បទចម្រៀងល្បីរបស់ Ed Sheeran រងការប្តឹងទារ​សំណង​១០០លានដុល្លារ ដោយសារ​បាន​ចម្លងពី​បទ​ទសវត្សរ៍១៩៧០…

0

 

(ញូយ៉ក)៖ តារាចម្រៀង​អង់គ្លេស និងជាអ្នកនិពន្ធដ៏ល្បីល្បាញមួយរូបមានឈ្មោះថា អ៊ែដ ហ្ស៊ារ៉ាន (Ed Sheeran) បានទទួលរង​ការប្តឹងទាមទារ​សំណង ​ជាទឹកប្រាក់រហូតដល់ទៅ ១០០លានដុល្លារ​សហរដ្ឋអាមេរិក​ឯណោះ ដោយសារតែ​បទចម្រៀង​របស់លោក ត្រូវបានគេ​រកឃើញថា បានចម្លង​យកផ្នែកខ្លះៗ​នៃអាល់ប៊ុមបទចម្រៀង​អាមេរិក «Let’s Get It on» ដែលបានទទួលការគាំទ្រពេញទំហឹង នាអំឡុងឆ្នាំ១៩៧៣។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨។

ក្រុមហ៊ុន Structured Asset Sales LLC ដែលមានសិទ្ធិលើកម្មសិទ្ធិបញ្ហា មួយភាគបី របស់អាល់ប៊ុម Let’s Get It On បានអះអាងថា បទចម្រៀងរបស់ Sheeran ដែលមានចំណងជើងថា Thinking Out Loud បានចម្លងយកផ្នែកជាច្រើន នៃបទចម្រៀងក្លាស៊ីករបស់តារាចម្រៀង ម៉ាវីន ហ្គេយ៉េ (Marvin Gaye) ដែលត្រូវបាន​ចេញផ្សាយ​តាំងពីឆ្នាំ១៩៧៣ និងទទួល​ការគាំទ្រយ៉ាងពេញទំហឹងជាសម័យកាលនោះ។

យោងទៅតាម​ពាក្យបណ្តឹងនោះ ក្រុមហ៊ុន Structured Asset Sales LLC បានប្តឹងបទ​ចម្រៀងរបស់ Sheeran ថា​បានចម្លងផ្នែកជាច្រើន​រួមមាន «ទំនុកភ្លេង, ស្គរ, ការប្រទាក់​ចង្វាក់, tempo, ការចម្រៀង​បន្ទរ (វ័រ), syncopation និង looping ពីបទចម្រៀងរបស់ Gaye»។ នេះមិនមែន​ជាលើកទីមួយនោះឡើយ ដែលបទចម្រៀង​របស់ Sheeran បានទទួលពាក្យបណ្តឹង​អំពីការលួចចម្លងកម្មសិទ្ធិបញ្ញានេះ។

គួរបញ្ជាក់ថា កាលពី​ឆ្នាំ២០១៦ អ្នកគ្រប់គ្រង​បទចម្រៀងរបស់​អ្នកនិពន្ធ​ចម្រៀង Edward Townsend បានប្តឹង​លោក Sheeran ស្រដៀងនឹ​ងរឿងរ៉ាវខាងលើ​នេះដែរ៕

ចែករំលែក