តំបន់លើ​​ភ្នំភ្លើងយក្ស Yellowstone អាមេរិក​ ​ឲ្យសញ្ញា​មិនប្រក្រតីក្រោយ​ស្ងប់ស្ងាត់​អស់​០៩ឆ្នាំ​…

0

 

(អាមេរិក)៖ ចំណុចទឹកក្តៅ​ដែលផុសចេញពីទីដី​ ដែលរយៈកម្ពស់ខ្ពស់ជាងគេ​បង្អស់លើ​ពិភពលោក ស្ថិតនៅ​ឧទ្យានជាតិ Yellowstone (ថ្មលឿង) ភាគពាយ័ព្យ​​​សហរដ្ឋអាមេរិក បានបញ្ចេញ​សកម្មភាពជា​លើកទី ៥ សម្រាប់ឆ្នាំ​២០១៨​ ដែលជាប្រការ​មួយ​នាំឲ្យ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ធ្វើការសិក្សា​បន្ថែម ដើម្បីឲ្យបានដឹង​ពីដើមចម ឬកត្តាធម្មជាតិ​​ណាមួយ ដែលបង្កជា​បាតុភូត​ចម្លែកនេះ​ឡើង។ នេះបើតាម​​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។

ចំណុចទីខ្ពស់ខាងលើដែលគេ​ហៅឈ្មោះថា Geyser នេះ​អាចបាញ់​កំសួលទឹកចេញ​ និងចំហាយពីក្នុងផ្ទៃដីទៅលើអាកាស​បានរយៈពេល​ជាច្រើននាទី និងបង្ហុយ​​ចំហាយ​ក្តៅ​​​បាន​រយៈពេលរាប់ថ្ងៃ​ថែមទៀត ហើយវា​គឺជា Geyser សកម្មដែល​ខ្ពស់ជាង​គេបំផុត​នៅលើ​ពិភពលោក ដែលមាន​សមត្ថភាព​បាញ់ទឹក​ឡើង​ទៅ​លើផ្ទៃអាកាស​បានរហូតដល់ ៩១ម៉ែត្រ​ឯណោះ។

អ្វីដែលឲ្យធ្វើអ្នក​វិទ្យាសាស្រ្តចាប់​អារម្មណ៍នោះ គឺថា Geyser ខាងលើមាន​ភាពស្ងប់ស្ងាប់ ​អស់រយៈពេល​យ៉ាងហោច​ណាស់ ០៩ឆ្នាំ មកហើយ ខណៈការ​បញ្ចេញសកម្មភាព​ជាលើកដំបូង​ឡើងវិញ​​នាឆ្នាំនេះ កាលពីពាក់​កណ្តាល​ខែមីនា និងក្រោយមក​នៅខែមេសា​ចំនួនពីរលើក និង​មួយលើក​មុន​នេះគឺ​នៅថ្ងៃទី០៤ ខែឧសភា។

យ៉ាងណាមិញ ទោះបីជា​អ្នកវិទ្យាសាស្រ្ត​មិនទាន់ដឹងពីមូលហេតុ​ពិតប្រាកដថា ហេតុអ្វីបានជា​វាបញ្ចេញសកម្មភាព ខុសប្រក្របី​បែបនេះ​​យ៉ាង​ណាក្តី ពួកគេបាន​សន្និដ្ឋានតំណាក់កាលដំបូងថា ចំណុច Geyser នេះ នឹងពុំបង្កជា​គ្រោះមហន្តរាយ​ ដូចជាការផ្ទុះភ្នំភ្លើងកំណាចៗ ដែលស្ថិតនៅ​ក្រោមឧទ្យាន​ជាតិ​អាមេរិក Yellowstone ស្ថិតចំលើពីចំណុច​តំបន់ភ្នំភ្លើង​យក្ស និងលាតសន្ធឹងឆ្លងកាត់​រដ្ឋចំនួនបី​រួមមាន Wyoming, Montana, និង Idaho នេះឡើយ។

គួរជម្រាបថា ភ្នំភ្លើងកំណាច​នៅពីក្រោមឧទ្យាន Yellowstone បានផ្ទុះជាលើកចុ​ងក្រោយ តាំងតែពី ៧០,០០០មុនមកម្ល៉េះ ប៉ុន្តែបច្ចុប្បន្ន​គឺជាជាទីរមណីយដ្ឋានដ៏ពេញ​​និយម​សម្រាប់ប្រជាជនអាមេរិក ដោយសារតែទិដ្ឋភាពបឹងទឹកក្តៅដ៏អស្ចារ្យ និងមានពណ៌លឿងៗ ប្រកប​ដោយ​លក្ខណៈ​ប្លែកពី​គេនេះ។

ងាកទៅមើលស្ថានការណ៍កាលពីសប្តាហ៍មុននេះវិញ គឺគ្រោះធម្មជាតិ​រញ្ជួយផែនដី ដែលមាន​កម្រិតធ្ងន់រហូត​ដល់ ៦.៩រ៉ិចទ័រ បាន​វាយ​ប្រហារ​​កោះធំមួយ ស្ថិតនៅក្នុង​ប្រជុំកោះ​ហាវ៉ៃ​ នៃ​សហរដ្ឋអាមេរិក នាកណ្តាល​មហាសាគរ​​​ប៉ាស៊ីហ្វិកនាព្រឹក​​ថ្ងៃសៅរ៍ ទី០៥ ខែឧសភា ឆ្នាំ២០១៨។

គ្រោះរញ្ជួយដី​ខាងលើនេះ​ វាយប្រហារត្រង់​​ចំណុចស្ថិត​នៅចម្ងាយ ១៦គីឡូម៉ែត្រ ពីភាគនិរតី​នៃកោះ ឡៃឡានី អ៊ីស្តេតស៍ (Leilani Estates) ដែលជាកោះធំមួយ​ក្នុងប្រជុំកោះ​​នៃរដ្ឋហាវ៉ៃ កាលពី​វេលា​ម៉ោង ១២៖៣២នាទីរសៀល​​ថ្ងៃសុក្រ ទី០៤ ខែឧសភា។ ប្រការនេះ​​អាចឲ្យយើងធ្វើការគិត​ទៅដល់សកម្មភាព​កញ្ជ្រោលមួយចំនួន នៃស្រទាប់​ផែនដី ដែលអាចមាន​ចលនាប្រទាក់​ក្រឡាគ្នា ទើបបង្កចេញជាបាតុភូត​ធម្មជាតិនានា​ព្រមគ្នា​បែប​នេះ៕

ចែករំលែក