្លៀងក្នុងអំឡុង​ពេលអាច​ចាប់ពី ៤០, ៥០ ទៅ ១០០​ឆ្នាំចុងក្រោយ​នេះ ហើយការធ្លាក់​ភ្លៀងយ៉ាង​ជោគជាំ​នៅ​ទីនោះ​នាពេលថ្មីៗនេះ គឺគ្រាន់តែពន្លឿន​បន្ថែមនូវការវិត្តន៍​របស់វា​តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ប្រទេស​នូវែលសេឡង់ ក៏ស្ថិតនៅក្នុងតំបន់​គ្រោះថ្នាក់ នៃខ្សែក្រវ៉ាត់​ភ្លើង​របស់មហាសាគរប៉ាស៊ីហ្វីក​ផងដែរ ដោយសណ្ឋានដី​បែបនេះ គឺងាយស្រួល​នឹងរងគ្រោះ​ដោយសារ​រញ្ជួយដី ពីកម្រិតស្រាលទៅខ្លាំង និងបង្កជា​ការបាក់ដី ឬប្រេះដីដូច​ជាពេល​នេះ។ ខិតទៅខា​ង​លើតំបន់ប៉ាស៊ីហ្វិកនេះ គឺកោះហាវ៉ៃ​សហរដ្ឋអាមេរិក ក៏បាន​ទទួលរងគ្រោះ​រញ្ជួយដី​ផងដែរ នៅព្រឹក​ព្រហាម​ថ្ងៃសៅរ៍នេះ ដែលបានបង្កជាបន្ទុះភ្នំ​ភ្លើងយ៉ាង​ខ្លាំងក្លា៕

ចែករំលែក