អំណាច​ធម្មជាតិ! ទន្លេ​នៃកម្អែរភ្លើង «បំផ្លិចបំផ្លាញ​ភូមិដ្ឋាន​ក្នុង​រដ្ឋហាវ៉ៃ» ដែល​​ធ្លាប់ជាកន្លែង​ស្អាត​បំផុត​លើ​ភពផែនដី…

0

 

(អាមេរិក)៖ ថ្នាក់ដឹកនាំតំបន់​មួយ នៅក្នុងរដ្ឋហាវ៉ៃលោក ហារី គីម (Harry Kim) បានបញ្ជាក់ថា លំនៅឋានជាង ៦០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញ​ដោយទន្លេនៃ​កម្អែរភ្លើង ដែល​ចេញពីភ្នំ Kilauea ចាប់តាំងតែ​ពីវាបានផ្ទុះ កាល​ពីដើមខែឧសភាកន្លង​ទៅម្ល៉េះ។ នេះបើតាម​ការ​ដក​ស្រង់​​ការ​ផ្សាយ​​ចេញ​ពី ទីភ្នាក់​ងារ​​ព័ត៌​មាន​​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី០៨ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងទៅកាន់ក្រុម​អ្នកសារព័ត៌មាន​ លោក Kim បានលើក​ឡើងយ៉ាងដូច្នេះថា «វាពិតជាគួរ​ឲ្យឈឺចាប់ខ្លាំង​ណាស់ ដោយអ្វីដែលយើង​បានបាត់បង់​គឺ​កន្លែងដ៏ស្រស់​ស្អាតបំផុតនៅ​លើផែនដី ហើយលំនៅឋាន​ជាង ៦០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញ​ខ្ទេចខ្ទី​ដោយ​ទន្លេនៃកម្អែរ​ភ្នំភ្លើង នៅលើ​កោះ​ហាវ៉ៃ»។

បើតាមលោក Kim ក្នុងរយៈពេលត្រឹម ០៣ថ្ងៃ កម្អែរភ្នំភ្លើងបាន​បំផ្លាញលំនៅឋានជិត ៥០០ខ្នង នៅ​តំបន់ Pahoa ក្នុងរួមមាន​​ទាំង​ភូមិ​គ្រឹះ​មួយ​កន្លែង​​របស់​​​លោក​អភិបាល​ផ្ទាល់​​។ ជាមួយគ្នានេះ អភិបាលរដ្ឋហាវ៉ៃ​លោក ដាវីដ អ៊ីជ (David Ige) ក៏បានឲ្យដឹងដែរថា រដ្ឋនឹងបែកចែក​ថវិកា​ចំនួន ​១២លានដុល្លារ ដើម្បីជួយដោះស្រាយ​បញ្ហានានា ដែល​បង្កឡើងពីកម្អែរ​ភ្នំភ្លើង។

គួរជម្រាប​ថា ភ្នំភ្លើង Kilauea បាននិងកំពុងបន្ត​បញ្ចេញសកម្មភាពឥតឈប់​ឈរ​អស់រយៈពេលប្រមាណជា ០៥សប្តាហ៍ហើយ។ វា​គឺ​ជា​ភ្នំ​ភ្លើង​ដែលក្មេងខ្ចី​ និងសកម្មជាងគេ​បំផុតមួយនៅ​លើលោក៕

ចែករំលែក