បានលុយ ៣ម៉ឺនដុល្លារភ្លាមៗពី NASA ប្រសិនបើអ្នកអាចបង្កើតគំនិត ដោះស្រាយបញ្ហាបន្ទោបង់ របស់អវកាសយានិក

0

(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះបានចាប់ផ្តើមបង្កើតយុទ្ធនាការដែលមានឈ្មោះថា «Space Poop Challenge» ក្នុងគោលបំណងសំដៅដោះស្រាយបញ្ហាដ៏សំខាន់បំផុតមួយដែលអ្នកអវកាសតែងតែជួបប្រទះ ដោយមិនអាចជៀសផុតបាននៅក្នុងលំហអាកាសនោះគឺ៖ ការបន្ទោបង់ ឬការបញ្ចេញចោលកាកសំណល់ពីក្នុងខ្លួន។ នេះបើតាមសេចក្តីចេញប្រកាសរបស់ NASA កាលពីសប្តាហ៍មុន ដែលដកស្រង់ដោយគេហទំព័រ University Herald នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១៦។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ទីភ្នាក់ងារអវកាស NASA កំពុងព្យាយាមស្វែងរកដំណោះសម្រាប់ប្រព័ន្ធគ្រប់គ្រងការបត់ជើងទាំងតូចទាំងធំ រួមនិងការមករដូវក្នុងលក្ខខ័ណ្ឌអ្នកអវកាសជានារីភេទ ហើយប្រព័ន្ធនេះនឹងត្រូវបំពាក់នៅក្នុងសម្លៀកបំពាក់សម្រាប់អវកាសយានិក នៅពេលធ្វើដំណើរក្នុងយានអវកាសរហូតយ៉ាងតិចដល់ទៅ១៤៤ម៉ោង ឬស្មើនឹង ០៦ថ្ងៃដូច្នេះទឹកប្រាក់ចំនួន ៣០,០០០ដុល្លារ នឹងត្រូវផ្តល់ជូនអ្នកឆ្លាតវៃរូបណាដែលមានសមត្ថភាព ក្នុងការដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងរឿងស្លាប់រស់នៅក្នុងទីលំហអាកាសនេះ បានដោយមានប្រសិទ្ធភាពជាងគេបំផុត។

គួរបញ្ជាក់ដែរថា កាលពីមុនបញ្ហារឿងបត់ដៃបត់ជើងនេះមិនមែនជាបញ្ហាធំដុំអ្វីនោះឡើយនៅពេលដែលក្រុមអ្នកអវកាសតម្រូវឲ្យស្ថិតនៅក្នុងឈុតសម្លៀកបំពាក់អវកាសរបស់ពួកគេយ៉ាងយូរត្រឹមតែ១០ម៉ោងប៉ុណ្ណោះហើយបច្ចុប្បន្ននេះពួកអវកាសយានិក កំពុងប្រើប្រាស់មធ្យោបាយជាក្រណាត់ដូចទៅនឹងកន្ទបកូនក្មេងដើម្បីដោះស្រាយបញ្ហាធម្មជាតិរបស់ពួកគេមួយគ្រាៗ ប៉ុន្តែនៅក្នុងបេសកម្មនាពេលអនាគតប្រហែលជាតម្រូវ ឲ្យមានប្រព័ន្ធគ្រប់គ្រងកាកសំណល់ក្នុងខ្លួនដែលមានប្រសិទ្ធភាពបានយូរជាងមុនសម្រាប់ត្រៀមនៅក្នុងកាលៈទេសៈបន្ទាន់ណាមួយ ដែលទាមទារឲ្យអវកាសយានិកត្រូវស្ថិតនៅក្នុងឈុតអវកាសរបស់ពួកគេក្នុងរយៈពេលដ៏វែង៕

ចែករំលែក