ដើម្បីលើក​ស្ទួយបរិស្ថាន​ធម្មជាតិ ចិន​លើកទិសដៅ​​ធ្វើឲ្យទីក្រុង​ចំនួន ៣០០​ ក្លាយជាទីក្រុង​ព្រៃឈើ!

0

 

(ប៉េកាំង)៖ ចិនមាន​គម្រោងស្ថាបនា​ទីក្រុង​ ដែលមានការលើកកម្ពស់​ព្រៃឈើ​ឲ្យបានចំនួន ៣០០ក្រុងបន្ថែម នៅឆ្នាំ២០២៥ ដើម្បីលើកស្ទួយ​លក្ខខណ្ឌ​​បរិស្ថាន​ នៅតាម​តំបន់ទីប្រជុំជន។ នេះបើតាម​ការដកស្រង់​ការផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។

គម្រោង​ខាងលើត្រូវគេ​រំពឹងថា នឹងអាចជួយកាត់​បន្ថយសីតុណ្ហភាព, បង្កើនគុណភាព​ខ្យល់ដកដង្ហើម, បង្កើតរនាំង​ទប់ស្កាត់ការរំខាន​ដោយ​សំឡេង, បង្កើតជម្រកជីវិត​សត្វព្រៃថ្មីៗ, និងលើកកម្ពស់​ជីវចំរុះនៅក្នុង​តំបន់។ បើតាមគម្រោង​អភិវឌ្ឍន៍ជាតិ ដែល​បញ្ចេញដោយ​​រដ្ឋបាលព្រៃ​ឈើចិន ទីក្រុងព្រៃឈើ​ចំនួន ២០០ក្រុង ព្រមទាំងចង្កោម​ក្រុងធំៗ​ចំនួន ០៦ នឹងត្រូវអភិវឌ្ឍន៍​នៅក្នុងអំឡុង​ពេល ០២ឆ្នាំខាង​មុខ។

គួរជម្រាបថា នៅក្រោមផែនការ​ខាងលើ តំបន់ដូចជាចង្កោម​ក្រុងប៉េកាំង-ធានជីន-ហ៊ីបី ព្រមទាំងក្រុងនៅតាម​បណ្តោយទន្លេ Yangtze និងតំបន់ព្រំដែនជាប់​បណ្តាប្រទេស ដែលស្ថិតក្នុងកិច្ចផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវ នឹងជាអាទិភាព​ចម្បងជាងគេ។ មកទល់​ពេលនេះ​ ទីក្រុងប្រមាណ ១៣៨ក្រុង ទទួលបានងារ​ជាទីក្រុងលើកកម្ពស់​ព្រៃឈើ ដោយទីក្រុង​ទាំងនោះ នីមួយ​ៗ​មាន​ផ្ទៃ​ដី​ដាំ​ដុះ​​ព្រៃ​ឈើ​កើន​ឡើង​ពី​មួយ​​ឆ្នាំ​ទៅមួយឆ្នាំ​ជាមធ្យម ១៣,៣៣៣ហិកតា ក្នុងអំឡុង​ពេល ០៥ឆ្នាំ កន្លងទៅ​នេះ៕

ចែករំលែក