ប្រទេស​ទាំង ០៧ នេះ​មាន​ដីកោះច្រើន​ជាងគេ​បំផុត​លើ​លោក! តើប្រទេស​ណា​លេខ១?

0

(បរទេស)៖ នៅលើពិភពលោក​យើងនេះ មានប្រទេសទាំង​អស់ចំនួន ១៩៤ (ផ្លូវការ) ហើយក្នុងនោះ​​​ប្រទេស​​នីមួយៗ គឺមានផ្ទៃដី​​ចាប់ពីមួយផ្ទាំង​ឡើងទៅ ឬផ្ទាំងទ្វីប​ខ្លះ​មាន​ប្រទេសជាប់​ព្រំប្រទល់គ្នា​ឆ្វាត់ឆ្វែង។ ប្រទេសខ្លះ​មានផ្ទៃដី​បិទជិត (គ្មានព្រំដែន​​ជាប់​សមុទ្រ) ដូចជា​ប្រទេស ម៉ុងហ្គោលី និង​ឆាដ​ជាដើម ខណៈប្រទេស​ខ្លះ​ទៀតត្រូវបានព័ទ្ធជុំវិញ​ទៅដោយ​​សមុទ្រ​ជុំទិស ដូចជា​អូស្ត្រាលី នូវែលសេឡង់ ឬក៏ម៉ាដាហ្គាស្កា​ជាដើម។

ក្នុងនោះ​ប្រទេសដីកោះ ឬប្រទេសដែលមាន​ដែនកោះ​ច្រើន គិតចាប់តាំង​ពីដីដុះឆ្ងុយ​ចេញពី​ផ្ទៃសមុទ្រ ឬមួយថ្មប៉ប្រះទឹកខ្នាត​ធំ​ពិតជាមានច្រើន​គួរសមដែរ រាប់ចាប់ពីពីរ​បីទៅបួន ឬក៏ឈានដល់រាប់ម៉ឺនកោះ​ទៀតផង​សម្រាប់ប្រទេស​ខ្លះ។ ខាងក្រោមនេះ គឺជាប្រទេស​​ដែលមានដីកោះច្រើនជាង​គេបំផុតលើ​លោក​ចំនួន ០៧ ដែលរាប់យក​គ្រប់ទីទួល​ ដែល​ផុស​អណ្តែតចេញផុតពីផ្ទៃសមុទ្រតែម្តង៖

៧. ហ្វីលីពីន៖ ប្រទេសនៅតំបន់​អាស៊ីអាគ្នេយ៍មួយនេះ បើតាមតួលេខថ្មី​ចុងក្រោយបំផុត គឺមានកោះចំនួន​ ៧,៦៤១កោះ ដែលផ្តុំគ្នាជាប្រជុំកោះ​​ធំៗ ​០៣រួមមាន Luzon, Visayas, និង Mindanao។

៦. អូស្រ្តាលី៖ បើតាមស្ថិតិផ្លូវ​ការ ប្រទេសដែលនៅតំបន់​មហាសមុទ្រប៉ាស៊ីហ្វិក​នេះ (ទ្វីបអូសេអានី) មានកោះសរុបចំនួន ៨,២២២ ដោយភាគច្រើន​នៅស្ថិត​នៅ​​រដ្ឋអូស្រ្តាលី​ភាគខាងលិច (មាន៣,៧៤៧កោះ) បន្ទាប់​មករដ្ឋ Queensland (មាន១,៩៥៥កោះ)។ ចំណែក​នៅរដ្ឋ Tasmania មាន១,០០០កោះ រដ្ឋ Northern Territory មាន ៨៨៧កោះ និងរដ្ឋអូស្រ្តាលី​ភាគខាងត្បូង​មាន ៣៤៦កោះ។ កោះដែល​ធំ​ជាងគេ​ដោយដករដ្ឋ Tasmania និង​ប្រទេស​អូស្រ្តាលី​ផ្ទាល់ គឺកោះ Melville ដែលស្ថិតនៅ​ភាគខាងជើង​ទីក្រុង Darwin។

៥. ឥណ្ឌូណេស៊ី៖​ សម្រាប់ចំនួន​កោះជាក់លាក់​ នៃប្រទេសនៅតំបន់អាស៊ី​អាគ្នេយ៍មួយនេះ គឺមានភាព​ខុសគ្នាច្រើន ដោយរបាយការណ៍​​​មួយ​ចំនួន​អះអាងថា មាន ១៨,៣០៧កោះ ខ្លះថា ១៧,៥០៨កោះ និងដទៃទៀតថា ១៣,៤៦៦កោះ។

៤. កាណាដា៖ ស្ថិតនៅទី្វបអាមេរិក​ខាងជើង​កាណាដា មានកោះ​យ៉ាងតិចចំនួន ៣០,០០០កោះ ដែលកោះភាគច្រើនបំផុតស្ថិតនៅភាគ​ខាងជើង និងឦសាន ហើយជាកោះទឹកកកស្ទើរតែទាំងអស់ ដែលមិន​សូវជាមានមនុស្ស​រស់នៅ​នោះឡើយ ព្រោះវាត្រជាក់​ខ្លាំងពេក។

៣. ន័រវែស៖ ប្រទេសអឺរ៉ុប​មួយនេះ​មានកោះច្រើន​ជាង ៥០,០០០កោះ ដែលលាត​សន្ធឹងចាប់ពី​ប្រជុំកោះ Svalbard នៅតំបន់ Arctic Circle រហូតដល់កោះ Bouvet ដែលជាកោះដាច់​ស្រយាលបំផុតមួយនៅលើ​ផែនដីនិងជាទីជម្រក​សម្រាប់តែសត្វបក្សី​ និងតោសមុទ្រ​ប៉ុណ្ណោះ នៅ​ឯ​ភាគខាងត្បូងសមុទ្រ​អាត្លង់ទិក។

២. ហ្វាំងឡង់៖ ស្ថិតនៅក្បែរន័រវែស ប្រទេសអឺរ៉ុបមួយនេះ​មានកោះចំនួន ១៧៩,៥៨៤ ដោយរាប់​បញ្ចូលកោះទាំង​ ៩៨,០៥០ នៅតាម​បឹង​ចំនួន ១៨៨,០០០កន្លែង របស់​ប្រទេស​នេះ។ ហ្វាំងឡង់ក៏ត្រូវ​បានចាត់ចូល​ជាប្រទេស ដែលមាន​អាកាសធាតុ​ត្រជាក់ខ្លាំង​ផងដែរ។

១. ស៊ុយអែត៖ ស្ថិតនៅចន្លោះ​ន័រវែស និងហ្វាំងឡង់​ប្រទេសស៊ុយអែត​គឺជាប្រទេស​ដែលមានកោះ​ច្រើនជាងគេ​បង្អស់លើលោក គឺដល់​ទៅ ​២៥៧,៥៧០កោះ តែក្នុងចំណោម​នោះមាន​ត្រឹម ៩៨៤កោះប៉ុណ្ណោះ ដែល​មានមនុស្ស​រស់​នៅ៕

ប្រភព៖ Telegraph អង់គ្លេស

ចែករំលែក