តើទ្វីបទឹកកក​អង់តាក់ទិក ជាកម្មសិទ្ធិ​របស់ប្រទេសណា? តើវាមានអ្វីពិសេសខ្លះទៅ?

0

 

(បរទេស)៖ វាខុសពីមហាសមុទ្រទឹកកកអាក់ទិក ដែលស្ថិតនៅប៉ូលខាងជើងនៃភពផែនដី ដែលមាន​មហាអំណាច​ធំៗ កំពុងតែបញ្ចេញ​ឥទ្ធិពល ដោយទ្វីបអង់តាក់ទិកគឺ​ជាផ្ទៃទ្វីបថ្ម ឬដី ដែលគ្របដណ្តប់​ស្ទើរតែទាំងស្រុង​ដោយផ្ទាំង​ទឹកកក និងជាទីកន្លែង​ត្រជាក់ជាងគេ​បំផុតនៅលើ​ផ្ទៃផែនដី នោះមិនមានប្រទេស​ណាអាចមានសិទ្ធិ​ទាំងស្រុង​ លើវាបាន​ឡើយ។ នេះបើតាម​​ការដកស្រង់​ពី​វែបសាយ Antarctica អូស្ត្រាលី នៅថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។

បើតាមច្បាប់អន្តរជាតិ ទ្វីបអង់តាក់ទិក​មិនត្រូវទទួលរង​ការគ្រប់គ្រងដោយ​ប្រទេសណា​មួយនោះ​ឡើយ ប៉ុន្តែនៅក្នុង​សន្ធិសញ្ញាមួយកាលពី​ឆ្នាំ១៩៥៩ ដែលមាន​​ប្រទេសចំនួន ៤៥ ជាម្ចាស់​ហត្ថលេខី ទ្វីបនេះ​បើកទ្វារ​សម្រាប់​ប្រទេសនានា ចូលមកធ្វើការ​ស្រាវជ្រាវ និងអភិរក្ស​តាមបែប​វិទ្យាសាស្ត្រ ហើយវាក៏ជាការផ្អាក​នូវការអះអាងកម្មសិទ្ធិ​ពីសំណាងប្រទេស​​​ចំនួន ០៧ នៅលើទ្វីបនេះ​កាលពីមុន​ដូចជា អាហ្សង់ទីន, អូស្ត្រាលី, ឈីលី, បារាំង, នូវែលសេឡង់ និងចក្រភពអង់គ្លេស​ផងដែរ។

ដូច្នេះវាមានន័យថា ប្រសិនបើប្រទេសណាមួយ​មានចំណាប់អារម្មណ៍ ឬលទ្ធភាពនៅក្នុង​ការមកធ្វើទស្សនកិច្ច និងបោះមូលដ្ឋានសិក្សាស្រាវជ្រាវនៅលើភពនេះ ពួកគេអាចសុំសិទ្ធិ​ពីអង្គការអន្តរជាតិដែលពាក់ព័ន្ធបាន ដូចជាកាលពីប៉ុន្មានខែមុននេះ ប្រទេសតួកគី​បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការទៅសិក្សាស្រាវជ្រាវ នៅទ្វីបទឹកកកនេះជាដើម។

បន្ថែមពីនេះ​ប្រសិន​បើ​ប្រទេស ឬក្រុមហ៊ុន​ណាមួយ ចង់ធ្វើដំណើរ​ទៅ​បំពេញទស្សនកិច្ច​នៅទ្វីបនោះ ក្នុងន័យស្រាវជ្រាវ ឬកម្សាន្ត (ត្រូវមាននាវាបំបែកទឹកកក) ពួកគេក៏​មិន​ចាំបាច់ត្រូវ​សុំសិទ្ធិ ឬទិដ្ឋាកាពីប្រទេសណាមួយនោះដែរ ប៉ុន្តែក្នុងករណី​ពួកឈប់សំចត​នៅប្រទេស​ណា​មួយ នៅតាមផ្លូវ​ទៅកាន់​ទីនោះ ពិតប្រាកដណាស់​ពួកគេប្រាកដជា​ត្រូវការការបំពេញបែបបទនានា ទៅតាមច្បាប់របស់ប្រទេសទាំងនោះ។

គួរបញ្ជាក់ថា ទ្វីបអង់តាក់ទិក គឺស្ថិតនៅចំ​ប៉ូលខាងត្បូង នៃភពផែនដីនេះ​តែម្តង ដោយផ្ទៃដី ឬថ្ម ៩៨ភាគរយរបស់វា កំពុងគ្របដណ្តប់ដោយ​ទឹកកក ដែលមានកម្រាស់​​យ៉ាងក្រាសរហូតដល់ ១.៦គីឡូម៉ែត្រ ឬក៏ ២គីឡូម៉ែត្រក៏មាន។ វាជាកន្លែង​ប្រមូលផ្តុំទឹកកក ៩០ភាគរយ នៃទឹកកក​ទាំងអស់លើ​ផែនដី និងទឹកសាប​រហូតដល់ទៅ ៧០ភាគរយឯណោះ ដែលពិតជាចំនួនដ៏ច្រើន​ខ្លាំងណាស់។

អ្វីដែលគួរឲ្យព្រឺក្បាល​បន្ថែមទៀតនោះ ប្រសិនបើទ្វីបនេះ​រលាយទឹកកក​ទាំងអស់ នោះនីវូទឹក​សមុទ្រលើ​ផែនដី នឹងកើនឡើងរហូត​ដល់ទៅ ៦០ម៉ែត្របន្ថែមទៀត។ បើគិតពីផ្ទៃរបស់ទ្វីបនេះវិញ គឺរហូត​ដល់ទៅ ១៤លានគីឡូម៉ែត្រក្រឡា (ផ្សំឡើងពីថ្មបុរាណ ឬថ្មកែវភាគច្រើន) ដែលជិត​ស្មើនឹងទំហំប្រទេស​​អូស្ត្រាលី និងប្រេស៊ីល​បូកបញ្ចូល​គ្នា។ សម្រាប់​ប្រជាជនដែល​រស់នៅលើ​ទ្វីបនេះ (អ្នក​ស្រាវជ្រាវ) មានប្រហែល​ជាជាង ១,០០០នាក់​ប៉ុណ្ណោះ៕

ចែករំលែក