ប្រទេសចិនត្រៀម «រៀបចំកម្មវិធី​ប្រកួត​មនុស្សយន្ត» ដែល​មានរាប់ម៉ឺន​ក្រុម​ចូលរួម…

0

 

(ប៉េកាំង)៖ ប្រទេសចិន​បានត្រៀមខ្លួន​ជា​ស្រេចហើយ ដើម្បីធ្វើ​ជាម្ចាស់ផ្ទះ​​ប្រារព្ធសន្និបាត​គ្រឿងយន្ត​ពិភពលោក​ឆ្នាំ២០១៨ «The 2018 World Robot Conference» ដែល​នឹងចាប់​ផ្តើមឡើង​​ពីថ្ងៃទី១៥-១៩ ខែសីហា ខាង​មុខនេះក្នុង​រដ្ឋធានី​ប៉េកាំង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃអង្គារ ទី០៨ ខែឧសភា ឆ្នាំ២០១៨។

ព្រឹត្តិការណ៍​​ដីវិសេស​ខាងលើនេះ នឹងមាន​​ក្រុម​​ចំនួន ១២,០០០ ធ្វើការប្រកួត​ប្រជែង មកពីប្រទេស​ជាង ១០ ក្នុងតំបន់ និងមនុស្ស ៥០,០០០នាក់​ចូលរួម។ សម្រាប់ការ​ប្រកួត​ប្រជែងនឹង​ត្រូវធ្វើឡើង អំឡុង​ពេលដាក់តាំងបង្ហាញ​គ្រឿងយន្តនោះតែម្តង ដោយការ​ប្រកួតចែក​ចេញ​​ជា ០៥ តំណាក់​កាល ឬទម្រង់​បែបបទ។

គោលដៅ​នៃការរៀបចំ​សន្និបាត និងការប្រកួត​​ប្រជែងនេះ គឺដើម្បី​ជួយជម្រុញ​ដល់ការស្រាវជ្រាវ​វិស័យផលិត​គ្រឿងយន្ត ឬមនុស្សយន្ត ដើម្បីបម្រើ​វិស័យជាច្រើន​​ដែល​អាច​ជំនួស​កម្លាំង​មនុស្ស និងមានប្រសិទ្ធភាព​កាន់តែ​ខ្ពស់។ វាមិនមែន​សម្រាប់តែប្រទេស​ចិន​នោះទេ តែវាក៏សម្រាប់ប​ណ្តាប្រទេស ដែលស្រឡាញ់​វិស័យបច្ចេកវិទ្យា​តែម្តង។

គួរបញ្ជាក់ថា មនុស្សយន្ត ឬគ្រឿង​យន្តឆ្លាតវៃ គឺមានការអភិវឌ្ឍ​ខ្លាំងនៅ​ប្រទេសជប៉ុន និង​សហរដ្ឋអាមេរិករួចមកហើយ ទាំងគ្រឿងយន្តមានរូបរាង​ដូចមនុស្ស ឬក៏គ្រឿងយន្តដែលអាចបំពេញ​មុខងារ​​មួយចំនួន​ជំនួសមនុស្ស ប៉ុន្តែសម្រាប់​ប្រទេស​ចិនវិញ នាប៉ុន្មានឆ្នាំ​ចុងក្រោយគឺខ្លួន​បានខិតខំ​យ៉ាងខ្លាំង ដើម្បីអភិវឌ្ឍន៍​គ្រឿងយន្ត និងមនុស្សយន្ត​ដែលមាន​តម្លៃ​សមរម្យ និង​បច្ចេកវិទ្យា​ខ្ពស់៕

ចែករំលែក