វៀតណាម​​គ្រោងចុះស្រង់​កំនប់ពីខ្មោចសំពៅ​ចិនមួយ ដែលបាន​​​លិចកាល​​ពី​សម័យ​រាជវង្សមីង…

0

 

(ហាណូយ)៖ រដ្ឋាភិបាល​វៀតណាម​​កំពុង​តែរៀបចំ​ក្រុម​ជំនាញ ក្នុងការចុះ​ទៅស្រង់​យក​កំនប់ជាវត្ថុមានតម្លៃ​ជាច្រើន ពីក្នុងសំពៅបុរាណ​ចិនមួយ​គ្រឿង ដែលបាន​លិច​កាលពី​សម័យ​រាជវង្សមីង (Ming) នៃ​សតវត្សរ៍ទី១៦ នៅក្នុងទឹក​សមុទ្រជាប់ខេត្ត ក្វាងង៉ៃ (Quang Ngai) ភាគកណ្តាល​ប្រទេស​វៀតណាម។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។

សំពៅ​ខាង​លើនេះ ត្រូវបានអាជ្ញាធរ​វៀតណាម​អះអាងថា មាន​បណ្តោយ​ប្រវែង ២៥ម៉ែត្រ ដែល​បច្ចុប្បន្ន​នេះ កំពុងតែស្ថិតនៅក្នុង​ជម្រៅទឹក​សមុទ្រ ០៩ម៉ែត្រ និងមាន​ចម្ងាយ​តែ ០៧ ម៉ែត្រប៉ុណ្ណោះ ពីឆ្នេរសមុទ្រនៃខេត្ត​ក្វាងង៉ៃ។ តាមពិត​ទៅសំពៅនេះ ត្រូវបានរកឃើញ​ដោយ​ចៃដន្យ ​កាលពីពេលថ្មីៗ​កន្លងទៅនេះ​ប៉ុណ្ណោះ ដោយ​ក្រុមហ៊ុនអភិវឌ្ឍន៍​​កំពង់​ផែសមុទ្រ ដែលកំពុង​សិក្សាពីការកសាង​កំពង់ផែទឹកជ្រៅ នៅក្នុង​តំបន់នេះ​តែម្តង។

គួរបញ្ជាក់ថា រជ្ជកាលមីងមានរយៈពេល ២៧៦ឆ្នាំ គិតចាប់ពី​ឆ្នាំ១៣៦៨ នៃគ.ស ដល់ឆ្នាំ១៦៤៤ នៃគ.ស។ នៅអំឡុង​នៃរាជវង្ស​មួយនេះ ប្រទេសចិន​មានភាព​ល្បី​ល្បាញខ្លាំង​ខាងផលិតផលិតផល​សេរ៉ាមិច និង​ព័រសេឡែន ហើយសំពៅ​ដែលបាន​លិច​នោះ ត្រូវបាន​ក្រុមជំនាញ​វៀតណាម​ជឿជាក់ថា មានផ្ទុកនូវ​ផលិតផលគ្រឿង​ព័រសេឡែន ដែលជាវត្ថុមាន​តម្លៃពីបុរាណកាល​នោះ​ផងដែរ៕

ចែករំលែក