បច្ចេកវិទ្យា​ដ៏សាហាវមួយ​ នឹងត្រូវយោធារុស្ស៊ីបង្កើត​​ឡើងវិញ ​នោះគឺ «ការបង្កើត​រលកយក្ស​ស៊ូណាមិ​សិប្បនិម្មិត ដើម្បី​កម្ទេច​សត្រូវ»

0

 

(ម៉ូស្គូ)៖ ខណៈភាពតានតឹងលើពិភពលោក​កំពុងមានកម្រិតខ្ពស់ យោធា​ប្រទេសរុស្ស៊ី បាននិងកំពុងពិចារណា​ទៅលើ​គម្រោង​អភិវឌ្ឍន៍​សព្វា​វុធមួយ ដែលមាន​អាយុកាលរាប់​ទសវត្សរ៍មក​ហើយ និងត្រូវបានបង្កើត​ឡើងដោយ​ស្ថាបត្យករ​ម្នាក់នៃ​គម្រោងអាវុធនុយក្លេអ៊ែរ​របស់អតីតសហភាពសូវៀត​ ដែលមាន​សមត្ថភាពក្នុង​ការបង្កើត​រលកយក្សស៊ូណាមិ​សិប្បនិម្មិត ហើយបង្ក​មហាគ្រោះ​មហន្តរាយធ្ងន់ធ្ងរ​ជាខ្លាំង នៅតាមតំបន់​ក្បែរមាត់​​​សមុទ្រ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨។

ក្រុមអ្នកវិទ្យាសាស្រ្ត និងវិស្វករយោធារុស្ស៊ី កំពុងផ្តោតការយក​ចិត្តទុកដាក់ទៅលើ​គំនិត នៃការបង្កើតមីស៊ីល​ក្រោមទឹកនុយក្លេអ៊ែរដ៏​ធំមួយ ដែលត្រូវបានដាក់​ចេញជាគម្រោងកាល​ពីទសវត្សរ៍ ១៩៥០ ដោយរូបវិទូនុយក្លេអ៊ែររបស់សូវៀត (រុស្ស៊ីបច្ចុប្បន្ន) លោក អាន់ឌ្រៃ សាខារ៉ូវ (Andrei Sakharov)។ នេះ​បើតាម​សម្តីលោក សាមីល អាលីវ (Shamil Aliev) ដែលជា​អ្នកជំនាញមួយរូប​ផ្នែកខាងរចនា​មីស៊ីលក្រោមទឹក​​របស់​រុស្ស៊ី។

យោងតាម​លោក Aliev គំនិតរបស់​លោក Sakharov អំពីការបង្កើត​មីស៊ីលក្រោមទឹក​បំពាក់ក្បាល​នុយក្លេអ៊ែរ ដែលមាន​មុខកាត់ ១.៥ម៉ែត្រ ​​និង​ប្រវែង ២៤ម៉ែត្រ ព្រមទាំងរយៈចម្ងាយ​វាយប្រហារ​ ៥០គីឡូម៉ែត្រ កំពុងស្ថិតក្រោម​ការគិតគូរពិចារណា​ឡើងវិញ។ លោក Aliev ចង់សំដៅ​​ទៅ​លើគម្រោង​សព្វាវុធមួយមាន​ឈ្មោះថា T-15 ដែលទាក់ទិននឹង​ការបង្កើតមីស៊ីល​ក្រោមទឹកទម្ងន់ ៤០តោន ដែលអាចផ្ទុកក្បាល​គ្រាប់នុយក្លេ​អ៊ែរ​​កម្លាំង ១០០ម៉េហ្គាតោន។

គួរជម្រាបថា បើតាមការពន្យល់​បកស្រាយរបស់អ្នកវិទ្យាសាស្រ្ត​ខាងលើ គោលបំណង​នៃសព្វាវុធដ៏មាន​អានុភាពនេះ គឺដើម្បីកម្ទេចគោល​ដៅ​​​នៅ​ក្បែរមាត់សមុទ្រ តាមរយៈការបង្កើត​ការផ្ទុះចេញពីក្នុងទឹក និយាយរួមទៅគឺបង្កើត​រលក​យក្ស​ស៊ូណាមិ ចេញពីការបំផ្ទុះ​មីស៊ីល​​ក្រោម​ទឹក​​​នោះ​។ ម៉្យាងវិញទៀត គម្រោង​សព្វាវុធនេះ ត្រូវមន្ទីរបញ្ចកោណ​ចាត់ទុកថា ជាការគំរាមកំហែង​យុទ្ធសាស្រ្តដ៏ធំបំផុត​មួយ ចំពោះ​កំពង់ផែ ​​មូលដ្ឋានយោធានៅក្បែរមាត់សមុទ្រ និងក្រុមនាវាដឹក​យន្តហោះចម្បាំង​របស់​សហរដ្ឋអាមេរិក៕​

 

ចែករំលែក