ប្រទេស​ម៉ាឡេស៊ី​ត្រៀម «បញ្ចេញ​​របាយការណ៍​​ទាំងអស់​អំពី MH370» ដើម្បីឲ្យ​ពិភពលោក​​​បាន​ដឹងគ្រប់​ជ្រុង​​ជ្រោយ…

0

 

(គូឡាឡាំពួរ)៖ រដ្ឋាភិបាល​ម៉ាឡេស៊ី នៅថ្ងៃចន្ទសប្ដាហ៍នេះ​បានឱ្យដឹងថា ខ្លួននឹងបញ្ចេញ​របាយការណ៍ទំាងស្រុង​ជា​សាធារណៈ និងប្រកបដោយ​តម្លាភាព​ជុំវិញប្រតិបត្តិការ​ តាមស្វែងរកជើង​ហោះហើរ MH370។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅ​រសៀលថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨។

យោងតាមរដ្ឋមន្ត្រី​ដឹកជញ្ជូនម៉ាឡេស៊ីថ្មី​ លោក អាន់ថូនី លូក ស៊ូ ហ្វូក (Anthony Loke Siew Fook) ​ក្រុមហ៊ុន​អាមេរិក Ocean Infinity ដែលជំនាញ​ខាង រុករកត្រូវបាន​គេរំពឹងថា នឹងដាក់​របាយការណ៍​ទាំងស្រុង ទៅកាន់រដ្ឋាភិបាល​ទីក្រុងគូឡាឡាំពួរ​ នៅពេលដ៏ខ្លីខាង​មុខនេះ​ ខណៈប្រតិបត្តិ ការរុករក​តាមផ្លូវអាកាស​នឹងត្រូវបញ្ចប់​នៅ​ថ្ងៃអង្គារនេះ។ «ប៉ុន្តែខ្ញុំអាចធានា​បានថា​ របាយការណ៍ទាំងស្រុង​អាចនឹងត្រូវបានចេញ ផ្សាយជា​សាធារណៈ និងប្រកប​ដោយ​តម្លាភាព ដោយគ្មាន​ការបិទបាំង​អ្វីនោះទេ ក្នុងនោះរួមមាន​ទាំងបញ្ហាចម្រូងចម្រាស់​ផងដែរ»។ នេះជាការ​លើកឡើង​របស់ លោក Anthony ប្រាប់ក្រុម​អ្នក​សារព័ត៌មាន។

គួររំលឹកថា កាលពី​ថ្ងៃពុធសប្ដាហ៍​មុន លោក Anthony ធ្លាប់បាន​ប្រកាស​ថា ការរុករក​យន្តហោះ MH370 ជាលក្ខណៈ​ឯកជនដែល ប្រទេស​ម៉ាឡេស៊ី​បានជួលក្រុមហ៊ុន​អាមេរិក Ocean Infinity ឲ្យធ្វើការងារនោះ​នឹងត្រូវបញ្ចប់​​នៅ​ថ្ងៃទី២៩ ខែឧសភា។ រដ្ឋាភិបាល ម៉ាឡេស៊ីបានចុះកិច្ច​ព្រមព្រៀងមួយ​​ជាមួយក្រុមហ៊ុន​​នាវាចរ និងរុករក​ដែន​សមុទ្ររបស់​អាមេរិក ដែលមានមូលដ្ឋាន​​នៅរដ្ឋ​​តិចសាស់ កាលពី​ខែមករា ឆ្នាំ២០១៨ តាម​រយៈ​ពាក្យ​ស្លោក​មួយថា «រកមិនឃើញ​មិន​ទទួលកម្រៃ» ហើយវា​មានរយៈពេល​មួយឆ្នាំ បន្ទាប់ពីការ​រុករក​ដោយ​ក្រុមជំនាញ​អូស្ត្រាលី និងចិន​នៅក្នុង​មហាសមុទ្រ​ឥណ្ឌា ត្រូវបាន​​បញ្ចប់ជា​ផ្លូវការ ដោយមាន​​តំរុយតិចតួច​បំផុតស្ទើរយក​ជា​ការ​មិនបាន។

​​ជើង​ហោះហើរ MH370 របស់ក្រុមហ៊ុន​​​អាកាសចរណ៍​​​ម៉ាឡេស៊ី​​អ៊ែរឡាញ ដែល​មានជើង​​ហោះហើរ​​ពីទីក្រុង​​​គូឡាឡាំពួ ឆ្ពោះទៅកាន់​​ទីក្រុង​​ប៉េកាំង​​បានបាត់ខ្លួន​ដោយ​​អាថ៌កំបាំង​ កាលពី​​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយ​​​មនុស្ស ២៣៩នាក់ ក្នុងនោះមាន ១២នាក់​ ជាសមាជិក​​អាកាសយាននិក។ យន្ដហោះ​នេះ​ មិនទាន់ត្រូវ​បាន​​គេរកឃើញ​​​នៅឡើយទេ រីឯមូលហេតុ​​ក៏មិន​ទាន់ត្រូវ​​បាន​គេ​បញ្ជាក់​ឱ្យ​ច្បាស់ដែរ បើទោះជា​​​ក្រុមអ្នកស្វែង​​រកធ្លាប់​​បានរកឃើញ​​​បំណែក​​យន្ដហោះ​​ជា​បន្ត​​បន្ទាប់​​ក៏ដោយ៕

ចែករំលែក