ដានជើង​សត្វដាយណូស័រ​ជាច្រើន​ប្រភេទ ត្រូវបាន​ប្រទះឃើញ​នៅខេត្ត​ភាគកើត​ចិន (រូបភាព​ខាងក្នុង)

0

 

(ចិន)៖ អ្នកបុរាណវិទ្យាមួយក្រុមបានរកឃើញទីតាំងផ្ទាំង​ហ្វូស៊ីល (Fossil) មួយកន្លែង ដែលមានផ្ទុក​នូវដានជើងសត្វ​ដាយណូស័រ​ជាច្រើន​ពូជ​ខុសៗគ្នា នៅឯខេត្ត​សានទុង (Shandong) ភាគខាងកើត​ប្រទេសចិន ខណៈដែលហ្វូស៊ីល​នៃដងខ្លួនសត្វយក្ស​ទាំងនោះ ពុំត្រូវបានគេ​រកឃើញ​នោះ​ទេ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០១៨។

ក្រុមអ្នក​ស្រាវជ្រាវ​ខាងលើ ដែលរួមមានអ្នកជំនាញ​មកពីចិន សហរដ្ឋអាមេរិក និងអូស្រ្តាលី បានរកឃើញ​ដានជើងជាង ៣០០ ដែលបន្សល់​​ទុកដោយពពួកសត្វ​ដាយណូស័រ​មួយក្រុមធំ កាលពី​សម័យ Cretaceous Period ពោល​គឺប្រមាណ ១២០លាន​ឆ្នាំមុន​មកម្ល៉េះ។

បើតាមការ​​សង្កេតលើដាន​ទាំងនោះ គឺក្រុមអ្នក​ស្រាវជ្រាវបានមើល​ឃើញថា មានសត្វដាយណូស័រ​ចំនួន ០៧ប្រភេទ ដែលបាន​ធ្វើដំណើរឆ្លង​កាត់​​ភ្នំ ម៉ាលីង (Maling) ក្នុងនោះ​រួមមានទាំងពពួកស៊ីសាច់ ពួកស៊ីរុក្ខជាតិ និងពួកមានស្លាបជាដើម។

គួរជម្រាបថា ការរកឃើញដាន​ជើងដាយណូស័រ​ខាងលើនេះ គឺជារឿងគួរ​ឲ្យភ្ញាក់ផ្អើល​មួយ ដោយសារតែពុំ​មានគ្រោងឆ្អឹងសត្វបុរាណនេះ​​ណាមួយ ត្រូវបានរកឃើញ​ពីមុនមក នៅក្នុងតំបន់​ខាងលើ​ឡើយ៕

ចែករំលែក