យន្តហោះ​ចិន Y-20 សម្រាប់​ដឹក​យោធា សព្វាវុធ និង​ទំនិញ «ត្រូវបាន​ធ្វើតេស្តដោយ​ជោគជ័យ»

0

 

(ប៉េកាំង)៖ យន្តហោះដឹក​ជញ្ជូនខ្នាតធំ Y-20 របស់​ប្រទេសចិន ត្រូវ​បាន​គេ​ធ្វើ​តេស្ត​​ហោះ​ហើរ​និង​ឆ្លងការហ្វឹកហាត់​ដឹកជញ្ជូនតាមផ្លូវអាកាស​​ ដោយជោគជ័យ​ជាលើក​ដំបូង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។

 

យោងតាម​លោក Shen Jinke អ្នកនាំពាក្យកងទ័ព​អាកាសចិន ជោគជ័យខាង​លើនេះ គឺជាការបោះជំហានមួយ នៅក្នុងការ​ដឹកជញ្ជូនបែបយុទ្ធសាស្រ្ត និងការបង្កើន​សមត្ថភាព​ប្រយុទ្ធផ្លូវអាកាស​ចម្ងាយឆ្ងាយ របស់កង​អង្គភាពនេះ ហើយសមត្ថភាព​នៃកងទ័ពអាកាស​​ចិន​ គួរ​​តែអាចត្រូវ​ពង្រីកទៅមុខ ដរាបណាផល​ប្រយោជន៍​ជាតិរបស់ចិន​នៅតែអាច​ទៅដល់ ដើម្បីផ្តល់ការធានា​ផ្នែកសន្តិសុខផ្លូវអាកាស​ដែលអាច​ជឿទុកចិត្ត​បាន​សម្រាប់ការ​អភិវឌ្ឍ​ប្រទេស។

សម្រាប់យន្តហោះធុន Y-20 ដែលត្រូវបានបញ្ជូល​ទៅក្នុងជួរកងទ័ព​អាកាសចិន កាលពី​ខែកក្កដា ឆ្នាំ២០១៦ និងមានទម្ងន់​ជាអតិរមា​​សម្រាប់​ការហោះហើរ​ប្រមាណជា ២០០តោន នោះ​គឺសាកសមបំផុត​សម្រាប់​ការដឹកជញ្ជូនទំនិញ​ និងមនុស្ស ក្នុងការធ្វើដំណើរ​រយៈចម្ងាយ​​ឆ្ងាយ ហើយនៅក្រោម​ស្ថានភាពអាកាសធាតុ​ខុសៗ​គ្នា។

គួរបញ្ជាក់ថា យន្តហោះ​ដឹកទំនិញ-សព្វាវុធ​យោធា Y-20 ត្រូវបានគេ​មើលឃើញថា មានលំនាំស្រដៀង​នឹងយន្តហោះ​ដឹកយោធា C-130 ដ៏ល្បីល្បាញ​របស់អាមេរិក ដែលមានសមត្ថភាព​ខ្ពស់ក្នុងការ​ដឹកទំនិញ យោធា និងសព្វាវុធ​ជាច្រើន​ប្រភេទ ហើយក៏មានបង្កប់​នូវប្រព័ន្ធទប់ស្កាត់​ការវាយប្រហារ​ពីគ្រាប់រ៉ុក្កែត មីស៊ីល​ខ្នាតតូច និងយន្តហោះ​ចម្បាំងសត្រូវផងដែរ៕

ចែករំលែក