នេះជា​ប្រវត្តិ​ធ្លាក់យន្តហោះ ១៦លើក​ក្នុងមួយ​ទសវត្សរ៍​ ដែលបានផ្តាច់​ជីវិត​មនុស្សចាប់ពី ១០០នាក់…

0

 

(ប៉េកាំង)៖ នាពេលថ្មីៗនេះ​​​គ្រោះថ្នាក់ធ្លាក់​យន្តហោះនៅឯ​ប្រទេសគុយបា បានផ្តាច់ជីវិត​មនុស្សចំនួន ១១០នាក់ នៅក្បែរព្រលាន​យន្តហោះ​​អន្ត​ជាតិ​ Jose Marti នៃទីក្រុង​ឡាហាវ៉ាន់។ ​គ្រោះថ្នាក់ផ្លូវអាកាស​ដ៏អាក្រក់បំផុត​នៅគុយបា កាលពីថ្ងៃសុក្រ​កន្លងទៅនេះ បានបន្សល់​ទុក​តែ​មនុស្ស ០៣នាក់ប៉ុណ្ណោះនៅ​រស់រានមានជីវិត​​​ ក្នុងចំណោម​មនុស្សសរុប​ចំនួន ១១៣នាក់ ទាំងស្ថិតក្រោម​ស្ថានភាព​ធ្ងន់ធ្ងរ។ ​ខាងក្រោមនេះ​ ​គឺ​​ករណីគ្រោះថ្នាក់ធ្លាក់​យន្តហោះ​ធំៗ​នៅជុំវិញ​ពិភពលោក ក្នុងរយៈពេល​ប្រមាណ ០១ទសវត្សរ៍​កន្លងទៅនេះ ដែល​មាន​​ចំនួន​មនុស្ស​ស្លា​ប់​លើស​ពី ​១០០​នាក់​៖

១៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ មនុស្សសរុប ២៥៧នាក់ បានស្លាប់នៅ​ក្នុងហេតុការណ៍​ធ្លាក់យន្តហោះ​យោធា​មួយគ្រឿង នៅ​អាល់​ហ្សេ​រី។

២៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ យន្តហោះ​ដឹកអ្នកដំណើរ Airbus A321 បានធ្លាក់​នៅឧបទ្វីប Sinai តាមផ្លូវចេញ​ពី​​ទីក្រុង Sharm al-Sheikh ប្រទេស​អេហ្ស៊ីប ឆ្ពោះទៅ​កាន់​​ទីក្រុង Saint Peterburg ប្រទេសរុស្ស៊ី​ផ្តាច់ជីវិត​មនុស្ស ២២៤នាក់។

៣៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ យន្តហោះយោធា​ដឹកទំនិញ​មួយគ្រឿង បានធ្លាក់ទៅ​ទីក្រុង Medan នៃខេត្តស៊ូម៉ាត្រា​ភាគខាងជើង​​ របស់ប្រទេស​ឥណ្ឌូណេស៊ី ផ្តាច់ជីវិតមនុស្ស​ជាង ១០០នាក់ រួមមានដែលជិះ​នៅលើនោះ និងអ្នកដែល​នៅផ្ទាល់ដី។

៤៖ នៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៥ យន្តហោះ Airbus 320 របស់អាកាសចរណ៍​អាល្លឺម៉ង់ Germanwing ដែលដឹកមនុស្ស ១៥០នាក់ បាន​ធ្លាក់​​នៅភាគខាងត្បូង​ប្រទេសបារាំង ស្របពេលកំពុង​ធ្វើដំណើរពីទីក្រុង​បាសេឡូណា ប្រទេស​អេស៉្បាញ ឆ្បោះទៅកាន់​ទីក្រុង Duesseldorf នៃ​ប្រទេស​អាល្លឺម៉ង់។ ពុំមាននរណា​ម្នាក់នៅមាន​ជីវិតនោះ​ឡើយ។

៥៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ យន្តហោះ Airbus A320-200 របស់​អាកាសចរណ៍ AirAsia ដឹក​មនុស្ស ១៦២នាក់ បានបាត់ស្រមោល​ចេញ​ពីប្រព័ន្ធរ៉ាដា នៅតាមផ្លូវចេញ​ពីទីក្រុង Surabaya ឥណ្ឌូណេស៊ី ទៅកាន់​ប្រទេសសិង្ហបុរី។ សាកសព​របស់ជនរង​គ្រោះ​​ទាំងអស់ និងប្រអប់​ខ្មៅ​​របស់​យន្តហោះ ត្រូវបានរក​ឃើញនៅរយៈពេល​មួយសប្តាហ៍​​ក្រោយ នៅលើ​សមុទ្រជ្វា។

៦៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ យន្តហោះមួយ​​របស់​អាកាសចរណ៍​ Air Algerie ផ្ទុកមនុស្ស ១១៦នាក់ បានធ្លាក់នៅ​ប្រទេស​ម៉ាលី ដែល​នៅ​ក្បែរនោះ ផ្តាច់ជីវិតអ្នក​ដំណើរទាំង ១១០នាក់ ព្រមទាំង​សហសេវិកជាជនជាតិ​អេស៉្បាញទាំង ០៦នាក់ នៅលើនោះ។

៧៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ជើងហោះហើរ​​របស់អាកាសចរណ៍​ម៉ាឡេស៊ី MH17 ដែលជាប្រភេទ​យន្តហោះ MH17 មាន​គោលដៅ​​ធ្វើដំណើរ​ពីទីក្រុង Amsterdam ​ប្រទេសហូឡង់​ឆ្ពោះទៅកាន់ទីក្រុង​គូឡាឡាំពួ ​​បានធ្លាក់​នៅភាគខាងកើត​ប្រទេស​អ៊ុយក្រែន ផ្តាច់ជីវិត​​មនុស្ស​​ទាំង ២៩៨នាក់នៅលើនោះ។

៨៖ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជើងហោះហើរ​​របស់អាកាសចរណ៍​ម៉ាឡេស៊ី MH370 បានបាត់ស្រមោល​សូន្យឈឹង​ មក​ទល់​​ពេលនេះ​ជាមួយ​​មនុស្ស ២៣៩នាក់ ក្នុងពេលធ្វើ​ដំណើរពីរដ្ឋធានី​គូឡាឡាំពួ ឆ្ពោះទៅទីក្រុង​ប៉េកាំង។

៩៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ យន្តហោះ​របស់​អាកាសចរណ៍ Dana Air ដែលហោះចេញ​ពីទីក្រុង Abuja ប្រទេស​នីហ្សេរីយ៉ា បាន​ធ្លាក់នៅតំបន់​ប្រជុំជនមួយ​កន្លែង ក្នុងទីក្រុង Lagos ​ផ្តាច់ជីវិតមនុស្ស ១៥៣នាក់ នៅលើ​យន្តហោះ ព្រមទាំង ៤០នាក់ទៀត ដែលរស់នៅ​ក្នុង​​អគារកម្ពស់​ពីរជាន់មួយខ្នង ដែលត្រូវយន្តហោះ​ធ្លាក់ហើយ​បុកចំ។

១០៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១០ ជើងហោះហើរ ED-202 របស់​​អាកាសចរណ៍ Airblue បានធ្លាក់​នៅជួរភ្នំ Margalla ​នៅរដ្ឋធានីអ៊ីស្លា​ម៉ា​​បាដ​​ប្រទេសប៉ាគីស្ថាន ផ្តាច់ជីវិត​មនុស្សទាំង ១៥២នាក់ នៅលើនោះ។

១១៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១០ មនុស្សយ៉ាងតិច ១៥៨នាក់ បានបាត់បង់ជីវិត​ នៅពេលយន្តហោះ​​​មួយគ្រឿង​របស់​អាកាសចរណ៍​ Air India Express ដែលចេញពី​ទីក្រុងឌូបៃ នៃប្រទេស​អេមីរ៉ាត់អារ៉ាប់រួម បានជ្រុលធ្លាក់ចេញ​ពីផ្លូវនៅពេលចុះចត ហើយច្រមុជ​បុកដី​​ នៅ​ក្បែរ​អាកាស​យានដ្ឋាន Mangalore នៃរដ្ឋ Karnataka ភាគខាងត្បូង​ប្រទេស​ឥណ្ឌា។

១២៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១០ យន្តហោះដឹក​អ្នកដំណើរ​មួយគ្រឿង​របស់អាកាស​ចរណ៍​លីប៊ី Afriqiyah បានធ្លាក់ក្នុងពេល​​ចុះ​ចត​នៅ​​ឯព្រលាន​យន្តហោះ Tripoli ផ្តាច់ជីវិតមនុស្ស​ចំនួន ១០៣ នៅលើនោះ លើកលែងតែ​កុមារាជនជាតិ​ហូឡង់វ័យ ០៨ឆ្នាំ ដ៏សំណាងម្នាក់។

១៣៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៩ យន្តហោះដឹក​អ្នកដំណើរ​មួយ​គ្រឿង​​របស់​ប្រទេសអ៊ីរ៉ង់ បានធ្លាក់នៅ​ក្បែរទីក្រុង Gazvin ដែលស្ថិត​នៅ​ភាគ​ពាយ័ព្យ​ប្រទេស ផ្តាច់ជីវិត​មនុស្សទាំង ១៦៨នាក់ នៅលើនោះ។

១៤៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៩ យន្តហោះ​​ធុន Airbus A310 បានធ្លាក់ទៅ​ក្នុងមហាសមុទ្រ​ឥណ្ឌា ខណៈដែលវាកំពុង​ឆ្ពោះទៅចុះចត​នៅឯព្រលាន​យន្តហោះ​​នៃប្រជុំកោះ Comoros ដោយផ្តាច់ជីវិត​មនុស្សចំនួន ១៥២នាក់ នៅលើនោះ ប៉ុន្តែកុមារីវ័យ ១៣នាក់ម្នាក់ ដែលជាជន​ជាតិ​បារាំង​បានរួច​រស់ជីវិត។

១៥៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០៩ ជើងហោះ​ហើរលេខ ៤៤៧ របស់អាកាសចរណ៍ Air France ដែលជាប្រភេទ​យន្តហោះ AirBus A330 បានធ្លាក់​នៅលើមហាសមុទ្រ​អាត្លង់ទិច ក្រោយពីបានចាក​ចេញពីទីក្រុងរីយ៉ូ (Rio de Janeiro) ដើម្បីឆ្ពោះទៅកាន់​ទីក្រុងប៉ារីស ហើយ​ផ្តាច់​ជីវិត​មនុស្សទាំង ២២៨នាក់ នៅលើនោះ។

១៦៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០០៨ មនុស្សចំនួន ១៥៤នាក់ បានស្លាប់ និង១៨នាក់​បានរងរបួស នៅពេលដែលយន្តហោះ​​មានអាយុ​កាល​​ប្រមាណ ១៥ឆ្នាំ មួយគ្រឿង បានធ្លាក់ហើយ​ផ្ទុះឆេះ នៅអំឡុងពេលហោះ​ឡើងពីព្រលាន​យន្តហោះ នៅទីក្រុងម៉ាឌ្រីដ ប្រទេស​អេស៉្បាញ៕​

ចែករំលែក