មួយ​ទៀត​ហើយ! «ភ្នំ​ភ្លើង Mayon នៅ​ហ្វីលីពីន​អាចនឹង​ផ្ទុះគ្រប់​ពេល» បង្ខំឲ្យ​​អាជ្ញាធរ​​ចេញ​​សារ​​ព្រមាន​ភ្លាមៗ…

0

 

(ម៉ានីល)៖ ​ភ្នំភ្លើងសកម្មជាង​គេ​របស់ហ្វីលីពីន ម៉ាយ៉ុន (Mayon) អាចនឹង​បញ្ចេញសកម្មភាព​​នាពេល​ឆាប់ៗនេះ ដែលជាហេតុ​ធ្វើឲ្យ​អាជ្ញាធរ​​​ព្រមាន​ដល់​​ប្រជាជន​ឲ្យនៅឲ្យឆ្ងាយពី​តំបន់​គ្រោះថ្នាក់ ដែលស្ថិតនៅរង្វង់ ០៦គីឡូម៉ែត្រ ជុំវិញ​ភ្នំភ្លើងនេះ ដោយសារតែ​វាអាចនឹងផ្ទុះឡើង​បានភ្លាមៗ​នៅ​​គ្រប់​ពេល​​​។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។

នៅក្នុងអំឡុង​រយៈពេល ២៤ម៉ោង ចុងក្រោយនេះ បើតាម​វិទ្យាស្ថាន​ឃ្លាំមើល​សកម្មភាព​ភ្នំភ្លើង ​និងរញ្ជួយ​ផែនដី​របស់​​ហ្វីលីពីន ហ្វីវ៉ុសាល់ (Phivocsl) ​​គេ​បាន​​សង្កេតឃើញ​មានរំញ័រ​កើត​មានឡើង​ចំនួន ០២លើក នៅក្នុង​ភ្នំភ្លើង Mayon។ ភ្នំភ្លើងដែល​មានកម្ពស់ ២,៤៦០ម៉ែត្រ ស្ថិតនៅខេត្ត អាល់បេយ (Albay) ចម្ងាយ​ប្រហែល​ជា ៣០០គីឡូម៉ែត្រ​ នៃភាគអាគ្នេយ៍​​រដ្ឋធានី​ម៉ានីល ក្នុងដែនកោះ​លូហ្សុន (Luzon)។

គួរជម្រាបថា ហ្វីលីពីន គឺជាប្រទេសងាយ​នឹងទទួលរងការវាយប្រហារ​ពី​គ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង ដោយសារតែ​ប្រទេសនេះ ស្ថិតនៅ​លើតំបន់ខ្សែក្រវាត់ភ្លើង​ នៃមហាសមុទ្រ​ប៉ាស៊ីហ្វិក ដែលគេ​ហៅថា Pacific Ring of Fire។ ដោយឡែក​កាលពីម្សិលមិញនេះ ​ភ្នំភ្លើងសកម្ម​ជាងគេនៅ​ឥណ្ឌូណេស៊ី មឺរ៉ាពី (Merapi) ដែល​ស្ថិតនៅលើ​​កោះជ្វា​បានផ្ទុះឡើង​ជាថ្មីម្តង​ទៀត ដោយបាន​បាញ់​កម្អែរ​ផេះ​​កម្ពស់ ៦,០០០ម៉ែត្រ ឡើងទៅ​លើ​ផ្ទៃអាកាស។

នៅប្រទេសឥណ្ឌូណេស៊ី គិតចាប់តាំងពី​​ថ្ងៃចន្ទដើមសប្តាហ៍នេះ​មក ភ្នំភ្លើងខាងលើ​​បានបញ្ចេញ​សកម្មភាព ០៥ លើកហើយ។ ភ្នំភ្លើង Merapi ​ដែល​ស្ថិត​ក្នុងចំណោម​ភ្នំភ្លើងសកម្ម​ទាំង ១២៩ ​​​​របស់​ឥណ្ឌូណេស៊ី​មានទីតាំង​​នៅ​ចម្ងាយ ២៨គីឡូម៉ែត្រ ភាគខាងជើង​ទីក្រុង​យ៉ូកយ៉ាការតា (Yogyakarta) ដែលមាន​ចំនួន​​​ប្រជា​ជនរស់​នៅ ២.៤លាននាក់ ហើយមនុស្ស​​រាប់​ពាន​នាក់​ទៀត​ មានទីលំនៅ​​ជុំវិញ​ភ្នំ​ភ្លើង​នេះ។

ងាកទៅកាន់​​រដ្ឋហាវ៉ៃ​ឯណោះវិញ គ្រោះរញ្ជួយដី​បានបង្កជា​បន្ទុះភ្លើង និង​ការប្រេះ​ស្រទាប់ដី បង្កជាការហៀរចេញ​នូវកម្អែរភ្លើង​ដ៏គួរឲ្យភ័យខ្លាច​បំផុត និងបង្ខំឲ្យ​ប្រជាជនមួយចំនួន​នៅលើកោះ ស្ថិតនៅ​​កណ្តាល​មហាសមុទ្រប៉ាស៊ីហ្វិកនេះ ភៀសខ្លួន​ចេញពីលំនៅឋាន និងកំពុងស្នាក់​នៅជម្រក​បណ្តោះអាសន្ន​នៅឡើយ ខណៈភ្ញៀវទេសចរ​​មកលេងកោះ​នេះ ក៏មានការធ្លាក់​ចុះផងដែរ ក្នុងរយៈពេលពីរ​សប្តាហ៍ចុង​ក្រោយ៕

ចែករំលែក