គ្រប់គ្នាកំពុង​ចាប់អារម្មណ៍​អាមួយនេះ ដែលចម្លង​ម៉ូតតាម​សត្វត្រីបាឡែន​តែម្តង! (រូបភាព​ខាងក្នុង)

0

 

(ប៉ារីស)៖ ក្រុមហ៊ុនផលិត​យន្តហោះ Airbus ទាក់ទាញចំណាប់​អារម្មណ៍ជាខ្លាំងពី​អន្តរជាតិ តាមរយៈក្បូរក្បាច់រចនានៃ​យន្តហោះដឹក​ជញ្ជូន​​ Beluga ជំនាន់ថ្មី​របស់ខ្លួន ដែលមានលក្ខណៈ​និងការតុកតែង​លម្អយ៉ាងចម្លែក ស្រដៀងទៅនឹងសត្វត្រីបាឡែន។ នេះ​បើ​តាម​ការ​ដក​ស្រង់​ការ​ផ្សាយ​​ចេញ​​ពីវែបសាយ CNN នៅ​​រសៀល​ថ្ងៃពុធ ទី០៤ ខែកក្កដា ឆ្នាំ២០១៨។

ក្រុមហ៊ុន Airbus បានបង្ហាញចេញនូវ ​យន្តហោះខ្នាតយក្ស​ប្រភេទ BelugaXL ដែលមានរូបរាង​យ៉ាងចម្លែកនៅឯទីក្រុង ទូលូ (Toulouse) ប្រទេស​បារាំង​។ ការរចនា​ឲ្យដូចជាសត្វត្រី​បាឡែននេះ ត្រូវបានជ្រើសរើស​ដោយបុគ្គលិករបស់ Airbus ក្រោយការបោះឆ្នោត​មួយ មានការចូលរួម​ពី​សំណាក់​​បុគ្គលិកសរុបចំនួន ២០,០០០ ដែលត្រូវបាន​ស្នើឲ្យជ្រើសរើស​ជម្រើស នៃការតុបតែងមួយ ដែលពួកគេ​ចូលចិត្តបំផុត នៅក្នុងចំណោម​ជម្រើស​ទាំង​​អស់​ចំនួន ០៦។

យន្តហោះដឹក​ជញ្ជូនខាងលើ មានមូលដ្ឋានគ្រឹះផ្អែក​ទៅលើយន្តហោះ Airbus ប្រភេទ A330-200 ដែលត្រូវគេស្គាល់ឈ្មោះថា បេលូហ្គា (Beluga) ដោយសារ​តែវាស្រដៀង​នឹងទៅនឹងពូជសត្វត្រីឡែន​ពណ៌ស​មួយប្រភេទ ដែលរស់នៅក្នុង​សមុទ្រនៃតំបន់​អាក់ទិក។ យន្តហោះដឹក​ជញ្ជូននេះ មានតួនាទី​​​នាំយកផ្នែកនានា​របស់យន្តហោះ Airbus គ្រប់ប្រភេទ ពីកន្លែងផលិត​នៅទូទាំងតំបន់អឺរ៉ុប ទៅកាន់ទីតាំងដំឡើង​ចុងក្រោយ ដែលស្ថិត​នៅ​​​​​ទីក្រុង Toulouse នៃប្រទេស​បារាំង, ក្រុង ហាំប៊ឺក (Hamburg) របស់អាល្លឺម៉ង់, ឬក្រុង ធានជីន (Tianjin) ប្រទេសចិន។

គួរជម្រាបថា ក្រុម​យន្តហោះ Beluga ដើមដែលមាន​ចំនួន ០៥គ្រឿង បាន​បម្រើ​​ការងារដឹកជញ្ជូននេះ ចាប់តាំងតែពី​ឆ្នាំ១៩៩៤ មកម្ល៉េះ ប៉ុន្តែ​​ក្រុមហ៊ុន Airbus បានបង្កើត​កម្មវិធីដើម្បី​បង្កើត Beluga ជំនាន់ថ្មី គឺដោយសារតែ​ការកើនឡើង​ នៃសង្វាក់​ផលិតកម្ម។ BelugaXL នឹងត្រូវឆ្លង​កាត់ការធ្វើ​តេស្តលើផ្ទៃដីនា​ពេលឆាប់ៗខាងមុខ មុនពេលវា​ត្រូវធ្វើការហោះហើរ​ សាកល្បង​ជាលើកទីមួយ នៅអំឡុងចុងឆ្នាំនេះ។ BelugaXL ត្រូវគេរំពឹងថា នឹងចេញធ្វើ​ប្រតិបត្តិការជា​ផ្លូវការ​នៅឆ្នាំ២០១៩៕

 

ចែករំលែក