ភ្នំភ្លើង Merapi នៅ​លើកោះជ្វា​ផ្ទុះសាជាថ្មី និងជះ​កម្អែលផេះ​ឡើងកប់​អាកាស​តែ​ម្តង!

0

 

(ហ្សាការតា)៖ ភ្នំភ្លើង​ម៉ឺរ៉ាពី (Merapi) ស្ថិតនៅ​ទីក្រុង យុកយ៉ាការតា (Yogyakarta) ភាគកណ្តាល​​កោះជ្វា (Java) នៃប្រទេស​​ឥណ្ឌូណេស៊ី​នោះ បានផ្ទុះឡើង​​ជាថ្មីទៀតហើយ​នៅព្រឹក​ថ្ងៃសុក្រនេះ ដោយបានបង្ខំ​​ឲ្យប្រជាជន​ជា​ច្រើននាក់ ត្រូវជម្លៀស​ខ្លួន​ទៅ​រកកន្លែង​មាន​សុវត្ថិភាព។ នេះបើ​តាមការ​​ចេញផ្សាយ​​ដោយ ទីភ្នាក់ងារ​​ព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​​ថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។

ភ្នំភ្លើងដែលកំពុង​ពុះកញ្ជ្រោលខាង​លើនេះ ស្ថិតនៅតំបន់​ព្រំដែនបីស្រុកគឺ ក្លាទែន (Klaten), ម៉ាឡេឡេង (Magelang) និង បូយ៉ូឡាលី (Boyolali) ដោយវាបាន​ផ្ទុះឡើងកាល​ពី​វេលាម៉ោង ៧៖៣០នាទី​ព្រឹក​​ថ្ងៃសុក្រនេះ (ម៉ោងនៅ​ហ្សាការតា) និង​បានជះ​កម្អែលផេះឡើង​លើផ្ទៃអាកាស ក្នុងរយៈកម្ពស់ប្រមាណ ៥,៥០០ម៉ែត្រ តែមិនបាន​បង្កគ្រោះថ្នាក់​ដល់ជីវិតមនុស្ស​នោះឡើយ គិតមក​ទល់នឹង​រសៀល​ថ្ងៃ​ដដែល​​នេះ។

កម្ទេចកម្ទី​នៃធូលីផេះផង់ បានចាប់ផ្តើមធ្លាក់លើទីក្រុង Yogyakarta ភាគកណ្តាល​កោះជ្វា ហើយនៅតំបន់​ភាគខាងត្បូងភ្នំភ្លើងនេះ ត្រូវបានអាជ្ញាធរ​ប្រកាសឲ្យ​ប្រជាជនជម្លៀសចេញ ព្រោះវាជាកន្លែង​ដែលនឹងមានផេះធ្លាក់គ្របដណ្តប់​​ច្រើនជាងគេ ដោយសារស្ថិតនៅ​ក្រោមខ្យល់។ បន្ថែមពីនេះក្រុម​មន្ត្រីសង្គ្រោះ​បន្ទាន់ថ្នាក់ជាតិ បានស្នើ​ឲ្យប្រជាជន​​នៅទីនោះ​ពាក់ម៉ាស់បិទមុខ ដើម្បីការពារ​​ធូលីឲ្យបាន​​ត្រឹមត្រូវ និងត្រូវស្ថិតនៅ​ចម្ងាយ​យ៉ាងតិច ០៥គីឡូម៉ែត្រ ពីមាត់​ភ្នំភ្លើង។

គួរបញ្ជាក់ថា ប្រទេស​ឥណ្ឌូណេស៊ី គឺជាដែនដីនៃប្រជុំ​កោះតូចធំសរុប​​ចំនួនជាង ១៧​ពាន់កោះ ហើយក្នុងនោះ​គ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង​តែងតែកើតមាន​ជារៀងរាល់​ឆ្នាំ ដោយសារតែ​ឥណ្ឌូណេស៊ី ស្ថិតនៅក្នុងតំបន់​ខ្សែក្រវាត់ភ្លើង នៃមហា​សមុទ្រ​ប៉ាស៊ីហ្វិក (Pacific Ring of Fire) ដែលងាយ​រងគ្រោះធម្មជាតិ​អាក្រក់ៗ។

បន្ថែមពីនេះ​ភ្នំភ្លើង Merapi ត្រូវបានក្រុម​ជំនាញ​អះអាងថា បានផ្ទុះ​ជាទៀងទាត់ ចាប់តាំងពី​ឆ្នាំ១៩៤៨ ទល់នឹងបច្ចុប្បន្ន ហើយនៅជុំវិញនោះ​មានប្រជាជនរស់នៅ ២.៤លាននាក់ ដោយកាលពីខែវិច្ឆិកា ឆ្នាំ១៩៩៤ កម្អែលភ្នំភ្លើង​ក្រោយការ​ផ្ទុះដ៏ខ្លាំងក្លា ដែលបានហូរ​ចុះពីកំពូលភ្នំនេះ បានសម្លាប់​មនុស្សរហូត​ដល់​ទៅ ២៧នាក់៕

ចែករំលែក