តាម​ពិត​ប្រធាន​ក្រុមហ៊ុន SpaceX គ្រោងប្រើ​របស់ពិសេស​មួយនេះ ដើម្បីយក​មនុស្សទាំង ១៣នាក់ ចេញ​ពីរូងភ្នំ​ថាំ​លួង​…

0

 

(អាមេរិក)៖ ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន​អវកាស SpaceX លោក អេឡុន ម៉ាសក៍ (Elon Musk) បានធ្វើដំណើរ​ទៅកាន់ប្រទេសថៃ​នាសប្តាហ៍នេះ ដើម្បីជួយដល់​ប្រតិបត្តិការជួយ​សង្គ្រោះ​មនុស្ស​ទាំង ១៣នាក់ ដែលនៅជាប់​ក្នុងរូងភ្នំ​ថាំលួង ហើយលោកបាននាំយក​ទៅ​ជាមួយនូវវត្ថុ​បង្កើតថ្មី​ចុងក្រោយ​បំផុតរបស់លោក ដើម្បីបម្រើផល​ប្រយោជន៍ដល់បេសកកម្ម​នោះថែមទៀតផង ទោះបីនៅទីបំផុត​វាពុំត្រូវបានប្រើប្រាស់​​​ក៏​ដោយ​។ នេះ​បើ​តាម​​ការ​ដក​ស្រង់​​ការ​ផ្សាយ​ចេញពី​វែបសាយ Space.com នៅព្រឹក​ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។

លោក Musk និងក្រុមវិស្វករ​របស់លោកនៅ​ឯក្រុមហ៊ុន SpaceX និង The Boring Co. បានរចនា និងសាងសង់នាវា​មុជទឹកខ្នាតតូច​ល្អិត​មួយគ្រឿង ដើម្បីជួយដល់​ការសង្រ្គោះក្មេង​ប្រុសចំនួន ១២នាក់ ព្រមទាំង​គ្រូបង្វឹក​ម្នាក់របស់​ពួកគេ ដែលបានជាប់​ខ្លួនក្នុងរូងភ្នំ នៅខេត្ត​​ឈៀងរ៉ាយ ភាគខាងជើង​ប្រទេសថៃ តាំងតែពី​ថ្ងៃទី២៣ ខែមិថុនាមក ដោយសារតែ​ទឹកបានជន់លិច​មាត់ច្រកចូល​របស់រូងភ្នំ។

ក្រោយ​​ការខិតខំប្រឹងប្រែង​ដោយផ្សង​គ្រោះថ្នាក់ និងចំណាយ​ពេលអស់យ៉ាងយូរ ទីបំផុតមនុស្សទាំង ១៣នាក់ ក៏ត្រូវបានរំដោះ​ចេញពីទីនោះ​វិញ​ដោយជោគជ័យ កាល​ពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ ដែលត្រូវជាថ្ងៃទី ៣ នៃប្រតិបត្តិការ​មុជទឹករំដោះ​មនុស្ស ដោយត្រូវឆ្លងកាត់រូបភ្នំទឹកជន់លិចពេញ មានចម្ងាយ​រាប់គីឡូម៉ែត្រ។

យ៉ាងណាមិញ ក្រុមសង្រ្គោះ​ពុំបានប្រើប្រាស់វត្ថុបង្កើតថ្មី​របស់លោក Musk ឡើយ ដោយប្រធានដឹកនាំ​ប្រតិបត្តិការបាន​បញ្ជាក់ថា ​​​​ឧបករណ៍នោះ​ពុំអាចប្រើប្រាស់​ក្នុងស្ថានភាព​ជាក់ស្តែង នៅក្នុងបេសកកម្ម​ខាងលើបាន​នោះទេ។ ទោះជា​បែបនេះក្តី លោក Musk នៅ​អាចមើល​ឃើញពីអនាគតនៃវត្ថុ​បង្កើតថ្មីមួយនេះ។

លោក Musk បានដាក់​ឈ្មោះឲ្យនាវាមុជទឹកល្អិត​របស់លោកថា «ជ្រូកព្រៃ» គឺដូចទៅនឹង​ឈ្មោះក្រុមបាល់ទាត់របស់ក្មេងៗ​ខាង​លើ។ បើ​តាមលោក Musk នាវាបែបឧបករណ៍​នេះ ប្រើប្រាស់ផ្នែក​របស់គ្រាប់រ៉ុក្កែត Falcon 9 ដែលគេ​ហៅថា បំពង់ផ្ទេរ​អុកស៊ីសែនរាវ ដើម្បីធ្វើជាតួ​ខ្លួន​​របស់​វា។ នាវានេះ​អាចឲ្យក្មេងចូល​ទៅសំងំបាន ខណៈពេលដែល​ក្រុមអ្នកមុជទឹក នាំយក​ឧបករណ៍នេះ ឆ្លងកាត់ច្រកដ៏តូច​​​ចង្អៀត​នៃ​រូង​ភ្នំ ដែលមាន​ចម្ងាយ ០៤គីឡូម៉ែត្រ។

គួរជម្រាបថា បើតាមសារ​ដែលលោក Musk បានបង្ហោះនៅ​លើបណ្តាញ Twitter លោកបាន​សម្រេចចិត្តថា ទុកនាវាមុជទឹក​ខ្នាតតូច​នេះ​នៅឯប្រទេសថៃ​ក្នុងករណីដែល​វាអាចជាប្រយោជន៍​​សម្រាប់ពេលអនាគត ព្រោះថា​ម៉ាស៊ីននេះ អាចជួយដល់​ការសង្រ្គោះ​អ្នកជំងឺ​ ​ដែល​ងាយនឹងរងគ្រោះ​នៅក្នុងបរិស្ថាន​គ្រោះថ្នាក់ ជាពិសេស​នៅពេលមានវត្តមាន​នៃទឹក ឧស្ម័នពុល ឬក៏បាក់តេរី​ក៏ដូចជាវីរុស​ដ៏គ្រោះថ្នាក់​​ផ្សេងៗ៕

ចែករំលែក