ហេតុអ្វីកម្ពុជាមិន​ដែលរង​​គ្រោះ​​រញ្ជួយដី? ស្វែងយល់​ប្រវត្តិ និងការសិក្សា​កន្លងមក…

0

 

(ភ្នំពេញ)៖ អាចថាជាមេរៀនដែល​សិស្សានុសិស្ស​ខ្មែរយើង ធ្លាប់សិក្សា​រួចមកហើយ ដោយ​ប្រទេសកម្ពុជា ស្ថិតនៅលើតំបន់​ទ្រនរទ្វីបចាស់ (ជាបន្ទះចាស់នៃទ្វីបមួយ ដែលកកើត​ឡើងរាប់ពាន់លាន​ឆ្នាំមកហើយ) ដោយមាន​សណ្ឋានរឹង និងបិទជិតយ៉ាង​ល្អ​ពីកំសួលចេញ​ពីស្នូលភព​ផែនដី។ សណ្ឋានដី ឬថ្មបែបនេះ វាប្រៀបី​ដូចជាកម្រាល​យ៉ាងក្រាស់ឃ្មឹក ដែលការពារយើងមិនឲ្យកើតមាន​រំញ័រដី ឬក៏ទទួលរង​ឥទ្ធិពលពីរំញ័រ​នៅតំបន់ក្បែរខាង​នោះ​ឡើយ។

អ្វីដែលបន្ថែម​ពីខាងលើនេះទៀត បើតាមក្រុមអ្នកអង្កេត​ផ្នែកភូមិសាស្ត្រ ឬក៏ការកត់​ត្រា​ផ្នែកប្រវត្តិសាស្ត្រ​របស់កម្ពុជាផ្ទាល់ ប្រទេសស្ថិតនៅ​ជ្រោយឥណ្ឌូចិន និងតំបន់​អាស៊ីអាគ្នេយ៍​មួយនេះ មិនដែលទទួល​រងគ្រោះរញ្ជួយដីនោះ ក្នុង​រយៈពេល ១០០ឆ្នាំចុង​ក្រោយនេះ (នៅរយៈពេល​​មុននេះ​ទៀត មិនមានការ​កត់ត្រា​អំពី​រញ្ជួយដី ឬក៏ភស្តុតាង​ថា ប្រទេស​កម្ពុជា​ធ្លាប់​កើតមានរញ្ជួយ​ដី ក្នុងកម្រិតណា​​មួយនោះ​​ឡើយ)។

មិនមែនថាអត់មានទាំងស្រុងនោះទេ ដោយតាមក្រុមជំនាញបរទេសមួយ ដែលធ្វើការ​សិក្សានៅតំបន់វារីអគ្គិសនីសេសាន ស្ថិតនៅក្នុងខេត្តស្ទឹងត្រែងនោះ បានបង្ហាញការ​សង្ស័យថា តំបន់មួយនេះអាចធ្លាប់បានទទួលរងគ្រោះរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ កាលពីឆ្នាំ១៩៧៨ ប៉ុន្តែដោយសារតែកាលណោះ​ស្ថិតក្នុងរបបប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម និងបច្ចេកវិទ្យាតាមដានភូមិសាស្ត្រសកលលោកនៅមានកម្រិតនោះ ទើប​គ្រោះរញ្ជួយដីនេះមិនត្រូវបាន​ដឹងដោយ​អន្តរជាតិ ហើយកាល​ណោះទៀតសោត កម្ពុជាយើងក៏ត្រូវបានបិទទ្វារពីអន្តរជាតិផងដែរ។

ទោះបីជាបែប​នេះ​ក្តី ការរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ គឺត្រូវបាន​ចាត់ទុកជា​កម្រិតមធ្យម ឬខ្សោយ​ប៉ុណ្ណោះ បើទោះបីជាកើត​មាននៅតំបន់​ប្រជុំជន ក៏ទំនងជាមិន​អាចបង្កការ​ខូចខាត​អ្វីនោះដែរ។ សម្រាប់​អន្តរជាតិ គ្រោះរញ្ជួយដី​ចាប់ពីកម្រិត ៦.០រ៉ិចទ័រឡើងទៅ ទើបមាន​លទ្ធភាពបង្កគ្រោះ​មហន្តរាយដូចជា អគារ និងលំនៅឋានបាក់រលំ ព្រមទាំងមានគ្រោះថ្នាក់ដល់ជីវិត​មនុស្សជាដើម។

តាមការបង្ហាញ​លទ្ធផលស្រាវជ្រាវ​របស់អ្នកសិក្សាមួយ​ចំនួនដូចជា លោក Michael Borgwardt និង Andrew Pike ផងដែរបានបញ្ជាក់ថា ប្រទេសកម្ពុជា​មិនអាច​ទទួលរង​គ្រោះរញ្ជួយដី ឬបន្ទុះភ្នំភ្លើង​នោះទេ ហើយបើតាម​សណ្ឋានដី​របស់យើងនេះ ទោះបីជា​ប្រទេសជិតខាងមួយចំនួន​ដូចជាថៃ វៀតណាម ឬឡាវមាន​គ្រោះរញ្ជួយដីនោះ ក៏វាគ្មានឥទ្ធិពល​អ្វីមកដល់យើង​នោះដែរ។ ដោយឡែក​​ព្យុះសង្ឃរា និងទឹកជំនន់ គឺជាគ្រោះធម្មជាតិដែលតែងតែ​កើតមាន​ជារៀងរាល់ឆ្នាំ។

សរុប​​សេចក្តីមក ប្រទេសកម្ពុជា​​នឹងមិនអាចកើតមាន​​គ្រោះ​រញ្ជួយដី​ ឬមួយក៏​រលកយក្សស៊ូណាមិ និងបន្ទុះភ្នំភ្លើងនោះឡើយ ទាំង​ពេលនេះ និងទៅអនាគត​រាប់រយឆ្នាំ​ទៅមុខ ព្រោះយើងស្ថិត​​នៅក្នុងតំបន់ទ្រនរ​​ទ្វីបចាស់ ដែលមាន​អាយុកាល​រាប់ពាន់​លានឆ្នាំ ហើយវាមានបញ្ជាក់​យ៉ាងច្បាស់ នៅក្នុងកម្មវិធីសិក្សា​រួចអស់​ទៅហើយ៕

ចែករំលែក