Oops! បែកធ្លាយ​មូលហេតុ ដែលនាំឲ្យ​គេរកឃើញ​ខ្មោច​នាវា Titanic ដែលបាន​លិចកាល​ពីឆ្នាំ​១៩១២​…

0

 

(អាមេរិក)៖ ខ្មោចនាវាដ៏​ល្បីល្បាញបំផុត ដែលធ្លាប់​មានរហស្សនាមថា «កប៉ាល់មិន​ចេះលិច» នោះ​ប្រហែលជាអាចនៅកប់​ក្រោមបាត​​​សមុទ្របាន​យូរឆ្នាំទៀត ប្រសិនវាពុំ​ដោយសារតែបេសកកម្ម​សម្ងាត់មួយ កាលពីសម័យ​សង្រ្គាមត្រជាក់​ទេនោះ។ នេះបើតាម​ឯកសារមួយ​ទើប​លាតត្រដាងជាសាធារណៈ ដកស្រង់ខ្លឹមសារ​ដោយសារព័ត៌មាន​រុស្ស៊ី Sputnik នៅល្ងាច​ថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងប្រាប់ប៉ុស្តិ៍​ទូរទស្សន៍ National Geographic លោក Robert Ballard ជាអ្នកវិទ្យាសាស្រ្ត​ផ្នែកមហាសមុទ្រ​ និងជាមេបញ្ជាការមួយរូបដែល​បានរកឃើញខ្មោច​នាវាដឹកអ្នកដំណើរ​យក្សឈ្មោះថា ទីតានិក (Titanic) កាលពី​ឆ្នាំ១៩៨៥ បានឲ្យដឹងថា នាពេលនេះ​កងទ័ពជើងទឹក​​អាមេ​រិក ទីបំផុតកំពុងតែ​ជជែកពីរឿងនេះ​ដោយបើក​ចំហហើយ។

កាលពីមុនមក រឿងហេតុច្បាស់លាស់​ថា តើកប៉ាល់ RMS Titanic ត្រូវបានរក​ឃើញដោយ​របៀបណា​នោះ គឺជារឿងសម្ងាត់​គ្មាននរណាម្នាក់​​ដឹងឡើយ។ នេះគឺដោយ​សារតែវា​មានជាប់ពាក់ព័ន្ធ​ នឹងនាវាមុជទឹក​នុយក្លេអ៊ែរ​អាមេរិក​ដែលបានលិច មិនមែនមួយនោះទេ គឺដល់​ទៅ​ពីរ​​គ្រឿង​ឯណោះ រួមមាន USS Thresher លិចកាល​ពីឆ្នាំ១៩៦៣ និង USS Scorpion លិចកាល​ពីឆ្នាំ១៩៦៨ ដោយនាវា​ទាំងពីរ​គ្រឿងនេះ គឺ​បានលិចនៅឆ្ងាយ​ប៉ុន្មានពីគ្នា​ឡើយ។

ជុំវិញការលិច​នាវាមុជទឹកនេះ កងទ័ពជើងទឹក​អាមេរិក​ត្រូវការធ្វើការ​ត្រួតពិនិត្យទៅលើនាវា​ទាំងនោះ និងកំណត់ថា តើម៉ាស៊ីនរ៉េអាក់ទ័រ​​​របស់​ពួកវា អាចមានគ្រោះថ្នាក់​ខ្លាំងដែរឬអត់ ព្រមទាំងស្វែង​រកមូលហេតុ​ជាក់លាក់ ថាហេតុអ្វី​ដែលជាពួកវាលិច។​

នៅឆ្នាំ១៩៨៥ កងទ័ពជើងទឹក​អាមេរិក បានបង្គាប់​ឲ្យលោក Ballard ដែលជា​មេបញ្ជាការម្នាក់ក្នុង​ទ័ពជើងទឹក ធ្វើការរុករកនាវាមុជទឹក​​ទាំង​ពីរគ្រឿង តាមរយៈការប្រើប្រាស់​យានមុជទឹក ដែលលោក Ballard បានចេញ​មុខគាំទ្រអស់រយៈពេល​ជាច្រើនឆ្នាំ ក្នុងគោលដៅ​ប្រើប្រាស់​សម្រាប់​បេសកកម្មនេះ។

លោក Ballard បានជួបជា​មួយលោក Ronald Thunman ដែលកាលនោះ​ជាអគ្គមេបញ្ជាការ​រង នៃកងប្រតិបត្តិការ​ទ័ពជើងទឹក​អាមេរិក ហើយស្នើ​​សុំសិទ្ធិ​ធ្វើការស្វែងរកកប៉ាល់​ទីតានិក នៅក្នុងផ្នែកនៃបេសកកម្ម​នេះ។ លោក Ballard បាន​ប្រាប់ National Geographic ថា «ខ្ញុំបាន​លើក​ឡើងថា ដោយសារតែ​កប៉ាល់ទីតាកនិក នៅចន្លោះ​នាវាមុជទឹក Thresher និង Scorpion យើងប្រហែលជាអាចប្រាប់ពិភពលោក​ថា ខ្ញុំកំពុង​​តាមរក​ខ្មោចនាវា​ទីតានិក»។

ទីបំផុតនៅម៉ោង​០២៖០០នាទីរំលងអាធ្រាត ឈាន​ចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៨៥ យានមុជទឹក​​​របស់លោក Ballard បានចាប់ផ្តើមបញ្ជូន​រូបភាព​​នៃ​នាវាយក្ស ដែលធ្លាប់​ត្រូវគេអួតអាងថា ជានាវាមិន​អាចលិច។

គួររំលឹកថា កប៉ាល់ RMS Titanic បានលិចនៅលើ​មហាសមុទ្រអាត្លង់ទិកខាងជើង ​កាលពី​ថ្ងៃទី១៥​ ខែមេសា ឆ្នាំ១៩១២ ក្រោយពីបុក​ជាមួយ​ដុំទឹកកក​ដ៏ធំមួយ។ មនុស្សប្រហែល ១,៥០០នាក់ បានបាត់បង់ជីវិត នៅក្នុងមហា​សមុទ្រទឹកកកនេះ ខណៈដែល​កប៉ាល់នោះ​បានដាច់ខ្លួន​ជា​​ពីរបំណែកធំៗ ហើយលិចចូល​ទៅក្នុងផ្ទៃសមុទ្រ ហើយមាន​តែមនុស្ស​ជាង ៧០០នាក់ ភាគច្រើន​ជាពួកអភិជន​បាននៅរស់៕

ចែករំលែក