គួរឲ្យ​គោរព! ប្រឹងហែលឆ្លង​មហាសមុទ្រប៉ាស៊ីហ្វិក ក៏ព្រោះតែ​គោលដៅធំ​មួយ…

0

 

(តូក្យូ)៖ អ្នកហែលទឹកជនជាតិបារាំងម្នាក់ លោក ប៊ិន ឡេខុមត៍ (Ben Lecomt) បានចាប់ផ្ដើម​ដំណើរផ្សងព្រេង​ ដ៏វែងអន្លាយរបស់លោក​ហើយ ដោយការហែល​ទឹកចាកចេញពី​ប្រទេសជប៉ុន ដើម្បីក្លាយ​ជាមនុស្សដំបូងគេ​បំផុត ដែលហែល​ទឹកឆ្លងកាត់មហាសមុទ្រ​ប៉ាស៊ីហ្វិក។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៦ ខែមិថុនា ឆ្នាំ២០១៨។

លោក Ben Lecomte មានអាយុ ៥១ឆ្នាំ នឹងហែលទឹក ០៨ម៉ោងក្នុងមួយថ្ងៃ ក្នុងរយៈពេលច្រើនជាង ០៦ខែ នៃដំណើរផ្សង​ព្រេង​ឆ្ពោះ ទៅកាន់ឆ្នេរ​​ភាគខាងលិច​​សហរដ្ឋអាមេរិក ក្រោមការជួយ​ជ្រោមជ្រែង​ពី​ទូកអ្នកគាំទ្រ។ មិនតែប៉ុណ្ណោះ លោកនឹងត្រូវ​​ប្រឈមនឹងគ្រោះ​ថ្នាក់​ដូចជា ត្រីឆ្លាម ខ្យល់ព្យុះ (swarms of jellyfish) និងសីតុណ្ហភាព​ទាបបំផុត​ជាដើម។

តែទោះជាយ៉ាងនេះក្ដី លោកសង្ឃឹមថា តាមរយៈ​ការហែលទឹកឆ្លងកាត់​មហាសមុទ្រ ប៉ាស៊ីហ្វិកនេះអាច​នឹងជួយលើកកម្ពស់​ការយល់ដឹង​ ពីបម្រែបម្រួល​អាកាសធាតុ ខណៈ អ្នកវិទ្យាសាស្ត្រ​មួយក្រុមនឹងដឹកនាំ​ការស្រាវជ្រាវ នៅអំឡុងរយៈចំងាយ​ហែលទឹក ៩,០០០គីឡូម៉ែត្រ។ ដូច្នេះវា​មានន័យថា ការហែលឆ្លងកា​ត់ផ្ទៃ​មហាសមុទ្រ​របស់លោក គឺមាន​គោលដៅធំ​ក្នុងការសិក្សាអំពី​បរិស្ថាន​មហាសមុទ្រ ដែលជាប្រយោជន៍​​សម្រាប់ការសិក្សាស្រាវជ្រាវ​ផ្នែកវិទ្យាសាស្ត្រ។

លើសពីនេះ​ទៅទៀត ក្រុមអ្នកវិទ្យាសាស្ត្រ​ក៏នឹងធ្វើការសិក្សាផង​ដែរ​ ពីបំណែកប្លាស្ទិក ផលប៉ះពាល់​នៃការធ្វើលំហាត់ប្រាណ​ខ្លាំងលើ​បេះដូង និងត្រួតពិនិត្យ​មើលថា គ្រោះមហន្តរាយ​នៃរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា (Fukushima) បង្កផលប៉ះពាល់​ដល់​មហាសមុទ្រយ៉ាង​ដូចម្ដេច៕

ចែករំលែក