គ្រោះថ្នាក់មែន! កាកសំណល់​ពីបន្ទុះភ្នំភ្លើង​លើកោះ​ហាវ៉ៃ កំពុងបំពុល​បរិស្ថាន​យ៉ាងខ្លាំង!

0

 

(អាមេរិក)៖ ភ្នំភ្លើង​គីឡូអៀ (Kilauea) នៃរដ្ឋហាវ៉ៃ​​ បានបង្កើតហា​និភ័យ​ក្នុងទម្រង់ថ្មីមួយ​ទៀត​សម្រាប់ប្រជាជន​អាមេរិក ដែលរស់នៅលើ​ដែនដីកោះ​ដ៏ធំ​នេះ ខណៈដែល​កម្អែរភ្នំភ្លើង ដែលបានហូរ​ចូល​ទៅដល់​មហាសមុទ្រ​ប៉ាស៊ីហ្វិកហើយនោះ អាចបង្ក​ជាដុំពពក​ ភាគល្អិត ក៏ដូចជា​​ចំហាយ​ទឹក​ ដែល​មាន​សារធាតុពុល។ នេះបើតាម​ការ​ដកស្រង់​ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ​២០១៨។

អាជ្ញាធរ​កោះហាវ៉ៃ បានណែនាំឲ្យ​សាធារណៈ​មានការប្រុង​ប្រយ័ត្នខ្ពស់ អំពីផ្សែង​ក៏ដូចជា​អ័ព្ទពុល ដែលកើតឡើងពី​​ការហូរចូលនៃកម្អែរ​​ភ្នំ​ភ្នើងទៅក្នុង​មហាសមុទ្រ។ បណ្តុំ​ផ្សែងនេះ បានគ្របដណ្តប់​លើផ្ទៃដីទំហំប្រមាណ ២៤គីឡូម៉ែត្រ ជុំវិញកន្លែង​ដែល​កម្អែរភ្លើង បានជួបនឹង​​ទឹក​​សមុទ្រ។​

គួរជម្រាបថា ភ្នំភ្លើង Kilauea បានចាប់ផ្តើម​​ផ្ទុះឡើងជា​លើកដំបូង កាលពីជាង ០២សប្តាហ៍មុន និងបានបំផ្លិចបំផ្លាញ​​លំនៅឋាន​រាប់សិបខ្នង​ ដែល​ឈានដល់​ការជម្លៀសខ្លួន​មនុស្សរាប់​ពាន់នាក់។

រំលឹកព័ត៌មានកាលពីថ្ងៃសុក្រសប្តាហ៍មុន ភ្នំភ្លើង​គីឡូអៀ (Kilauea) នៅរដ្ឋហាវ៉ៃ​​​របស់​សហរដ្ឋអាមេរិក បានផ្ទុះសាជាថ្មី​ម្តងទៀត ដោយជះកម្អែលផេះ​​យ៉ាងក្រាស​ឃ្មឹកឡើង​ទៅលើ​ផ្ទៃអាកាស​កម្ពស់ជិត ១០គីឡូម៉ែត្រ ដែលជាហេតុធ្វើ​ឲ្យអាជ្ញាធរ​ក្នុងតំបន់ធ្វើការ​ណែនាំ​​ ក៏ដូចជាទទូច​ឲ្យ​​ប្រជាពលរដ្ឋ​កុំឲ្យចាក​ចេញ​ទៅ​ក្រៅលំនៅឋានឲ្យ​សោះ។

បើតាមទីភ្នាក់ងារ​ឃ្លាំមើលសកម្មភាព​ភ្នំ​ភ្លើង​កោះហាវ៉ៃ HVO បានឲ្យដឹងថា បន្ទុះភ្នំភ្លើងនេះ​​បានបង្កឲ្យមាន​ដុំពពកដ៏ធំ​សម្បើមមួយ ដែល​​មាន​​កម្ពស់ដល់​ទៅ ៩,១០០ម៉ែត្រ ហើយកំពុងរសាត់ទៅភាគ​អាគ្នេយ៍។ ភ្លាមៗក្រោយ​ពីវាបានផ្ទុះ ទីភ្នាក់ងារ​ការពារជនស៊ីវិល​ នៃកោះហាវ៉ៃ​បាន​ទទូចឲ្យ​ប្រជាពលរដ្ឋ​ស្វែងរក​កន្លែងសុវត្ថិភាព​ដើម្បីជ្រកកោន និងកុំចេញ​ទៅខាងក្រៅ ដោយសារ​តែកម្អែលផេះ នឹងគ្របដណ្តប់​ពី​លើតំបន់​នៅ​ជុំវិញ​​នោះ។

ប្រជុំកោះហាវ៉ៃ ត្រូវបានក្រុមស្ទាបស្ទង់​ភូមិសាស្ត្រអះអាងថា ស្ថិតនៅពី​លើសណ្ឋានដី​​ស្តើង ដែលក្រាលពី​លើមាត់រណ្តៅភ្នំ​ភ្លើងដ៏ធំ ហើយភស្តុតាង​ត្រូវបានស្តែងចេញ​យ៉ាងច្បាស់ នៅពេលមាន​គ្រោះរញ្ជួយដី​ជិត ៧រ៉ិចទ័រ កាលពីប៉ុន្មានសប្តាហ៍មុន ដែលទីតាំងមួយ​ចំនួន​បានរហែក និងហៀរកម្អែលភ្លើងចេញ​មកលើទីវាលដីទំនាប​យ៉ាងស្រស់ៗ​តែម្តង។ ប្រជាជនក្នុង​តំបន់ត្រូវ​បានជម្លៀស​ចេញ ប្រកបដោយ​ការភ័យខ្លាចបំផុត៕

ចែករំលែក