HOT NEWS: ភ្នំភ្លើង​នៅហ្គាតេម៉ាឡា​ផ្ទុះឡើង និងហូរកម្អែរ​ទៅផ្តាច់​ជីវិតមនុស្ស ០៧នាក់ និង​របួស​ជិត ៣០០នាក់!

0

 

(ហ្កាតេម៉ាឡា)៖ មនុស្សយ៉ាង​ហោចណាស់​មនុស្ស ០៧នាក់បានស្លាប់ និងជិត ៣០០នាក់​ផ្សេងទៀតរងរបួស​ នៅក្នុងប្រទេស​ហ្គាតេម៉ាឡា បន្ទាប់​ពីភ្នំភ្លើង ហ្វឺហ្គោ (Fuego) ស្ថិតនៅក្បែរ​រដ្ឋធានី ហ្គាតេម៉ាឡាស៊ីធី (Guatemala City) បានផ្ទុះឡើងជាថ្មី​ជាលើកទី​ ២ នៅក្នុងឆ្នាំនេះ។ នេះបើតាម​ក្រុម​មន្ត្រីហ្គាតេម៉ាឡា ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។

យោងតាម​ក្រុមមន្ត្រីហ្គាតេម៉ាឡា ភ្នំភ្លើង Fuego ដែលស្ថិត​នៅចំងាយ ៤០គីឡូម៉ែត្រ ពីភាគនិរតី​រដ្ឋធានី Guatemala City បានផ្ទុះ កក្រើកជា​ថ្មីកាលពី​ថ្ងៃអាទិត្យ (ម៉ោងនៅ​ក្នុងតំបន់) ដោយ​បានបញ្ចេញផ្សែង និងផេះយ៉ាង​ក្រាស់ខ្មឹក​ទៅលើអាកាស ខណៈកម្អែរភ្នំភ្លើង បានហូរធ្លាក់ចុះ​ទៅដល់ភូមិមួយ​នៅក្បែរនោះ ជាហេតុបណ្ដាល​ឱ្យមនុស្ស ០៧នាក់ស្លាប់ និងជាង ២៩៦នាក់​រងរបួស។

គួរបញ្ជាក់ថា អាជ្ញាធរ​ហ្គាតេម៉ាឡា បានជម្លៀស​ប្រជាជនរាប់ពាន់​នាក់ ទៅកាន់ទីទួលមាន​សុវត្ថិភាព រីឯអាកាសយានដ្ឋាន La Aurora ស្ថិតនៅក្នុងរដ្ឋធានី​នៃប្រទេសត្រូវបង្ខំចិត្តបិទទ្វារជា​បណ្ដោះអាសន្ន។ ប្រទេស​ហ្គាតេម៉ាឡា ស្ថិតនៅ​តំបន់ទ្វីប​អាមេរិកភាគ​កណ្តាល ក៏ជាប្រទេស​​ដែលងាយទទួលរង​គ្រោះ​ធម្មជាតិ​ផ្សេងៗ​ផងដែរ ដូចជា​រញ្ជួយផែនដី និងបន្ទុះភ្នំ​ភ្លើង​នេះឯង៕

ចែករំលែក