អូស្ត្រាលីទម្លាយពី​បច្ចេកវិទ្យា​ទំនើប​មួយ ដែលអាចរកឃើញ​ខ្មោចនាវា​មុជទឹក​សម័យ​សង្គ្រាម​លោក (រូប​ភាព​ខាង​ក្នុង)

0

 

(ស៊ីដនី)៖ បច្ចេកវិទ្យាបង្កើតពុម្ពគំរូបែប 3D ដ៏ទំនើប ត្រូវបានប្រើប្រាស់ ដើម្បីធ្វើការរុករក​ក្នុង​ខ្មោចនាវាមុជទឹក​អូស្រ្តាលី ​ដែល​បាន​លិចនៅ​ឯ​​កណ្តាល​សមុទ្រ កាលពីសម័យ​សង្រ្គាមលោក។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។

នាវា​មុជទឹក HMAS AE1 មានផ្ទុកមនុស្ស ៣៥នាក់ បានលិចនៅក្រោម​បាតសមុទ្រ​កាលពីជាង ១០០ឆ្នាំមុន នៅឆ្នាំ១៩១៤ ប៉ុន្តែទាល់​តែដល់​ឆ្នាំទៅមិញ​ប៉ុណ្ណោះ (២០១៧) ទើបទីតាំងនៃកន្លែង​ដែលនាវានេះលិច ត្រូវបាន​គេរកឃើញ។ ​ក្រោយការតាម​ស្វែងរកអស់រាប់​ទសវត្សរ៍មក ទីបំផុត​នាវា​មុជ​​ទឹក​ HMAS AE1 ក៏ត្រូវបានរក​ឃើញនៅជម្រៅ ៣០០ម៉ែត្រក្រោមផ្ទៃទឹក នៅក្បែរកោះ Duke of York នៃប្រទេស​ប៉ាពូញូហ្គីណេ។

ចាប់តាំងពី​ពេលរកឃើញមកនោះ ដើម្បីស្វែងយល់ និងសិក្សាបន្ថែម ក្រុមអ្នកស្រាវជ្រាវ​អូស្រ្តាលី​បានផ្តិតយករូបភាពប្រមាណ ៨,៥០០សន្លឹក​​របស់​ខ្មោច​នាវាមុជទឹក និងបានគ្រោង​បង្កើត​ម៉ូដែល 3D នៃ HMAS AE1 ថែមទៀត ខណៈដែល​វានាពេលនេះ​ ស្ថិតនៅក្រោមបាតសមុទ្រ​​ទៅហើយ។ ក្រុមអ្នក​ស្រាវជ្រាវ រំពឹងថា ការប្រើប្រាស់​បច្ចេកវិទ្យានេះ នឹងអាចជួយ​ការបង្កើនការ​យល់ដឹងថា ហេតុអ្វី​បានជា​នាវាមុជទឹក​​នេះ​លិច។

គួរជម្រាបថា នាវាមុជទឹក HMAS AE1 ទើបតែបម្រើ​ការបានប្រមាណ ០៧ខែប៉ុណ្ណោះ នៅពេលដែលវា​បានចាកចេញពី​ទីក្រុងស៊ីដនី ដើម្បី​​ទៅដណ្តើម​គ្រប់គ្រងប៉ាពូញូហ្គីណេ ដែលកាលនោះ​ស្ថិតក្រោមការគ្រប់គ្រង​របស់អាល្លឺម៉ង់។ HMAS AE1 គឺជានាវាមុជទឹក​ដំបូង​បំផុត​របស់​ទ័ពជើងទឹក​អាមេរិក ដែលបានបាត់បង់​នៅក្នុងសម័យ​សង្រ្គាម៕

 

ចែករំលែក