ព្រះ​ជា​ម្ចាស់! កម្អែរ​ភ្លើង​នៃភ្នំភ្លើង​​ហ្គាតេម៉ាឡា «ហូរ​ស្រោច​​លើភូមិ​​​ប្រជាជន បណ្តាល​ឲ្យ​ស្លាប់ ២៥នាក់ និង​រាប់​រយ​នាក់​របួស…»

0

 

(ហ្គាតេម៉ាឡា)៖ មនុស្សចំនួន ២៥នាក់ហើយ​ បានបាត់បង់​ជីវិត និង២៩៦នាក់​ទៀតរងរបួស​នៅប្រទេស​ហ្គាតេម៉ាឡា នៅក្នុងកម្អែរដ៏ក្តៅ ព្រមទាំងកម្ទេចកម្ទីរផេះ​ផង់ ត្រូវបានបង្កឡើងដោយភ្នំភ្លើង​ដ៏​សកម្មខ្លាំងមួយ នៅក្បែររដ្ឋធានី​នៃប្រទេសនេះ បានផ្ទុះជាលើក​ទីពីរនៅ​ក្នុងឆ្នាំ២០១៨។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។

ក្រៅពីនេះ​មនុស្សប្រមាណ ១.៧លាននាក់ បានទទួលរង​ផលប៉ះពាល់ ដោយសារគ្រោះ​ធម្មជាតិខាង​លើនេះ និងជាង ៣,០០០នាក់ ត្រូវបាន​ជម្លៀសខ្លួនចេញ​ទៅកាន់​ទីសុវត្ថិភាព។ បើតាមរដ្ឋាភិបាល​ហ្គាតេម៉ាឡា ចំនួនមនុស្ស​ស្លាប់អាចនឹងមាន​ការកើនឡើង​ថែមទៀត ដោយសារ​តែឧ​បសគ្គផ្សេងៗ នៅក្នុងកិច្ច​ប្រឹងប្រែង​ជួយសង្រ្គោះ។

គួរជម្រាបថា ភ្នំភ្លើង​ហ្វឺហ្គោ (Fuego) ដែលមានទីតាំងស្ថិតនៅចម្ងាយ ៥០គីឡូម៉ែត្រ ភាគខាងលិច​រដ្ឋធានី​ហ្គាតេម៉ាឡាស៊ីធី បានផ្ទុះ ហើយ​​​បានជះកម្អែរផេះ​ឡើងលើ​ផ្ទៃអាកាស​កម្ពស់ជាង ១១គីឡូម៉ែត្រឯណោះ។ អាជ្ញាធរអះអាងថា ប្រហែលជាអាច​មាន​មនុស្ស​ស្លាប់ច្រើនបន្ថែម​ទៀត ក៏ព្រោះតែភូមិ​មួយនៅក្បែរភ្នំ​ភ្លើងនោះ ត្រូវបានកម្អែរក្តៅ​គគុក​​ហូរមកស្រោច​ពី​លើតែម្តង ដែលវា​ពិតជា​​ហេតុការណ៍​ដ៏គួរឲ្យរន្ធត់ និង​​សង្វេគ​បំផុត កម្រកើតមានខ្លាំងណាស់លើ​ផែនដី៕

ចែករំលែក