ឲ្យ​សញ្ញា​មិន​ស្រួល នៅតំបន់​ប៉ូលខាងជើង​ផែនដី! រុស្ស៊ី​សម្រេច​ពង្រាយ​នាវា​មុជទឹក​ ជា​អចិន្ត្រៃយ៍​នៅ​មហាសមុទ្រ​អាក់ទិក…

0

 

(ម៉ូស្គូ)៖ កងនាវាមុជទឹក​រុស្ស៊ី ត្រូវបានដាក់ពង្រាយ​ជាអចិន្រ្តៃយ៍ នៅក្រោមផ្ទាំង​ទឹកកក នៃសមុទ្រអាក់ទិក។ នេះបើតាម​លោក នីកូឡាយ យែមែណូវ (Nikolay Yermenov) មេបញ្ជាការ​នៃកងអង្គភាពជើង​ទឹក​ភាគខាងជើង​ របស់ប្រទេស​រុស្ស៊ី ដកស្រង់​សម្តីដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅ​ល្ងាច​​ថ្ងៃសុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨។

លោក Yermenov បាន​និយាយថា «កងនាវាមុជទឹក​របស់យើង ត្រូវបានដាក់​ពង្រាយជាអចិន្រ្តៃយ៍​ នៅក្រោមផ្ទាំងទឹកកក​នៃសមុទ្រអាក់ទិច ​ហើយសម្រាប់​ហេតុផលជាក់​ស្តែងនានា យើងនឹងមិនផ្តល់​ការបកស្រាយ​លម្អិតផ្សេង​ទៀត​ ជុំវិញបញ្ហានេះ​ឡើយ ប៉ុន្តែខ្ញុំអាច​និយាយបាន​ថា​ ​វាបានប្រព្រឹត្ត​ទៅជាទៀងទាត់»។

ជាចុងក្រោយ លោក Yermenov បានបញ្ជាក់ថា ប្រតិបត្តិការ​របស់កងកម្លាំង​អង្គភាព​ភាគខាងជើង នៅតាមតំបន់​ទឹកកកនេះ គឺមានតម្លា​ភាព​មួយរយ​ភាគរយ ហើយស្របទៅតាម​បទបញ្ញតិ​ផ្សេងៗ នៃច្បាប់សមុទ្រ​អន្តរជាតិ និងធម្មនុញ្ញ​របស់អង្គការ​សហប្រជាជាតិ។

គួរបញ្ជាក់ថា បណ្តាប្រទេស​មានសក្តានុពលខ្ពស់ ក្នុងការអនុវត្តន៍​សិទ្ធិ​ចំពោះដែនសមុទ្រ​អាក់ទិកនោះ​មានចំនួន ០៥ ដូចជា សហព័ន្ធរុស្ស៊ី, សហរដ្ឋអាមេរិក, ប្រទេស​ដាណឺម៉ាក, ប្រទេស​ណ័រវេស៍ និងប្រទេស​កាណាដា ប៉ុន្តែនៅក្នុងនោះ​​ប្រទេសរុស្ស៊ី​មានវិសាល​ភាពធំធេង​លើសគេ​ ក៏ព្រោះតែប្រទេស​យក្សនេះ​មានព្រំប្រទល់​ជាប់ផ្ទៃ​ឆ្នេរអាក់ទិក ស្ទើរតែពាក់​កណ្តាល​ទៅហើយ បើធៀបនឹង​ប្រទេស ០៤ទៀត។

ចំណុចសំខាន់៖ មួយរយៈចុង​ក្រោយនេះ ប្រទេសភាគ​ច្រើន​បានចោល​ក្រសែភ្នែក ទៅមើលស្ថានការណ៍​ដែលកំពុងវិវឌ្ឍន៍ ដ៏គួរឲ្យចាប់អារម្មណ៍​នៅ​ជុំវិញ​មហាសមុទ្រ​ទឹកកក​អាក់ទិក ដោយសារតែ​តំបន់ប៉ូលខាងជើង​​ផែនដី​នេះ មានប្រទេសតិចតួចបំផុត ដែលមាន​សមត្ថភាព និងសិទ្ធិទៅធ្វើ​ការស្រាវជ្រាវ ព្រមទាំង​ពង្រីកឥទ្ធិពល។ បន្ថែម​ពីនេះ សហរដ្ឋអាមេរិក​​ក៏បានបង្កើន​វត្តមានយោធា​ និងសព្វាវុធរបស់​ខ្លួននៅទឹកដី​រដ្ឋអាឡាស្កា ដែលជាប់​ដែនសមុទ្រអាក់ទិក​នោះផងដែរ កាលពី​ប៉ុន្មានខែ​មុននេះ ដែលជា​ហេតុធ្វើឲ្យរុស្ស៊ី​មិនស្រណុកចិត្ត​នោះឡើយ៕

ចែករំលែក