ពីឡុត​លើ MH370 ពិតជាមាន​ចេតនាធ្វើឲ្យ​យន្តហោះ​ធ្លាក់​ឬ? ពេលនេះ​អូស្ត្រាលី​បក​ស្រាយ…

0

 

(កង់បេរ៉ា)៖ ក្រុមអ្នកស៊ើប​អង្កេត​អូស្រ្តាលី បានច្រាន​ចោល​ការអះអាងដែលថា អាកាសយានិកបើក​យន្ដហោះ នៃជើងហោះហើរ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​អ៊ែរឡាញ មានចេតនា​ធ្វើឱ្យយន្តហោះ​នេះធ្លាក់។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨។

ប្រតិកម្មរបស់​ក្រុមអ្នកស៊ើបអង្កេត​ មកពីការិយាល័យ​សុវត្ថិភាពដឹកជញ្ជូន​អូស្ត្រាលី (ATSB) កើតមាន​ឡើង បន្ទាប់ពី​សារព័ត៌មាន​​អង់គ្លេស Telegraph បានចុះផ្សាយ​កាលពី​ថ្ងៃទី១៥ ខែឧសភា​ថា ការបាត់ខ្លួន​​ដ៏អាថ៌​កំបាំង​ នៃជើង​​ហោះហើរ MH370 ជាមួយ​មនុស្ស ២៣៩នាក់ គឺបង្កឡើង​ដោយចេតនា​​ចង់ឱ្យយន្ដហោះ​នេះ​​ធ្លាក់របស់​​មេបញ្ជាការ​​ក្រុមអាកាសយានិក​​ម្នាក់ឈ្មោះ ហ្សាហារី អាមេដ ហ្សាហ៍ (Zaharie Ahmad Shah)។

Telegraph ធ្វើសេចក្ដី​​រាយការណ៍​​បែបនេះ ដោយសំអាង​​លើកម្មវិធីផ្សាយ​មួយមាន​រយៈពេល ៦០នាទី នៅលើ​​ទូរទស្សន៍​​អូស្រ្ដាលី ដោយនៅក្នុង​កម្មវិធីនេះ​អ្នកជំនាញ​​ម្នាក់គឺ លោក ម៉ាទីន ដូឡាន (Martin Dolan) ជាអតីត​ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​ដឹក​ជញ្ជូន​អូស្រ្ដាលី​​បានអះអាងថា លោក ហ្សាហារី អាមេដ ហ្សាហ៍ (Zaharie Ahmad Shah) ដែលជា​មេបញ្ជា​ការ​ក្រុមអាកាស​យាននិក​ មានចេតនា​ធ្វើ​ឱ្យ​យន្ដហោះ MH370 ធ្លាក់តាមរយៈ​ការ​ធ្វើឱ្យវា​បាត់​ចេញពី​ប្រព័ន្ធ​​រ៉ាដា និងបញ្ជា​យន្ដ​ហោះ​នេះឆ្ពោះ​ទៅមហាសមុទ្រ​ឥណ្ឌា​ តែមួយម៉ោង​ប៉ុណ្ណោះ បន្ទាប់ពីហោះ​​ចេញពី​​ទីក្រុង​គូឡាឡាំពួ។

«វាគឺជាទង្វើ​មានគំរោងទុក​ជាមុន ហើយវាត្រូវ​បានគេរៀបចំ​អស់រយៈពេល​ជាយូរណាស់​មកហើយ»។ នេះគឺជាការគូស​បញ្ជាក់​របស់​លោក ម៉ាទីន ដូឡាន (Martin Dolan) ដែលបានសិក្សា និងស្វែងយល់​ភស្តុតាង​កន្លងមក នៃការបាត់​ខ្លួនរបស់ MH370 ដែលជាអាថ៌​កំបាំងធំបំផុតមួយ នៃវិស័យ​អាកាសចរណ៍​អន្តរជាតិ។

តែយ៉ាងណា​ក៏ដោយ ATSB បានទាត់ចោល​ការសន្និដ្ឋាននេះ​ដោយអះអាងថា «គ្មានមូលដ្ឋាន និងភស្ដុតាងគ្រប់គ្រាន់»។ មិនតែ​ប៉ុណ្ណោះ ក្រុមអ្នកស៊ើប​អង្កេត​មកពី ATSB នៅតែការពារ​ការអះអាង​របស់ខ្លួន​ដដែលថា ពីឡុតបាន​បាត់បង់ស្មារតី​ម្ចាស់ការ​លើខ្លួនឯង នៅអំឡុង​ពេល MH370 ធ្លាក់ចូលក្នុង​តំបន់ដែនទឹក​ នៃភាគខាងត្បូង​មហាសមុទ្រ​ឥណ្ឌា។ ប៉ុន្តែ​ស្ថាប័ន​មួយនេះ ក៏មិនបាន​បញ្ជាក់ពី​មូលហេតុជាក់​លាក់ នៃការធ្លាក់​យន្ដហោះ​នេះដែរ។

គួររំលឹកថា ជើង​​ហោះហើរ MH370 របស់ក្រុមហ៊ុន​​អាកាសចរណ៍​​ម៉ាឡេស៊ី​អ៊ែរឡាញ ដែលមានជើង​​ហោះហើរ​ពីទីក្រុង​​គូឡាឡាំពួ ឆ្ពោះទៅកាន់​​ទីក្រុង​ប៉េកាំង​បានបាត់ខ្លួន​ដោយ​អាថ៌កំបាំង​ កាលពី​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយ​​មនុស្ស ២៣៩នាក់ ក្នុងនោះមាន ១២នាក់​ ជាសមាជិក​អាកាសយាននិក។ ជាងនេះ​​ទៅទៀត យន្ដហោះ​នេះ​ មិនទាន់ត្រូវ​បាន​គេរកឃើញ​​នៅឡើយទេ រីឯមូលហេតុ​ក៏មិន​ទាន់ត្រូវ​​បានគេ​បញ្ជាក់​ឱ្យច្បាស់ដែរ បើទោះជា​​ក្រុមអ្នកស្វែង​រកធ្លាប់​​បានរកឃើញ​​បំណែក​​យន្ដហោះ​ជា​បន្ត​​បន្ទាប់​ក៏ដោយ៕

ចែករំលែក