ប្រទេស​ចិនកំពុង​គិតគូរ «ផលិត​នាវាបំបែក​ទឹកកក-​នុយក្លេអ៊ែរ ឬនាវា​ដឹកយន្តហោះ​ចម្បាំង»

0

(ប៉េកាំង)៖ ចិនត្រូវ​បានគេរាយការណ៍​ថា កំពុងដើរតាម​ជំហានរបស់រុស្ស៊ី​ ក្នុងការផលិត​នាវាបំបែកទឹកកក​ដើរដោយ​ថាមពលនុយក្លេអ៊ែរ។ ប៉ុន្តែ​ទន្ទឹមគ្នា ក្រុមអ្នកជំនាញ​យោធាខ្លះសង្ស័យថា ទីក្រុង​ប៉េកាំង​ចង់ប្រើឱកាស​នេះ ​ផលិតនាវាផ្ទុក​យន្ដហោះចម្បាំង​ ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​ ដើម្បីរក្សាតុល្យភាព​យោធាជាមួយ​សហរដ្ឋអាមេរិក។ នេះ​បើតាម Global Times ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨។

យោងតាម​សារព័ត៌មានចិន Global Times ឯកសារមួយ​ពាក់ព័ន្ធនឹង​ការដេញថ្លៃ ក្នុងការផលិត​នាវាបំបែកទឹកកក​ថាមពលនុយក្លេ​អ៊ែរ បានបង្កជា​ការពិភាក្សាពីលទ្ធភាព នៃការអភិវឌ្ឍ​នាវាផ្ទុកយន្ដហោះ​ចម្បាំង ​ដើរថាមពល​នុយក្លេអ៊ែរ។ Global Times បានគូស បញ្ជាក់​នៅក្នុងអត្ថបទរបស់​ខ្លួនចុះផ្សាយកាល​ពីថ្ងៃសុក្រយ៉ាងដូច្នេះថា «វាគឺជានាវា​ដើរដោយថាមពល​នុយក្លេអ៊ែរ​ដំបូងបំផុត​របស់ចិន ដែលនឹងជួយ​ឱ្យចិនអភិវឌ្ឍន៍ទៅជានាវា​ចម្បាំង​ ដើរដោយ​ថាមពល​នុយក្លេអ៊ែរ»។

គួរបញ្ជាក់ថា បើតាមសេចក្ដី​រាយការណ៍​របស់ Sputnik កាលពីខែកុម្ភៈ ទីក្រុងប៉េកាំង​មានគោលដៅ​ផលិត នាវាផ្ទុះយន្ដហោះចម្បាំង ដើរដោយថាមពល​នុយក្លេអ៊ែរដោយ​ខ្លួនឯង នៅត្រឹមឆ្នាំ២០២៥។ មិនតែប៉ុណ្ណោះ ចិនក៏មាន​មហិច្ឆតាបង្កើត​ក្រុមនាវាផ្ទុក​យន្ដហោះ ចម្បាំងបួនគ្រឿង​សម្រាប់កងទ័ពជើង​ទឹក នៃកងទ័ពរំដោះប្រជាជន​ចិន PLA នៅ​ឆ្នាំ២០៣០ ខណៈបច្ចុប្បន្នកងទ័ពចិន​ទើបតែទទួល បាននាវាផ្ទុក​យន្ដហោះចម្បាំង ឡាវនីង (Liaoning) ជាលើកដំបូងចំនួនមួយគ្រឿង និងមួយគ្រឿងថ្មី​ទៀតស្ថិតនៅ​ក្នុងដំណើរ​ការ​សាកល្បង៕

ចែករំលែក