ប្រធាន UN ព្រមានហើយ «បើនៅ​តែ​ចោល​សម្រាម​ក្នុង​សមុទ្រ​​ទៀត ប្រយ័ត្នត្រី​ងាប់​អស់…»

0

 

​(យូអិន)៖ អគ្គលេខាធិការ​​អង្គការ​​សហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានអំពាវនាវ​ឱ្យមានការចូលរួម​ទាំងអស់​គ្នា​ក្នុងការ លុបបំបាត់​ការបំពុល​ដោយប្លាស្ទិក​នៅមហាសមុទ្រដោយ​ព្រមានថា ការបំពុលដោយ​ប្លាស្ទិក​អាចនឹងបំផ្លាញត្រីទាំង​អស់នៅក្នុងមហា សមុទ្រក្នុង​ពេលឆាប់ៗ​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងនាឱកាស​ទិវាមហាសមុទ្រ​ពិភពលោក នៅថ្ងៃសុក្រ​សប្ដាហ៍នេះ លោក Guterres បានលើក​ឡើងយ៉ាងដូច្នេះថា «ការបំពុលដោយ​ប្លាស្ទិក បាននិង​កំពុងបំផ្លាញ​ទឹកសមុទ្រ សហគមន៍​ដែលអាស្រ័យ​លើការនេសាទ និងទេសចរណ៍ ព្រមទាំង​សម្លាប់ជីវិតសត្វ​នៅក្នុង​សមុទ្រ… ដូច្នេះវាចាំបាច់​ណាស់ ត្រូវការ​មានការចូលរួម​ពីយើងទាំងអស់​គ្នា ដើម្បីបញ្ឈប់​មហន្តរាយ​នេះ ក៏ដូចជាកាត់​បន្ថយការ​បំពុល​សមុទ្រ… ព្រោះការចូលរួម​ចំណែកម្នាក់បន្តិច​ នឹងប្រមូលទៅ​ជាការចូល​រួម​ដ៏ធំ»។

បើសម្តីរបស់​លោក ហ្គូទែរែស មហាសមុទ្រ​នានាបានធ្វើឲ្យផែនដី​មានពណ៌ខៀវ និង​អស្ចារ្យគ្មាន​កន្លែងណាអាចរកបានទៀត​នោះ​ឡើយ នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ​យើងនេះ។ មហា​សមុទ្រ​នានា បានបម្រើ​ដល់ការផ្លាស់ប្តូរ​រដូវយ៉ាងទៀងទាត់ នៅលើភព​ផែនដី ហើយនិរន្តរភាព​របស់​មហាសមុទ្រ ក៏ជានិរន្តរភាព​នៃបរិស្ថាន​ជារួម នៅលើភពផែនដី​ផងដែរ។

និយាយរួម​បើការ​បំពុល​ទឹកកាន់​​តែអាក្រក់ខ្លាំង​ឡើងៗ នោះមិនមែន​​តែត្រីនោះទេ​ដែល​​ងាប់អស់ សូម្បីតែ​ជីវិត​មនុស្សនានា ក៏នឹងរស់​នៅ​មិន​បានសុខ​​នោះ​ដែរ ព្រោះមនុស្ស​ត្រូវការបរិស្ថានល្អ មានដូច​ជារដូវទៀតទាត់, កម្រិតអុកស៊ីសែន​គ្រប់​គ្រាន់ និងអាហារ​សម្រាប់​បរិភោគជាដើម ដោយក្នុងនោះ​អាហារសមុទ្រ​ពិតជាសំខាន់​សម្រាប់ទ្រទ្រង់រាង្គកាយ​របស់មនុស្ស​យើង។

គួរបញ្ជាក់ថា បើតាមលោក​​អគ្គលេខាធិការ​ នៃអង្គការសហប្រជាជាតិ ៨០ភាគរយ នៃការបំពុល​នៅក្នុងសមុទ្រ គឺមកពីដីគោក​​ ក្នុងនោះរួម​មានសំណល់​បា្លស្ទិក ជាមធ្យម ០៨លានតោន​​ ត្រូវបាន​មនុស្សបោះចោលក្នុងសមុទ្រជារៀង​រាល់​ឆ្នាំ ហើយវានឹងបន្តកើន​ឡើងច្រើនបន្ថែមទៀត នៅពេលដែលចំនួន​មនុស្សកើនឡើង និងគ្មាន​ការគិតគូរគ្រប់គ្រាន់​ដល់បរិស្ថាន៕

 

ចែករំលែក