Oops! មាន​ការ​ទម្លាយ​ថា «ទ្វីបអង់តាកទិក​នៅប៉ូល​ខាង​ត្បូង​ផែនដី លូតឡើង​ខ្ពស់​ជាង​មុន», តើ​ហេតុ​អ្វី​ទៅ?

0

(អាមេរិក)៖ ស្រទាប់ថ្មនៅពី​ក្រោមទី្វបទឹកកក​នៅប៉ូលខាងត្បូង «អង់តាកទិក» ត្រូវគេអះអាងថា កំពុងលូតកម្ពស់ខ្ពស់​ជាងមុន​ ក្នុងកម្រិតយ៉ាង​ឆាប់​រហ័ស​ គឺប្រមាណ ៤១មីលីម៉ែត្រ ឡើងលើជារៀងរាល់ឆ្នាំ ហើយផ្ទាំងទឹកកក​ដែលកាន់តែស្តើង​ទៅៗនៅទីនោះ ទំនងគឺជា​ដើមហេតុ​។ នេះ​បើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​វែបសាយ Space.com នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨។

បើតាមការបញ្ជាក់​ពីអ្នកវិទ្យាសាស្រ្ត​បានឲ្យដឹងថា បាតុភូត​ខាងលើនេះ បង្កឡើងដោយ​សារតែពេលផ្ទាំងទឹកកវារលាយ ទម្ងន់របស់​វា​​នៅលើស្រទាប់ថ្ម​ដែលនៅកប់ពីក្រោម ត្រូវបាន​សម្រាលឲ្យស្រាល​ជាងមុន ហើយសរុប​ពេលជាច្រើនឆ្នាំ នៅពេលបរិមាណ​ទឹកកកជា​ច្រើន​បាន​រលាយបាត់នោះ ស្រទាប់ថ្ម​ក៏ងើបឡើងជាការ​ឆ្លើយតបវិញ ដោយវា​ត្រូវ​បាន​រុញច្រានដោយ​​លំហូរនៃស្រទាប់ Mantle ដែលស្ថិតក្រោម​ផ្ទៃ​​​របស់​ផែនដី។

គួរជម្រាបថា ការលូតឡើងនៃ​ស្រទាប់ថ្មនៅតំបន់ប៉ូល​ខាងត្បូងនេះ អាចនិយាយ​បានថា ជាដំណឹងល្អ និងដំណឹងអាក្រក់​ព្រមគ្នា​ផងដែរ។ ​ដំណឹងល្អនោះ​ គឺការងើបឡើង​នៃស្រទាប់ថ្ម​អាចធ្វើឲ្យផ្ទាំង​ទឹកកកនានា ដែលមិនទាន់​រលាយមានស្ថិរភាព​ជាងមុន ខណៈដំណឹងអាក្រក់​វិញ​នោះ គឺថានាពេល​ប៉ុន្មានឆ្នាំកន្លងទៅ ការលូតឡើង​នៃស្រទាប់ផែនដីនេះ ប្រហែល​ជា​ផ្លាស់ប្តូរ​កម្រិតវាស់វែង​របស់ផ្កាយរណប​ ទៅលើការ​​បាត់បង់ផ្ទាំង​ទឹកកករួចស្រេច​ទៅហើយ ដែលប្រការ​នេះអាចបណ្តាល​ឲ្យ​អ្នក​វិទ្យាសាស្រ្ត មើលស្រាល​ទៅលើកម្រិតរលាយ​ នៃផ្ទាំង​ទឹកកក​​ជាដើម៕

ចែករំលែក