HOT NEWS: ភ្នំភ្លើងនៅ​ហ្គាតេម៉ាឡា អាចនឹងផ្តាច់​ជីវិតមនុស្ស​កើន​ដល់ជាង ២៦០នាក់ ដែល​ពិត​ជា​សោក​នាដកម្មដ៏​ធំធេង…

0

 

(ហ្គាតេម៉ាឡា)៖ អាជ្ញាធរ​​ហ្គាតេម៉ាឡាបានឱ្យដឹងថា ពួកគេកំពុង​តាមស្វែង​រក​មនុស្ស ១៩២នាក់ ដែលនៅតែ​បន្តបាត់ខ្លួន​នៅឡើយ ខណៈចំនួនអ្នក​សា្លប់កើន​ដល់ ៧៣នាក់ បន្ទាប់ពីភ្នំភ្លើង​ដ៏កំណាចមួយ​​បានផ្ទុះ​កាលពី​​ថ្ងៃអាទិត្យសប្តាហ៍មុន ដោយ​បានបញ្ចេញ​កម្អែរភ្លើង ធូលី-ផេះ និងដុំថ្មធំៗ បំផ្លិចបំផ្លាញ​ភូមិមួយចំនួន​​នៅក្បែរ​ភ្នំភ្លើង​នោះ។ នេះបើតាម​ការ​ចេញផ្សាយ​​ដោយ ​ទីភ្នាក់ងារសារ​ព័ត៌មាន​បារាំង AFP​ នៅ​ព្រឹក​ថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។

 

គិតមកទល់​ពេលនេះ បើតាមក្រុមមន្ត្រី​ហ្គាតេម៉ាឡា ចំនួនអ្នក​ស្លាប់​​ដោយសារ​តែ​ ការ​បំផ្លិចបំផ្លាញ​​បង្កឡើង​ដោយ​ភ្នំភ្លើង ហ្វឺហ្គោ (Fuego) បានកើន​ឡើងដល់ ៧៣នាក់ហើយ និងមនុស្ស​រាប់ពាន់​នាក់​ផ្សេងទៀត​ កំពុងស្នាក់​​នៅក្នុងជំរក​បណ្ដោះ​​អាសន្ន។ ដោយឡែក​កាល​ពី​ថ្ងៃចន្ទ ក្រុមអាជ្ញាធរ​ក៏បាន​បញ្ជាក់​ដែរថា មនុស្សប្រមាណ ១.៧លាននាក់ បាននិង​កំពុងទទួលរង​ផល​ប៉ះពាល់ ដោយសារ គ្រោះ​​ធម្មជាតិ​ខាង​លើនេះ និងជាង ៣,០០០នាក់ ត្រូវបាន​ជម្លៀស​​ខ្លួនចេញ​​ទៅកាន់​​ទី​កន្លែងសុវត្ថិភាព។

គួរជម្រាបថា ភ្នំភ្លើង​​ហ្វឺហ្គោ (Fuego) ដែលមានទីតាំង​ស្ថិត​នៅចម្ងាយ ៥០គីឡូម៉ែត្រ ភាគខាងលិច​​រដ្ឋធានី​ហ្គាតេម៉ាឡាស៊ីធី បានផ្ទុះ​ហើយជះកម្អែរផេះ​ឡើង​លើ​ផ្ទៃអាកាស​កម្ពស់ជាង ១១គីឡូម៉ែត្រឯណោះ។ អាជ្ញាធរ​អះអាងថា ប្រហែលជា​អាច​មាន​មនុស្ស​ស្លាប់​ច្រើន​បន្ថែម​ទៀត ក៏ព្រោះតែភូមិ​​មួយនៅក្បែរ​ភ្នំ​ភ្លើងនោះ​ត្រូវបានកម្អែរក្តៅ​​គគុក​​ហូរមកស្រោច​​​ពី​លើតែម្តង ស្របពេលពួកគេ​កំពុង ស្វែងរកអ្នក​បាត់ខ្លួនឈាន​ចូលមក​ដល់ថ្ងៃទី៣ទៅ​ហើយ៕​

ចែករំលែក