HOT NEWS: គ្រោះ​រញ្ជួយដី​ជាថ្មី វាយប្រហារ​កោះហាវ៉ៃ នៅក្បែរ​តំបន់ភ្នំភ្លើងតែម្តង…

0

 

(ប៉េកាំង)៖ គ្រោះរញ្ជួយដីដ៏កក្រើកមួយ ដែលមានកម្រិតបង្គួរ ៥.៥រ៉ិចទ័រ បានវាយប្រហារ​នៅចំនុចមួយ មានចម្ងាយ ៥គីឡូម៉ែត្រ ពីភ្នំភ្លើងដែលធ្លាប់បាន​ផ្ទុះរួចមកហើយកាលពីខែមុន នៅលើកោះហាវ៉ៃ សហរដ្ឋអាមេរិក។ នេះបើតាមការ​ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។

សម្រាប់​រំញ័រផែនដី​ខាង​លើនេះ បានកើតមាន​ឡើង​​នៅលើតំបន់​​​ទីទួល​តែម្តង (គឺកម្រិត -១.១៤គីឡូម៉ែត្រ ឬ ១.១៤គីឡូម៉ែត្រ​ ពីនីវ៉ូទឹកសមុទ្រ) បើយោងតាម​ការ​​ស្ទាបស្ទង់​របស់ទីភ្នាក់ងារ​​តាមដានភូមិសាស្ត្រ​​អាមេរិក USGS។ ពុំទាន់មាន​​​សេចក្តី​រាយការណ៍​ណាមួយ​បញ្ជាក់អំពីចំនួន​ជនរង​គ្រោះ ឬការ​បំផ្លិចបំផ្លាញ​​​ណាមួយ ដែល​អាចកើត​មាននោះ​​ឡើយ។

គួរបញ្ជាក់ថា កោះហាវ៉ៃនាអំឡុងដើមឆ្នាំ២០១៨នេះ ក៏ដូចជាបណ្តា​ប្រទេសមួយ​ចំនួនទៀតដែរ​ដូចជាជប៉ុន ឥណ្ឌូណេស៊ី ហ្វីលីពីន និងតំបន់​អាមេរិកឡាទីន​ជាប់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នោះ តែងតែបានទទួល​រងគ្រោះដោយ​បន្ទុះភ្នំភ្លើង និងគ្រោះ​រញ្ជួយដី ដោយសារតែ​តំបន់នេះស្ថិត​នៅក្នុងខ្សែ​ក្រវាត់​ភ្លើង (Ring of Fire) នៃ​មហាសាគរ​ប៉ាស៊ីហ្វិក។

ដោយឡែកនៅ​ប៉ុន្មានម៉ោង​មុននេះ គ្រោះធម្មជាតិ​បន្ទុះភ្នំភ្លើងប្រទេស​ហ្គាតេម៉ាឡា បានបង្ក​ឲ្យកម្អែរភ្លើង​ហូរហៀរមក​លើ​តំបន់ដែលមានប្រជាជន​រស់នៅ និងផ្តាច់ជីវិត​មនុស្ស​ចំនួន ០៧នាក់ និង​របួសជិត ៣០០នាក់​ឯណោះ ខណៈប្រជាជន​ជាច្រើន​ត្រូវ​បានជម្លៀសខ្លួន​ ទៅរកកន្លែង​មាន​សុវត្ថិភាព៕

ចែករំលែក