យន្តហោះផលិត​ដោយចិន​មួយនេះ «អាចពន្លត់​ភ្លើងឆេះ​ព្រៃ និង​ចុះចត-ហោះឡើង​ពីផ្ទៃទឹក​បាន…»

0

 

(ប៉េកាំង)៖ ប្រទេសចិន​បានកំណត់​គោលដៅថា យន្តហោះ​ខ្នាតយក្ស​​ដែលមាន​សមត្ថភាពចុះចត​​លើផ្ទៃ​​សមុទ្របាន AG600 របស់ខ្លួន នឹង​​អាចប្រគល់​ដល់ដៃអតិថិជន​នៅឆ្នាំ២០២២។ នេះបើតាម​ការបង្ហាញជំនឿ​ជឿជាក់​របស់ក្រុមហ៊ុន AVIC ដែលជាអ្នក​ផលិតយន្តហោះ​នេះ​ ដក​ស្រង់សម្តី​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។

លោក ហ័ង លីកៃ (HHuang Lingcai) ប្រធានផ្នែករចនារបស់ក្រុមហ៊ុន​ខាងលើ បានឲ្យ​ដឹងថា «ក្រោយពីការហោះហើរ​ប្រកបដោយជោគជ័យ​ជាលើក​ដំបូង កាលពីខែធ្នូឆ្នាំ​ទៅមិញ ពួកយើងកំពុង​រៀបចំ​បញ្ជូន AG600 ចេញពីមូលដ្ឋាន​ស្រាវជ្រាវ ដែលស្ថិតក្នុង​ទីក្រុង ជូហៃ (Zhuhai) ទៅកាន់ក្រុង ហ្ស៊ីងមិន (Jingmen) នៃខេត្ត ហ៊ូបៃ (Hubei) ភាគកណ្តាល​ប្រទេសចិន នៅខែកក្កដា​ខាងមុខ។ ក្រោយមក​ទៀត យន្តហោះនេះ នឹង​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ការ​ហោះ​​ចាក​​ចេញ​ពី​លើ​ផ្ទៃ​ទឹក​ជា​លើកដំបូង​របស់វា ដែលត្រូវបានកំណត់​ថា នឹងប្រព្រឹត្តទៅនៅ​ចុងឆ្នាំនេះ»។

គួរជម្រាបថា ការហោះចាកចេញពី​ផ្ទៃទឹកលើកទីមួយ​របស់វា នឹងត្រូវធ្វើឡើង​នៅឯទំនប់ទឹក​ដ៏ធំមួយ នៅទីក្រុង Jingmen។ យន្តហោះ AG600 ដែលរចនាឡើង​ដើម្បីក្លាយជាយន្តហោះ​ធំជាងគេបង្អស់​លើលោក ដែលអាចចុះចត​លើផ្ទៃទឹកបាន នឹងត្រូវគេប្រើប្រាស់​ជាចម្បង​សម្រាប់ការជួយ​សង្រ្គោះលើផ្ទៃទឹក, ការពន្លត់​ភ្លើងឆេះព្រៃ, និងការឃ្លាំមើល​តាម​ដែនសមុទ្រ ហើយអាចធ្វើដំណើរ​បានចម្ងាយ​​រហូតដល់​៤,៥០០គីឡូម៉ែត្រ​ ក្នុងមួយ​ជើង៕

ចែករំលែក