រឿង​ចម្លែក​! តើហេតុអ្វី​ខ្យល់នៅ​​ឥណ្ឌា​មានពណ៌​ប្លែក ​ខុសពី​ខ្យល់​នៅ​ប្រទេស​ផ្សេង​ទៀត?

0

 

(ឥណ្ឌា)៖ បើតាមឧបករណ៍​សង្កេត​ពីអវកាស វាមានភាពខុស​ប្លែកម៉្យាង​ អំពីខ្យល់នៅលើ​ផ្ទៃប្រទេសឥណ្ឌា ព្រមទាំង​ប្រទេស​ជិតខាងឯទៀតៗ ដែល​នៅតំបន់​អាស៊ី​ខាងត្បូង។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មាន BBC នៅយប់ថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨។

រឿងចម្លែក​នោះគឺដោយសារតែវត្តមាន​របស់ Formaldehyde ជាឧស្ម័នគ្មាន​ពណ៌មួយ​ប្រភេទ ដែលបញ្ចេញ​ដោយឯកឯង​ពីរុក្ខជាតិ ប៉ុន្តែវាក៏​កកើតឡើង​ចេញពីសកម្មភាព​ បំពុលបរិយាកាស​មួយចំនួនធំ​ផងដែរ។ ការកើន​ឡើងនៃវត្តមាន​ឧស្ម័ននេះ បានស្ថិតក្រោម​ការសង្កេតរបស់​​ផ្កាយរណប​ស៊េរីថ្មីរបស់​អឺរ៉ុប Sentinel-5P ដែលត្រូវបាន​បាញ់បង្ហោះកាលពី​ខែតុលាឆ្នាំទៅ ដើម្បីតាម​ដានគុណភាព​ខ្យល់ នៅទូទាំង​ពិភព​លោក។

ឧស្ម័ន Formaldehyde រួមផ្សំឡើង​ពីសមាសធាតុសរីរាង្គ​ ងាយបង្កហេតុជា​ច្រើនប្រភេទ ហើយប្រភព​របស់វាអាចចេញ​មកពីរុក្ខជាតិ ពោល​គឺ​មាន​ប្រភពពី​ធម្មជាតិ ប៉ុន្តែក៏អាច​មកពីភ្លើង ឬការបំពុល​ផងដែរ។ និយាយរួម វាអាស្រ័យ​ទៅលើតំបន់ ប៉ុន្តែ ៥០ ទៅ ៨០ភាគរយ នៃវត្តមាន​របស់​​ឧស្ម័ន​ Formaldehyde គឺមកពីប្រភព​សរីរាង្គពី​ធម្មជាតិ។

យ៉ាងណាមិញ ដូចដែលបាន​លើកឡើងខាងលើ វាក៏មានការចូលរួម​ពីសកម្មភាព​បំពុល និងភ្លើងឆេះផងដែរ ហើយភ្លើងអាច​កើតមកពីការដុត​បញ្ឆេះធ្យូង និងភ្លើងឆេះ​ព្រៃជាដើម។ នៅឥណ្ឌា និងប្រទេសក្បែរខាង ប្រជាជនតែង​ដុតចម្ការ​របស់ពួកគេ ដើម្បីត្រៀមសម្រាប់​ការដាំដុះបន្ត​បន្ទាប់ទៀត។ ប្រជាជាតិ​ទាំងនេះ ក៏ប្រើប្រាស់​ឈើ-អុស​ក្នុងចំនួនយ៉ាង​ច្រើន ដើម្បី​បម្រើដល់​ការចម្អិនអាហារ និងផ្តល់កម្តៅ​នៅក្នុងផ្ទះ​សម្បែង​ផងដែរ។

គួរជម្រាបថា ផ្កាយរណប Sentinel-5P បានបាញ់បង្ហោះដោយ​ទីភ្នាក់ងារ​អវកាសអឺរ៉ុប ESA សម្រាប់កម្មវិធី​តាមដាន​ស្ថានភាព​​ផែនដី​របស់​សហភាព​​អឺរ៉ុប។ ការតាម​ដាននេះ គឺជាផ្នែកមួយ​នៃកិច្ចការពារ​បរិស្ថាន និងអង្កេតមើល​តំបន់មួយចំនួន​នៅលើផែនដី ដែលមាន​ការបំពុលខ្យល់​​ខ្លាំងជាងគេ​​ផងដែរ៕

ចែករំលែក