HOT NEWS: ទីបំផុត​មូល​ហេតុ​​ធ្លាក់ MH370 ត្រូវទម្លាយ​ចេញមក​​ជាផ្លូវការ ប៉ុន្តែនៅស្ថិត​ក្នុងការ​សង្ស័យ…

0

 

(ម៉ូស្គូ)៖ សារព័ត៌មាន​អង់គ្លេស Telegraph, Independent និងសារព័ត៌មាន​វ៉ាស៊ីនតោនប៉ុស្តិ៍​របស់អាមេរិក បានចេញ​ផ្សាយដូចៗគ្នាថា ការបាត់ខ្លួន​ដ៏អាថ៌​កំបាំងនៃជើង​ហោះហើរ MH370 របស់ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ីអ៊ែរឡាញ ជាមួយមនុស្ស ២៣៩នាក់ គឺបង្កឡើង​ដោយចេតនា​ ចង់ឱ្យយន្ដហោះនេះ​​ធ្លាក់របស់​មេបញ្ជាការ​ក្រុម​អាកាសយានិក​ម្នាក់។ នេះបើតាមការ​ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨។

Telegraph ធ្វើសេចក្ដី​រាយការណ៍​បែបនេះ ដោយសំអាង​លើកម្មវិធីផ្សាយ​មួយមានរយៈពេល ៦០នាទី នៅលើ​ទូរទស្សន៍​អូស្រ្ដាលី ដោយនៅក្នុងកម្មវិធីនេះ​អ្នកជំនាញ​ម្នាក់គឺ លោក ម៉ាទីន ដូឡាន (Martin Dolan) ជាអតីតប្រធាន​ទីភ្នាក់ងារសន្តិសុខ​ដឹកជញ្ជូន​អូស្រ្ដាលី​បានអះអាងថា លោក ហ្សាហារី អាមេដ ហ្សាហ៍ (Zaharie Ahmad Shah) ដែលជា​មេបញ្ជា​ក្រុមអាកាសយាននិក​ មានចេតនាធ្វើ​ឱ្យ​យន្ដហោះ MH370 តាមរយៈការ​ធ្វើឱ្យវា​បាត់ចេញពី​ប្រព័ន្ធ​រ៉ាដា និងបញ្ជាយន្ដ​ហោះនេះ ឆ្ពោះ​ទៅមហាសមុទ្រ​ឥណ្ឌា​តែមួយម៉ោង​ប៉ុណ្ណោះ បន្ទាប់ពីហោះ​ចេញពី​ទីក្រុង​គូឡាឡាំពួ។ «វាគឺជាទង្វើ​មានគំរោងទុក​ជាមុន ហើយវាត្រូវ​បានគេរៀបចំ​អស់រយៈពេល​ជាយូរណាស់​មកហើយ»។ នេះគឺជាការគូស​បញ្ជាក់​របស់​លោក ម៉ាទីន ដូឡាន (Martin Dolan)។

តែទោះ​ជាយ៉ាងក្ដី អ្នកជំនាញរូបនេះ​ដែលបានដឹកនាំប្រតិបត្តិការ​ស្វែងរក MH370 អស់រយៈពេល​ជាង ០២ឆ្នាំ បាន​អះអាងថា វាមិន​មែនជាសកម្មភាព​ភេរវកម្ម​នោះទេ ពីព្រោះបើវា​ជាសកម្មភាព​ភេរវកម្មនោះ ពួកភេរវករ​នឹងចេញមុខទទួល​ស្គាល់បាត់​ទៅហើយ។ ដូច្នេះការធ្លាក់​យន្តហោះ​នេះ មានលទ្ធភាព​ខ្ពស់ក្នុងការទម្លាក់​ការទទួល​ខុសត្រូវទៅ​លើក្រុម​អាកាសយានិក ដែលទទួល​ខុសត្រូវទាំងស្រុង​លើការហោះហើរ។

ដោយឡែក អតីតអ្នកស៊ើប​អង្កេតម្នាក់ទៀត​ មកពីការិយាល័យ​សន្តិសុខដឹកជញ្ជូន​កាណាដា លោក ឡារី វែនស៍ (Larry Vance) ក៏បានអះអាងនៅ​ក្នុងកម្មវិធីនោះដែរថា លោក Zaharie មានអាយុ ៥៣ឆ្នាំ ទំនងជាបាន​ពាក់ម៉ាស់​អុកស៊ីសែន មុននឹងរូបលោកទម្លាក់កម្រិត​អុកស៊ីសែន​នៅលើយន្ដហោះ ដើម្បីឱ្យ​មនុស្ស ២៣៨នាក់ទៀត បាត់បង់ស្មារតី ទើបបន្ទាប់មក​ក៏ចាប់ផ្តើមប្រតិបត្តិការធ្វើឲ្យ​យន្តហោះ​នោះធ្លាក់ ប៉ុន្តែគេមិន​ទាន់ដឹងថា តើអ្នកបញ្ជាការហោះហើរនោះ មានបញ្ហាអ្វី ឬបានរងវិបត្តិអ្វីឡើយ ទើបទៅជាធ្វើការ​សម្រេចចិត្ត​បែបនេះ។

គួររំលឹកថា ជើង​ហោះហើរ MH370 របស់ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ីអ៊ែរឡាញ ដែលមានជើង​ហោះហើរពីទីក្រុង​គូឡាឡាំពួ ឆ្ពោះទៅកាន់​ទីក្រុងប៉េកាំង បានបាត់ខ្លួន​ដោយអាថ៌កំបាំង​ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយ​មនុស្ស ២៣៩នាក់ ក្នុងនោះមាន ១២នាក់​ ជាសមាជិក​អាកាសយាននិក។ ជាងនេះ​ទៅទៀត យន្ដហោះនេះ​មិនទាន់ត្រូវបាន​គេរកឃើញ​នៅឡើយទេ រីឯមូល​ហេតុក៏មិន​ទាន់ត្រូវ​បានគេបញ្ជាក់​ឱ្យច្បាស់ដែរ បើទោះជា​ក្រុមអ្នកស្វែង​រក ធ្លាប់​បានរកឃើញ​បំណែក​យន្ដហោះជាបន្ត​បន្ទាប់​ក៏ដោយ៕

ចែករំលែក