ជម្លោះរវាង Apple និង Qualcomm ឈានដល់ចំណុចថ្មីមួយទៀត…

0

 

(អាមេរិក)៖ គណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក (ITC) បានផ្តល់អនុសាសន៍ដល់ចៅក្រមផ្នែកពាណិកម្មថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple Inc បានរំលោភលើសិទ្ធិប៉ាតង់យ៉ាងតិចមួយ របស់ក្រុមហ៊ុនផលិតបរិក្ខាទូរគមនាគមន៍ Qualcomm ដែលការបោះជំហាននេះ អាចនឹងឈានទៅដល់ការរាំងខ្ទប់ការនាំចូល របស់ទូរស័ព្ទដៃ iPhone មួយចំនួន។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨។

ក្រុមហ៊ុនផលិតបន្ទះឈីប ដែលមានមូលដ្ឋាននៅទីក្រុងសេនឌីអេហ្គោ (San Diego) Qualcomm បានដាក់ពាក្យប្តឹងប្រឆាំងនឹងក្រុមហ៊ុន Apple កាលពីជិតមួយឆ្នាំមុន ដោយស្នើឲ្យគណៈកម្មការខាងលើ ចេញបំរាមហាមឃាត់លើការនាំចូលនៃទូរស័ព្ទដៃ iPhone ដែលមានបំពាក់នូវ​បន្ទះឈីបរបស់​ក្រុមហ៊ុនជាគូប្រជែងរបស់ Qualcomm គឺ Intel Corp ដែលអាចជួយឲ្យទូរស័ព្ទដៃតភ្ជាប់ទៅកាន់បណ្តាញ Wireless ​ប្រសើរជាងមុន។

ក្នុងសវនាការនៅរដ្ឋវ៉ាស៊ីនតោន ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រុមការងារ ITC បានលើកឡើងថា Apple បានបំពានលើសិទ្ធិប៉ាតង់មួយរបស់ Qualcomm ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាសន្សំសំចៃថ្ម។ យ៉ាងណាមិញ នៅក្នុងសំណុំរឿងពាណិជ្ជកម្មបែបនេះ ITC ដើរតួនាទីក្នុងនាមជាភាគីទីបីប៉ុណ្ណោះ ដោយមតិរបស់ ITC គឺពុំចាំបាច់ត្រូវអនុវត្តន៍តាមនោះឡើយ ប៉ុន្តែចៅក្រៅជារឿយៗតែងធ្វើតាមយោបល់ទាំងនេះ។

គួរជម្រាបថា សំណុំរឿងខាងលើនេះ គ្រាន់ជាសំណុំរឿងមួយដំបូងប៉ុណ្ណោះ ដែលបានឡើងដល់សវនាការ នៅក្នុងចំណោមរឿងក្តីជាច្រើនផ្សេងទៀត រវាង Apple និង Qualcomm ដែលមានវិវាទជុំវិញសិទ្ធិប៉ាតង់, ការប្រើប្រាស់អាជ្ញាប័ណ្ឌ, និងកុងត្រារវាងប្រទេសទាំងពីរ៕

ចែករំលែក